ភ្នំពេញៈ ចាប់តាំងពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ក្រសួងបរិស្ថានបានបញ្ជូនសំណាកកេសរកូលព្រៃចំនួន ៥០ សំណាកស្មើនឹង ៥០ ប្រភេទកេសរកូលព្រៃទៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៉ារីសប្រទេសបារាំង ដើម្បីកំណត់អត្តសញ្ញាណដោយអ្នកជំនាញនិងចុះបញ្ជីជាលក្ខណៈអន្តរជាតិ។នេះបើតាមអ្នកជំនាញនៃនាយកដ្ឋានជីវចម្រុះរបស់ក្រសួងបរិស្ថាន។
លោក ចន្ធី សុមេត្តា ប្រធានការិយាល័យជីវៈសុវត្ថិភាព នៃនាយកដ្ឋានជីវចម្រុះរបស់ក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែមេសាថា ចាប់ពី ឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន ក្រសួងបរិស្ថានបានបញ្ជូនសំណាកកេសរកូលព្រៃចំនួន ៥០ សំណាក ស្មើនឹង ៥០ ប្រភេទកេសរកូលព្រៃទៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៉ារីសប្រទេសបារាំង ប៉ុន្តែជាលទ្ធផលនៅមិនទាន់មានទិន្នន័យច្បាស់លាស់ពីសារមន្ទីរនេះនៅឡើយ។ លោកបានបញ្ជាក់ថា៖ «សំណាកទាំងអស់នឹងត្រូវកំណត់អត្ដសញ្ញាណដោយអ្នកជំនាញ និងចុះបញ្ជីជាលក្ខណៈអន្តរជាតិ»។
លោក ចន្ធី សុមេត្តា បានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ ២០១៩ មកក្រសួងបរិស្ថាន តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែនបានប្រមូលសំណាកកេសរកូល ២១០ ប្រភេទស្មើប្រមាណ ៥ ០០០ សំណាក។មជ្ឈមណ្ឌលនេះ បានរៀបចំវេទិកាកេសរកូលជាតិលើកទី ១ នៅឆ្នាំ ២០២០ វេទិកាកេសរកូលជាតិលើកទី ២ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ដែលមានអ្នកចូលរួមជាង ២ ៥០០ នាក់ ហើយបន្ទាប់មកបានបង្កើតបណ្តាញអ្នកស្រឡាញ់កេសរកូល និងជីវចម្រុះកម្ពុជា ដែលមានអ្នកចូលរួមជិត ៦០០ នាក់។
ដោយឡែកវេទិកាកេសរកូលជាតិលើកទី៣ ធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ នៅផ្សារទំនើបអ៊ីអន ១ រាជធានីភ្នំពេញ ដែលក្នុងនោះមានព្រឹត្តិការណ៍ពិព័រណ៍កេសរកូលព្រៃ ការសម្ពោធសៀវភៅបន្លែផ្លែឈើកម្ពុជា ការសម្ដែងសិល្បៈ ការបង្ហាញម៉ូដ និងការប្រគំតន្ត្រីកម្សាន្តជារៀងរាល់ថ្ងៃ ដោយមានមន្ត្រីរាជការ សិស្ស និស្សិត អ្នកអភិរក្ស អ្នកថតរូប សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋ បានចូលរួមយ៉ាងច្រើនកុះករ និងបានស្វែងយល់ពីសារៈប្រយោជន៍នៃការស្រាវជ្រាវ និងអភិរក្សធនធានជីវចម្រុះសម្រាប់ទាំងអស់គ្នា។
លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងពិធី ពិព័រណ៍កេសរកូលកម្ពុជា នៅថ្ងៃទី ៧ ខែមេសាថា វេទិកាកេសរកូលជាតិរៀបចំឡើងដើម្បីលើកកម្ពស់ការចូលរួម និងការយល់ដឹងដល់សាធារណជនអំពីសារៈសំខាន់ និងតម្លៃរបស់កេសរកូលព្រៃ និងលើកទឹកចិត្ត ដល់បណ្តាញអ្នកស្រឡាញ់កេសរកូល ដើម្បីចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជាជាពិសេសគឺប្រភេទកេសរកូលព្រៃ។
លោកស្រីបន្តថា ក្នុងឆ្នាំ ២០២៣ នេះ ក្រសួងបរិស្ថានបានរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ ចាប់ពីថ្ងៃទី ៧ ដល់ទី ៩ ខែមេសា ឆ្នាំ ២០២៣ នៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
ប្រភពដដែលបញ្ជាក់ថា៖ «ពិព័រណ៍កេសរកូលកម្ពុជាបានបង្ហាញជូនអំពីប្រភេទរុក្ខជាតិ និងសមិទ្ធផលពាក់ព័ន្ធនានា រួមមាន៖ ការតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្លៃរបស់កេសរកូលព្រៃ កេសរកូលបង្កាត់ រុក្ខជាតិតាំងលម្អ រុក្ខជាតិក្នុងសួន ប្រទាល រុក្ខជាតិឈើប្រណីត និងហូបផ្លែ ផលិតផលកសិកម្មធម្មជាតិ ផលនិងអនុផលព្រៃឈើ រូបថតនិងគំនូរពាក់ព័ន្ធនឹងធម្មជាតិ ជីវចម្រុះ និងកេសរកូលជាដើម»។
ក្នុងពិព័រណ៍នោះដែរ ក្រសួងបរិស្ថានបានបង្ហាញពីអត្ថប្រយោជន៍របស់ផ្កាកេសរកូលចំពោះសុខភាពចំនួន ៥ ចំណុចរួមមាន ពង្រឹងគុណភាពខ្យល់ កាត់បន្ថយភាពតានតឹង កាត់បន្ថយជំងឺដែលកើតមានតាមរដូវ ជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ពង្រឹងការផ្ដោតអារម្មណ៍៕