
អាចារ្យ អាចារិនី ក្នុងពិធីជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រី នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ មេសា។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យអាចារ្យគ្រប់រូប ផ្ដល់ការអប់រំដល់ពលរដ្ឋអំពីបញ្ហាគ្រឿងញៀន និងល្បែងស៊ីសង និងចូលរួមថែរក្សាតម្លៃសាសនា និងការអប់រំឱ្យដើរទន្ទឹមគ្នា។
លោកនាយករដ្ឋមន្ត្រី បានធ្វើការជំរុញបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន ១ ៥០០ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ មេសា បន្ទាប់ពីលោកខកខានជួបដោយផ្ទាល់អស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីជំនួបនេះបានធ្វើឡើងលើកដំបូងកាលពីឆ្នាំ ២០១៦។
ក្នុងឱកាសនោះលោក ហ៊ុន សែន បានថ្លែងរៀបរាប់រឿងរ៉ាវ និងប្រវត្តិជាច្រើន រួមនឹងការរំឭកពីជំនួបដំបូងរវាងលោកនឹងអាចារ្យ អាចារិនីនៅទូទាំងប្រទេសផងដែរ។ លោកបន្តថា ការជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេស គឺដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹត្យក្រមអាចារ្យជាគោលដែលមានការឯកភាពរួម។
លោកថា ជំនួបសំណេះសំណាលនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យនិងអាចារិនីទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែរ ខណៈការជួបជុំនេះនឹងចូលរួមពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យ និងអាចារិនីឱ្យកាន់តែល្អ មានទំនុកចិត្ត និងទទួលយកបានក្នុងការបម្រើកិច្ចការអាចារ្យ។
លោកបញ្ជាក់ថា៖ «វាជារឿងពិតមួយ មិនអាចប្រកែកបាន នៅពេលវិស័យអាណាចក្រជួបប្រទះគ្រោះមហន្តរាយហើយនោះ វិស័យពុទ្ធចក្រ ក៏រងគ្រោះផងដែរ ដូចជាករណីការធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ នៃរបបធារណរដ្ឋកម្ពុជា លន់ នល់ និងពីឆ្នាំ ១៩៧៥ នៃរបបកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត ជាដើមដែលធ្វើឱ្យសាសនាទាំងអស់ត្រូវជួបនូវគ្រោះមហន្តរាយ»។
ដូច្នេះលោក ហ៊ុន សែន អំពាវនាវដល់អាចារ្យ អាចារិនីទាំងអស់ក្នុងពិធីមង្គលការ ត្រូវសម្របសម្រួលជាមួយម្ចាស់ដើមការ ចៀសវាងការខ្វែងគំនិតគ្នា ក្នុងពិធីមង្គលការ ខណៈលោកក៏ស្នើឱ្យអាចារ្យទាំងអស់ ផ្ដល់ការអប់រំដល់ពលរដ្ឋអំពីបញ្ហាគ្រឿងញៀន និងល្បែងស៊ីសង ព្រោះនៅពេលពលរដ្ឋប្រព្រឹត្តអំពើគ្រឿងញៀន នោះនឹងកើតឡើងនូវល្បែងស៊ីសង និងចោរលួចចោរប្លន់។
លោកបញ្ជាក់ថា៖ «ក្នុងបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមនេះ សុំលោកយាយ លោកតា ញាតិញោម បងប្អូនទាំងឡាយ គឺចូលរួមនៅក្នុងការជួយនៅតាមគេហៅថា ភូមិឃុំមានសុវត្ថិភាព។ យកអាហ្នឹងធ្វើជាស្នូល ព្រោះរឿងវានៅនឹងមូលដ្ឋានទាំងអស់ហ្នឹង។ ថ្ងៃនេះបានជួបអាចារ្យ បានជួបអាចារិនី ដែលនៅតាមទីអារាមនានាផ្ដល់ការអប់រំចំពោះពលរដ្ឋ ដែលគាត់ទៅសុំសីល ឬក្មេងៗ ឬក៏ទៅធ្វើបុណ្យ ធ្វើទាន យើងផ្ដល់ការអប់រំ។ ក្នុងហ្នឹងមានបញ្ហាទាក់ទងនឹងគ្រឿងញៀន បញ្ហាទាក់ទងនឹងបញ្ហាល្បែងស៊ីសង»។
ក្រៅពីបញ្ហាទាំងនេះលោក ហ៊ុន សែន ថែមទាំងបានចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហាធ្ងន់ធ្ងរ ហើយបើសិនជាកូនចៅ ឬសាច់ញាតិ និងអ្នកនៅក្នុងភូមិរបស់ពួកគេប្រព្រឹត្តអំពើគ្រឿងញៀនច្រើន វានឹងកើតឡើងនូវល្បែងស៊ីសងច្រើននិងចោរលួចចោរប្លន់នៅក្នុងមូលដ្ឋាន។ លោកស្នើអាចារ្យ យាយជី និងព្រះសង្ឃផ្តល់នូវការអប់រំនូវអំពើល្អដល់ពលរដ្ឋ ហើយកាលណាពលរដ្ឋមានសីលធម៌ និងមានគុណធម៌ល្អ អំពើទុច្ចរិតមិនកើតឡើងនោះទេ ហើយបើវាកើតឡើងក៏កើតតិចតួចដែរ។ លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «អ៊ីចឹង សុំមេត្តាជួយទៅដល់ក្នុងការថែរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម»។
ចំណែកពាក់ព័ន្ធនឹងកិច្ចការសិល្បៈបុរាណខ្មែរវិញ លោក ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភឱ្យមានភ្លេងពិណពាទ្យ នៅតាមទីវត្តអារាមនានា ដើម្បីជួយការពារ និងថែរក្សាទំនៀមទម្លាប់របស់ខ្មែរព្រោះទីអារាម គឺជាកន្លែងរក្សានូវសម្បត្តិវប្បធម៌ជាតិ។
លោកថ្លែងថា៖ «ខ្ញុំគិតថា សប្បុរសជននានា អាចនឹងចែករំលែកជួយទៅដល់វត្តនេះ ១ វង់ទៅ វត្តនោះ ១ វង់ទៅ។ វាក៏មិនជាថ្លៃប៉ុន្មានទេ ហើយដាក់ទៅ ក្មេងៗចេះវ៉ៃ។ យើងថា ជាង ៥ ០០០ វត្ត ឱ្យតែមាន ៤ ០០០ វត្ដ យើងមាន ៤ ០០០ វង់ ភ្លេងពិណពាទ្យ ហើយក្នុង ១ វង់ភ្លេងពិណពាទ្យយើងគិតថា មាន ៦ នាក់។ អ៊ីចឹងយើងគិតមើល អ្នកដែលជួយការពារ រក្សាទំនៀមទម្លាប់របស់យើងមានប៉ុន្មានទៅ? វាកើត តកូន តចៅទៅថ្ងៃក្រោយទៀត»។
លោកនាយករដ្ឋមន្ត្រីចាត់ទុកថា ទីអារាមគឺជាកន្លែងនៃការរក្សានូវសម្បត្តិវប្បធម៌ជាតិ ដោយលើកឧទាហរណ៍ថា ទូកង បន្ទាប់ពីប្រណាំងរួចហើយ គឺគេមិនដែលយកទៅដាក់នៅតាមផ្ទះនោះទេ គឺគេយកទៅដាក់នៅតាមទីវត្តអារាម ហើយនោះថា ដែលក្លាយទៅជាសម្បត្តិជាតិមួយដែរ។
លោកថ្លែងថា៖ «ស្គ គង សម្រាប់វ៉ៃពេលមានបុណ្យសពស្អីៗនេះ គេទុកនៅវត្តទេ អត់ដែលទុកនៅផ្ទះទេ។ ចំណុចអស់ទាំងនេះដែលយើងត្រូវឃើញតួនាទីរបស់ព្រះពុទ្ធសាសនា ដែលបានចូលរួមចំណែកយ៉ាងធំនៅក្នុងការកសាង ថែរក្សាវប្បធម៌ជាតិរបស់យើង»។
លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រថ្លែងថា ប្រវត្តិសាស្ត្រកម្ពុជាជាយូរលង់ណាស់មកហើយ វប្បធម៌ សាសនា និងសង្គម បានបញ្ជ្រាបចូលគ្នា ដើម្បីធ្វើឱ្យប្រទេសខ្មែរ និងប្រជាជាតិខ្មែរមានការរីកចម្រើន ហើយវប្បធម៌ និងអរិយធម៌ទាំងនោះបានពង្រឹងធ្វើឱ្យជំនឿរបស់ខ្មែរក្នុងប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្នកាន់តែរឹងមាំឡើង។
លោកបញ្ជាក់ថា ដូច្នេះ ការច្នៃរក្សា និងច្នៃប្រឌិតនូវឥទ្ធិពលដែលខ្មែរទទួលបានពីគ្រប់សាសនា ជាពិសេសគឺព្រះពុទ្ធសាលនា និងព្រហ្មញសាសនា ដែលមិនអាចខ្វះបានក្នុងការពង្រឹកដឹកនាំប្រទេស ដែលការលើកឡើងរបស់ថ្នាក់ដឹកនាំក្នុងពេលនេះ គឺជាការពង្រឹងបន្ថែមទៀត សម្រាប់ការអភិវឌ្ឍប្រទេស។
លោកបញ្ជាក់៖ «យើងបានបង្រួបបង្រួមមនុស្សនៅក្នុងសង្គមឱ្យធ្វើកិច្ចការដោយបេះដូងឱ្យធ្វើកិច្ចការ ដើម្បីប្រទេសជាតិ កសាងប្រាសាទដ៏រឹងមាំ។ ទាំងអស់នោះបានជឿទៅលើអ្នកដឹកនាំបានជឿទៅលើសាសនា បានជឿទៅលើសង្គម បង្កើតជាវប្បធម៌អភិវឌ្ឍន៍រីកចម្រើន។ ដូច្នេះនាយករដ្ឋមន្ត្រី លោកមានប្រសាសន៍នេះគឺជាការពង្រឹងបន្ថែមទៀត ដោយរំឭកពីអតីតកាលពីការអភិវឌ្ឍជាហេតុ។ សាសនាណា ក៏មានតម្លៃសម្រាប់សង្គម សាសនាណា ក៏មានតម្លៃសម្រាប់អប់រំមនុស្ស ទាំងនេះគឺបង្កើតឱ្យមានតម្លៃក្នុងការគណនា»។
លោកលើកឡើងទៀតថា ក្នុងពេលនេះ កម្ពុជា មានវត្តអារាមជាង ៥ ០០០ កន្លែង ដែលច្រើនជាងសាលារៀននៅទូទាំងប្រទេសទៅទៀត ប៉ុន្តែតាមវត្តអារាមខ្លះហាក់មិន ទាន់បានចូលរួមឱ្យបានពេញលេញក្នុងការអភិវឌ្ឍ ថែរក្សាសិល្បៈ វប្បធម៌ខ្មែរដែលមាននោះទេ។
លោករៀបរាប់ថា៖ «សម្ភារដែលលោក (ហ៊ុន សែន) បានលើកនោះ (ឧបករណ៍ភ្លេងខ្មែរ) គឺមាននៅក្នុងរចនាប័ទ្មខ្មែរតាមបញ្ជរនៃប្រាសាទ។ អ៊ីចឹងប្រសិនជាយើងមិននាំគ្នារក្សាទុកទេ យើងមិននាំគ្នាធ្វើទេ យើងបាត់បង់។ ខ្ញុំឃើញវត្តមួយចំនួន លោកបានធ្វើហើយប៉ុន្តែក្នុងអារាមមួយចំនួន លោកអត់មានបានធ្វើ។ ចំណុចទាំងអស់នេះបញ្ជាក់ថា យើងមានឆកល្វែងក្នុងកិច្ចការអភិរក្សទាំងអស់ហ្នឹង»៕