ភ្នំពេញៈកាក​បាទ​ក្រហម​កម្ពុជា​ បាន ​និង​កំពុង​បន្ត​ផ្តល់​ស្បៀងអា​ហារ​ថវិកា និ​ង​រៀបចំ​អាហារ​ ព្រម​ទាំង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កុមារ​កំព្រា​ និង​ចាស់​ឥត​ទីពឹង​ ដែល​ពួកគេ​ចាំ​បាច់​ត្រូវ​ទទួល​បាន​ការ​ថែទាំ​បី​បាច់​រក្សា​ផ្ដល់​ភាព​កក់​ក្ដៅ​។​


​ជាក់​ស្តែងយោង​តាម​កាក​បាទ​ក្រហម​កម្ពុជា​នៅ​ថ្ងៃទី​៩ខែ​មេសា​លោក​ស្រី ម៉ែន នារី​សោ​ភ័គ អគ្គ​លេខា​ធិការ​រង​ទី​១ កាក​បាទ​ក្រហម​កម្ពុជា ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​ក្រុម​ការងារ​ឥស្សរ​ជន​ឆ្នើម​ថ្នាក់ជាតិ​បាន​ចុះ​ផ្តល់​ស្បៀង​អាហារ​ថវិកានិង​រៀបចំ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​លើក​ទី​៩ ដល់​កុមា​រកំព្រា​ និង​ចាស់​ឥត​ទីពឹង​នៅ​អង្គការ​សង្គ្រោះ​ជន​អស់​សង្ឃឹម​។​

​លោក​ស្រី ម៉ា​រី អិន ទីប្រឹក្សា​អង្គ​ការ​សង្គ្រោះ​ជន​អស់​សង្ឃឹម​បាន​លើក​ឡើង​ថា ទារក​ និង​កុមារ​ចាំ​បាច់​ណាស់ ​ត្រូវ​ទទួល​បាន​ការ​ថែ​ទាំបី​បាច់​រក្សាផ្ដល់​ភាព​កក់​ក្ដៅតែ​ជាអកុ​សល​ទារក​និង​កុមារ​ ១​ ភាគ​តូច បែរជា​កើត​មក​ភ្លាម​​ត្រូវ​ម្ដាយ​-ឪពុក​ យក​ទៅ​បោះ​បង់ចោល​ មិន​ទទួល​បាន​សូម្បីតែ​ការ​អាណិត​ស្រឡាញ់ និង​សុខ​ទុក្ខ​រស់​ឬក៏​ស្លាប់ផង​។


​លោកស្រី​បាន​បន្តថា៖«​ជាក់ស្ដែង​ទារកនិង​កុមារ​ជាច្រើន​នាក់ ​ដែល​រស់នៅ​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹមសុទ្ធសឹងតែ​ជា​ក្មេង​ត្រូវ​ឪពុកម្ដាយ​បោះបង់ចោលខ្លះ​ត្រូវ​ម្ដាយ​យកទៅ​ចោល​នៅ​ធុងសំរាមខ្លះ​ត្រូវ​គ្រួសារ​បោះបង់ចោល​ព្រោះ​គ្មាន​លទ្ធភាព​ចិញ្ចឹមហើយ​ខ្លះទៀត​ឪពុកម្ដាយ​ស្លាប់ចោលទាំង​ខ្លួន​មិនទាន់​បាត់​ក្លិន​ទឹកដោះ​ផង​»​។​

​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី ម៉ា​រី អិន បាន​ឱ្យដឹ​ង​ទៀតថា៖ «​ក្មេង​ដែល​មក​ស្នាក់​នៅ​ទីនេះ ​ខ្លះ​ជា​កុមារ​តូចខ្លះ​ជា​ទារក​ទើប​នឹង​កើត ​ដែល​ត្រូវបាន​បោះ​បង់​ចោល ​ខ្លះទៀ​ត​ម្ដាយ​ជួប​បញ្ហា​ច្រើន​ទៅ​ជា​សរសៃប្រ​សាទ​កូន​ នៅ​តូច​គ្មាន​ទីពឹង​,គ្រួសារ​គ្មាន​លទ្ធ​ភាព ខ្លះ​ម្ដាយ​ឪពុក​ស្លាប់​ចោល​និង​ម្ដាយ​ញៀន​គ្រឿង​ញៀន​ សម្រាល​កូន​មក​ទុក​ចោលយើង​រើស​មក​ចិញ្ចឹម​ជាដើម​»​។


​នៅ​ក្នុង​អង្គ​ការ​សង្គ្រោះ​ជន​អស់​សង្ឃឹម​នេះ ​មាន​កន្លែង​ស្នាក់នៅ​អាហារ​និង​ផ្ដល់​ការសិក្សា​ដោយ​ទទួល​បាន​ការ​ឧប​ត្ថម្ភពី​សប្បុរស​ជន​ក្រៅ និង​ក្នុង​ប្រទេស ​ពិសេស​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន​ សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​តែង​តែ​ជួយ​ឧបត្ថម្ភ​ជា​បន្ដប​ន្ទាប់​ជា​ស្បៀង​ សម្ភារ​សិក្សា ថវិកា និង​រៀបចំ​អា​ហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ១ ពេល​ជា​រៀង​រាល់​ឆ្នាំ​។

​លោក​ស្រី ម៉ែន នារី​សោ​ភ័គ បាន​ចុះមក​សួរ​សុខ​ទុក្ខ​កុមារ​ និង​អ្នក​គ្មាន​ទីពឹង​ក្នុង​អង្គការ​នេះ ​ដោយ​បាន​នាំ​ស្បៀង​អាហារ​ និង​ថវិកា​ពិសេស ​បាន​រៀបចំ​អាហារ​សាមគ្គី​ ១ ពេល​ជូន​ដល់​បុគ្គ​លិក និង​កុមារ​កំព្រាតូច​ធំ​ប្រមាណ​៣៥០ ​នាក់​ ផង​ដែរ​​។​

​ក្នុង​ឱកាស​នោះ​លោក​ស្រី​បាន​ថ្លែង​ថា៖«​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែនផ្តាំផ្ញើ​ដល់​ក្មួយៗ​ចៅៗ​ត្រូវ​ចេះ​សាមគ្គី​ភាព​គ្នា​ស្រឡាញ់​គ្នា​ដូច​បង​ប្អូនក្នុង​គ្រួសារ​តែ​មួយ​ក្រោម​ដំបូល​របស់​អង្គការ​និង​ត្រូវ​ខិតខំ​រៀន​សូត្រពិសេស​ត្រូវ​រស់នៅ​ជាព​ល​រដ្ឋ​ល្អសិស្ស​ល្អ​កូន​ល្អចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​»​។​

​លោក​ស្រី ម៉ែ​ន នារី​សោ​ភ័គ បាន​បន្ត​ថា៖ «​ដោយ​សារ​កុមារ​មួយចំ​នួន​ធ្លាប់​ឃើញ​ឪពុក​ម្ដាយ​និង​ក្រុម​គ្រួសា​រជួប​ផល​អាក្រក់​ដោយ​សារ​គ្រឿង​ញៀន​នេះ​ដូច្នេះ​សូម​ចៀស​ឱ្យផុត​និង​កុំ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារនិង​ត្រូវ​អភិ​វឌ្ឍ​ខ្លួន​ឱ្យ​ទៅជា​​ធនធាន​ដ៏​ល្អ​សម្រាប់​ប្រទេស​ជាតិ​យើង​»​។​

​លោក​ស្រី​ក៏បាន​បញ្ជាក់​ដែរ​ថា ​កាក​បាទ​ក្រហម​កម្ពុជា បាន​ជួយ​ឧបត្ថម្ភ​ដល់​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម ​តាំងពី​ឆ្នាំ​២០១៣​មក​ និង​បាន​ផ្តល់​អំណោយ​រួមជា​មួយ​ការ​រៀបចំ ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជូន​ដល់​កុមារ ​និង​បុគ្គលិក​នៅ​ទី​នេះ​ជា​លើក​ទី​៩ ផង​ដែរ​៕

A