ភ្នំពេញៈ ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ជា «សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន»។ នេះបើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី៨ ខែមេសា។


ព្រះរាជក្រឹត្យ​បញ្ជាក់​ថា លោកស្រី ម៉ែន សំអន គឺជា​អ្នកដឹកនាំ​ដ៏ឆ្នើម ជាទី​គោរព ស្រឡាញ់របស់​ប្រជារាស្ត្រ មាន​ស្វាមី​ភក្តិ​ចំពោះ​រាជ​បល្ល័ង្ក ការពារ និងគោរព​ព្រះពុទ្ធសាសនា​ ចូលរួមការពារ​និរន្តរភាព​រាជានិយម នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

ព្រះរាជក្រឹត្យ​បញ្ជាក់​ថា៖«លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ជាអ្នកដឹកនាំ​ដ៏ឆ្នើម ​ជាទីគោរព ស្រឡាញ់​របស់​ប្រជារាស្ត្រ បានចូលរួម​ជួយដឹកនាំ​ប្រជាជាតិ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ឆ្នាំ១៩៩៣ បានចូលរួម​កសាង​ប្រព័ន្ធ​ច្បាប់​សម្រាប់​ប្រើប្រាស់​ជាឧត្តម​ប្រយោជន៍​ដល់​សង្គម​ជាតិ ទទួលបាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គម​បានល្អ​ប្រសើរ និងមាន​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​រក្សាបាន​នូវ​ឯករាជ្យជាតិ និងបូរណភាព​ទឹកដី ក្រោមការ​ដឹកនាំ​ដ៏ប៉ិន​ប្រសប់ និង​ឈ្លាសវៃ​របស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា»៕