ភ្នំពេញៈ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ រាជានុញ្ញាតដល់ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ អាចពន្យារពេលចូលនិវត្តន៍ និងបន្តការងារបានរយៈពេល៥ឆ្នាំបន្តទៀត បន្ទាប់ពីដល់អាយុចូលនិវត្តន៍ ៦០ ឆ្នាំ។
ព្រះរាជក្រឹត្យនេះ បានធ្វើឡើង តាមសំណើរបស់ក្រសួងយុត្តិធម៌ ក្រោយមានការសម្រេចពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីដោះស្រាយសម្រាប់រយៈពេលអន្តរកាលនូវបញ្ហាប្រឈមចំពោះមុខអំពីកង្វះខាតចំនួនចៅក្រម និងព្រះរាជអាជ្ញានៅថ្នាក់តុលាការជាន់ខ្ពស់មួយនេះ។
ព្រះរាជក្រឹត្យដែលបានចុះព្រះហស្តលេខាដោយអង្គព្រះមហាក្សត្រនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ បានប្រកាសថា ការសម្រេចនេះ សំដៅធានានិរន្តរភាពល្អ នៃកិច្ចដំណើរការរបស់ស្ថាប័នតុលាការ និងអង្គការអយ្យការនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះចៅក្រម និងព្រះរាជអាជ្ញាដែលកំពុងបម្រើការងារនៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលមានអាយុចាប់ពី ៦០ ឆ្នាំ ដល់ ៦៥ ឆ្នាំ។
ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៦០ ឆ្នាំ។ ប៉ុន្តែនៅពេលដល់អាយុត្រូវចូលនិវត្តន៍ ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ អាចដាក់ពាក្យស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារទៀតបាន»។
ព្រះរាជក្រឹត្យដដែលបន្តថា៖« ការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារនេះ អាចត្រូវបានអនុញ្ញាតសម្រាប់រយៈពេល ១ ឆ្នាំម្តង ប៉ុន្តែមិនត្រូវឱ្យលើសអាយុ ៦៥ ឆ្នាំឡើយ។ ការអនុញ្ញាតឱ្យពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារនេះ ត្រូវធ្វើឡើងដោយផ្អែកលើសមត្ថភាពការងារ គុណសម្បត្តិ និងស្នាដៃការងារដែលបម្រើឱ្យវិស័យយុត្តិធម៌ ព្រមទាំងសុខភាព និងសម្បទាវិជ្ជាជីវៈរបស់សាមីខ្លួនម្នាក់ៗ»។
ព្រះរាជក្រឹត្យដែលមាន ៥ មាត្រា និង ៣ ជំពូកនេះ ក៏បានណែនាំពីរបៀបដាក់ពាក្យស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម និងព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ផងដែរ ដោយត្រូវដាក់នៅអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឱ្យបានយ៉ាងតិច ៦០ ថ្ងៃ មុនពេលដល់អាយុចូលនិវត្តន៍ ឬមុនពេលផុតសុពលភាព ដែលបានអនុញ្ញាតឱ្យពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់សាមីខ្លួន។
អគ្គលេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវពិនិត្យជាបឋមអំពីនីត្យានុកូលភាព និងលក្ខខណ្ឌនៃការស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម និងព្រះរាជអាជ្ញាដែលមានការពាក់ព័ន្ធស្របតាមបទប្បញ្ញត្តិ ហើយនៅពេលមានការអនុញ្ញាត ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ នេះបើយោងតាមព្រះរាជក្រឹត្យដដែល។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ មេសាថា បច្ចុប្បន្ន ចៅក្រម និងព្រះរាជអាជ្ញាតុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស មានសរុបប្រមាណ ៦០០ នាក់។ លោកបន្តថា ធនធានទាំងនេះ គឺនៅមានការខ្វះខាតច្រើនជាពិសេសនៅក្នុងថ្នាក់តុលាការជាន់ខ្ពស់ ដែលជាហេតុនាំឱ្យមានលក្ខខណ្ឌពិសេសសម្រាប់ឆ្លើយតបជាមួយនឹងការខ្វះខាតធនធានក្នុងសាលាឧទ្ធរណ៍ និងសាលាកំពូល។ លោកម៉ាលីន លើកឡើងថា ចំពោះលក្ខខណ្ឌពិសេសនេះ ក៏ត្រូវផ្អែកទៅលើស្ថានភាពចាំបាច់ និងលក្ខខណ្ឌរបស់បុគ្គលនីមួយៗផងដែរ ដែលការពន្យារពេលចូលនិវត្តន៍ និងបន្តការងារនេះ គឺអាចធ្វើបានដោយស្ម័គ្រចិត្តក្នុងរយៈពេល ១ ឆ្នាំម្តង។
លោកបញ្ជាក់ថា៖ «ក្នុងស្ថានភាពចាំបាច់នេះ គឺចៅក្រម និងព្រះរាជអាជ្ញានៅតុលាការជាន់ខ្ពស់នេះគឺថា អាចពន្យារពេលបានក្នុងករណីយើងខ្វះធនធានមនុស្ស។ យើងត្រូវការផលិតជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែទោះយ៉ាងណា ក៏មិនទាន់គ្រប់គ្រាន់ឆ្លើយតបតាមកំណើនជាកំហុគនៃសំណុំរឿងដែលបានកើតឡើងជារៀងរាល់ឆ្នាំ»។
ជាមួយគ្នានេះ លោក ជិន ម៉ាលីន ក៏បានឱ្យដឹងដែរថា បើទោះជាមានព្រះរាជានុញ្ញាតបែបនេះ ក៏ការសម្រេចទៅលើការស្នើសុំនីមួយៗ ក៏ត្រូវអាស្រ័យទៅលើសមត្ថភាព និងសុខភាពរបស់បុគ្គលទាំងនោះផងដែរ ព្រោះការដែលមានសុខភាព និងសមត្ថភាពក្នុងការបំពេញការងារ នោះគឺជាអ្វីដែលក្រសួងចង់បាន មិនមែនអនុញ្ញាតឱ្យពន្យារពេលចូលនិវត្តន៍ ប៉ុន្តែមិនអាចធ្វើការងារបាននោះទេ។
លោករៀបរាប់ថា៖ «ពួកគាត់ គឺសុទ្ធតែមានចំណេះដឹង និងបទពិសោធន៍ ដែលជាធនធានមួយដែលកំពុងបំពេញការងារប្រកបដោយប្រសិទ្ធភាព ហើយបើសិនជាស្ថានភាពសុខភាពគាត់ អំណោយផលមិនមានបញ្ហាធ្ងន់ធ្ងរ គឺគាត់អាចធ្វើការបានជាធម្មតា គឺផ្អែកលើស្ថានភាពចាំបាច់ និងផ្អែកទៅលើយើងមានកង្វះចៅក្រម និងព្រះរាជអាជ្ញានៅឡើយ យើងនឹងពិនិត្យលើលទ្ធភាពក្នុងការពន្យារចូលនិវត្តន៍សម្រាប់គាត់»៕