ភ្នំពេញៈ ​អង្គការ​យូ​នី​សេ​ហ្វ​ណែនាំដល់អាណាព្យាបាល​ដែលមាន​កុមារ​តូចៗ​ត្រូវ​រក្សា​សុវត្ថិភាព​កុមារ ពីព្រោះ​កុមារ​ងាយ​រងគ្រោះ​បំផុត​ដោយ​ការវាយប្រហារ​ពី​កម្តៅ ដែល​អាច​ឱ្យកុមារ​បាត់បង់​អាយុជីវិត​បាន ក្នុងអំឡុងពេល​ធាតុអាកាស​ក្តៅ​ខ្លាំង​។


យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែមេសា បាន​លើកឡើងថា កុមារ ងាយ​រងគ្រោះ​បំផុត​ដោយសារ​កម្តៅ ហើយ​ការវាយប្រហារ​ដោយ​កម្តៅ (Heatstroke) អាច​ឱ្យ​ពួកគេ​ស្លាប់​បាន ហេតុនេះ​អង្គការ​យូ​នី​សេ​ហ្វ​សូម​ធ្វើ​ការណែនាំ​ខ្លះៗ​សម្រាប់​ឪពុកម្តាយ ឬ​អាណាព្យាបាល ដើម្បី​រក្សា​សុវត្ថិភាព​កូនៗ​ ក្នុងអំឡុងពេល​ធាតុអាកាស​ក្តៅ​ខ្លាំង​បែបនេះ​។


អង្គការ​យូ​នី​សេ​ហ្វ បាន​ណែនាំ​ថា ៖ «​បើសិនជា​យក​ទារក​ទើបនឹង​កើត និង​ចេះ​ដើរ ចេញ​ក្រៅ គួរតែ​ធ្វើ​នៅពេល​ព្រឹក ឬ​ពេល​រសៀល​, កុមារ​គួរតែ​ស្លៀកពាក់​ខោអាវ​ស្ដើង រលុង និង​មាន​មួក​,​ត្រូវមាន​ទឹក​ឱ្យ​កុមារ​ញ៉ាំ​ឱ្យ​បាន​ញឹកញាប់ និង​កុំ​ទុក​កុមារ​តូច​នៅក្នុង​រថយន្ត​ក្រោម​កម្ដៅថ្ងៃ​តែម្នាក់ឯង​»​។​


ប្រភព​ដដែល​បញ្ជាក់ថា ប្រសិនជា​រកឃើញ​មាន​ករណី​កុមារ បាន​ទទួលរង​ការវាយប្រហារ​ដោយ​កម្តៅ ដែលមាន​អាកា​រក្ដៅខ្លួន​ខ្លាំង លើសពី​៤០ អង្សា ស្បែក​ស្ងួត ឬ​ក្រហម បេះដូង​លោត​ញាប់ ឈឺក្បាល រាក ក្អួត អស់កម្លាំង និង​បាត់បង់​ស្មារតី​ជាដើម អង្គការ​យូ​នី​សេ​ហ្វ​ថា ត្រូវតែ​បញ្ជូន​កុមារ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ និង​យក​កុមា​រដាក់​កន្លែង​ម្លប់ ឬ​បន្ទប់​ម៉ាស៊ីនត្រជាក់ ដែលមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។

​ បន្ថែម​ពីនេះ​ទៀត ក៏ត្រូវ​ឱ្យកុមារ​ញ៉ាំ​ទឹក ជូត​ខ្លួន និង​ងូត​​ទឹក​ត្រជាក់ ហើយ​ត្រូវ​ស្អុំ​ក្បាល​កុមារ​នឹង​ទឹកកក​ផងដែរ​។​

​លោក នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បានឱ្យដឹងថា សព្វថ្ងៃនេះ ធាតុអាកាស​ក្ដៅ​ខ្លាំង​បែបនេះ វា​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​កុមារ ងាយ​រងគ្រោះ​ជាង​មនុស្ស​ចាស់ ពីព្រោះ​​ស្បែក​កុមារមាន​ស្ថានភាព​ស្ដើង​ជាង និង​ងាយ​ប្រែប្រួល​ទៅនឹង​អាកាសធាតុ​។ ដូច្នេះ​វា​នឹងធ្វើ​ឱ្យកុមារ​ត្រូវ​បាត់បង់​ជាតិ​ទឹក និង​អាច​ប្រឈម​នូវ​ជំងឺរាក ក្អួត ខ្វះ​ជាតិ​ទឹក​ផងដែរ​។

​លោក​ថា ប្រសិនបើ​កម្ដៅ​កើន​ខ្លាំង វា​អាច​កើត​ជំងឺ​រលាក​ស្បែក​ថែមទៀត ដែល​បញ្ហា​ទាំងអស់នេះ​វា​អាច​កើត​ជាការ​ប្រឈម​ចំពោះមុខ​ផង និង​ការ​ប្រឈម​យូរអង្វែង​ផង​។​

លោក នុត សម្បត្តិ បាន​ថ្លែងថា​៖ «​ដូច្នេះ​ក្មេង មាន​គ្រោះថ្នាក់​ខ្លាំងណាស់ នៅពេល​មាន​ធាតុអាកាស​ក្ដៅ​ខ្លាំង និង​ប្រែប្រួល វា​អាច​ប៉ះពាល់​ទៅដល់​អាយុជីវិត ហើយ​ឪពុកម្ដាយ​ដែលមាន​ក្មេង​តូចៗ ក៏​មិនត្រូវ​ឱ្យក្មេង​ចេញទៅ​ខាងក្រៅ ឬ​បើ​ចេញទៅ​ក្រៅ ត្រូវ​ពាក់អាវ​ឱ្យជិត មិនត្រូវឱ្យ​ពួកគាត់​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​នោះទេ​»​។​

ជាមួយគ្នានេះ លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ឱ្យដឹងថា សម្រាប់​ក្រសួង​សង្គមកិច្ច ក៏​កំពុងតែ​គិតគូរ​ចំពោះ​បញ្ហា​កុមារ ដែល​ងាយ​រងគ្រោះ​ដោយសារ​ការកើនឡើង​ក​ម្តៅ​នេះដែរ ព្រោះ​អ្វីដែល​អង្គការ​យូ​នី​សេ​ហ្វ​បាន​ណែនាំ​នេះ វា​គឺជា​អ្វីដែល​ក្រសួង​កំពុងតែ​ខ្វល់ខ្វាយ​ផងដែរ​។

លោក​ថា ក្នុងឆ្នាំនេះ ធាតុអាកាស​មាន​ស្ថានភាព​ក្ដៅ ខុសពី​ឆ្នាំ​ធម្មតា ហេតុនេះ​អាណាព្យាបាល​របស់​ក្មេងៗ ជាពិសេស​ក្មេង​តូចៗ ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ក្នុងការ​មើលថែ​ក្មេងៗ​ទាំងនោះ​ឱ្យ​ល្អ ព្រមទាំង​យកចិត្ត​ដាក់ ដើម្បី​ចៀសវាង​ហានិភ័យ​សុខភាព​ណាមួយ​កើត​ឡើងលើ​ក្មេង​តូចៗ​ទាំងនោះ​។​

លោក តូច ចាន់នី ថា​៖ «​ឪពុកម្ដាយ ឬ​អាណាព្យាបាល​របស់​ក្មេង​តូចៗ គួរតែ​ប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ក្នុងការ​មើលថែទាំ​ក្មេង​ឱ្យបានល្អ ឱ្យបាន​យកចិត្តទុកដាក់ ពីព្រោះ​ក្ដៅ​ខ្លាំង អាច​ប៉ះពាល់​ទៅដល់​សុខភាព​របស់​ក្មេងៗ ដែល​នេះ​ជាការ​អំពាវនាវ​របស់​ក្រសួង​»​។​

សូម​រំ​ឭកថា កាលពីដើម​ខែមេសា​កន្ល​ង​មក ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ថែទាំ​សុខភាព និង​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន ហើយក៏​កុំ​ស្ថិតនៅក្រោម​កម្តៅថ្ងៃ​ដោយផ្ទាល់​យូរពេក​ដែរ​៕