ភ្នំពេញៈ ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​កុមារ និង​មនុស្ស​ចាស់ ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ការពារ​សុខ​ភាព ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​អាច​បណ្តាលឱ្យ​ឈឺ និង​អាច​ស្លាប់​បាន​ផងដែរ​។​


​ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ​១០ ខែមេសា​ថា ស្ថានភាព​នៃ​ការប្រែប្រួល​អាកាស​ធាតុ​បណ្តាលឱ្យមាន​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់ និង​នៅលើ​សកលលោក​ផងដែរ​។

​ក្រសួង​បន្តថា ការប្រែប្រួល​អាកាស​​ធាតុ​បែបនេះ នឹង​អាចធ្វើឱ្យ​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ទទួលរង​នូវ​កម្ដៅ​ខ្លាំងពេក ប្រសិនបើ​រាងកាយ​អ្នក​មិនអាច​ទប់ទល់​បាន និង​ប្រសិនបើ​អ្នក​មិនបាន​ធ្វើឱ្យ​ខ្លួនប្រាណ​អ្នក​ត្រជាក់​បាន​ត្រឹមត្រូវ​ទាន់ពេលវេលា​ទេនោះ​។​


​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លើកឡើង​ក្នុង​សេចក្ដី​ប្រ​កាស​នោះ​ដោយ​ណែនាំ​ពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​អ្នករស់នៅ​តាម​តំបន់ ក្តៅ​ខ្លាំង ត្រូវ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ដោយ​ត្រូវអនុវត្ត​ដោយ​ប្រុងប្រយ័ត្ន​​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​សុខភាព ដែល​អាច​កើតមាន​ដោយសារ​ការទទួល​រង​នូវ​កម្ដៅ​ក្ដៅ​ខ្លាំង​។​

​អាការ​នៃ​ការប៉ះពាល់​ទាំងនោះ​មានដូចជា បែកញើស​ខ្លាំងពេក​ខុសពី​ធម្មតា ការ​ហត់នឿយ​ដោយសារ​កម្ដៅ​ក្ដៅ​ខ្លាំង ឈឺ​រមួល​សាច់ដុំ អស់កម្លាំង​ខ្លាំង ក្អួត វិលមុខ ឈឺក្បាល ដួលសន្លប់ ជីព​ចរ​ដើរ​លឿន ហើយ​ខ្សោយ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។


​លោក​ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា​៖ «​ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ឱ្យបាន​ល្អ យើង​សូមឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​នូវ​វិធីសាស្ត្រ​សាមញ្ញៗ​មួយចំនួន​ដូចជា ត្រូវ​រក្សា​ជាតិ​ទឹក​នៅក្នុង​រា​ង្គ​កាយ​ឱ្យបាន​គ្រប់គ្រាន់​,​ចៀសវាង​ពិសា​ភេសជ្ជៈ​ដែល​បណ្ដាលឱ្យ​ជាតិ​ទឹក​នៅក្នុង​រាងកាយ​ថយចុះ​,​កុំ​ពិសា​ប្រៃ និង​ផ្អែម​ពេក​,​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ជួយ​ការពារ​កម្ដៅ និង​ការពារ​ការ​រលាក​ស្បែក ដោយ​ពន្លឺ​ព្រះ​​អាទិត្យ​ជាដើម​...»​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ប្រសិនបើ​អ្នក​ទៅខាង​ក្រៅ​ផ្ទះ ត្រូវ​រៀបចំ​កាលវិភាគ​សកម្ម​ភាព​ខាងក្រៅ​ផ្ទះ សម្រាប់​ព្រឹក​ព្រលឹម​បើ​អាចធ្វើ​បាន​ឬ​ពេល​ល្ងាច​នៅពេលដែល​សីតុណ្ហភាព​ក្ដៅ​មានការ​ថយចុះ​មក​ត្រជាក់​ចៀសវាង​សកម្ម​ភាព​ពេល​ថ្ងៃត្រង់ ឬ​នៅពេល​ព្រះ​អាទិត្យ​ក្តៅ​បំផុត​។

​រីឯ​សមាជិកគ្រួសារ ត្រូវ​ឧស្សាហ៍​តាមដាន និង​ត្រួត​ពិនិត្យមើល​ឱ្យបាន​ញឹកញាប់​លើ​អ្នក​ងាយ​រងគ្រោះ​ដោយ​សារ អាកាសធាតុ​ក្តៅ រួមមាន​៖ មនុស្ស​វ័យចាស់​អាយុ​ចាប់ពី​ ៦៥​ ឆ្នាំ អ្នក​កំពុងមាន​ជំងឺ កុមារ​អាយុ​តិចជាង​ ៥ ​ឆ្នាំ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ និង​អ្នកមាន​ជំងឺផ្លូវចិត្ត​ពីព្រោះ​ពួកគេ​អាច​ត្រូវការ​ជំនួយ​យ៉ាង​តិច​ណាស់​ ២ ​ដង​ក្នុង​ ១​ ថ្ងៃ​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ និង​កុំ​ទុក​ពួកគាត់​ចោល​ដោយ​មិនបាន​មើល​ពួកគាត់​។​

​ទាក់ទិន​នឹង​រឿងនេះ នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា លោក ទុំ វី​រ៉ា បានឱ្យដឹងថា លោក​មានការ​បារម្ភ​ចំពោះ​សុខភាព​មនុស្ស​ចាស់ ពិសេស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​ប្រែ​ប្រួល​អាកាសធាតុ​ធ្វើឱ្យ​កម្ដៅ​កើនឡើង​ខ្លាំង ខណៈ​បញ្ហា​ទាំងអស់នេះ​អង្គការ​មនុស្ស​ចាស់​បាន​និង​កំពុង​ផ្សព្វផ្សាយ​តាមរយៈ​សមាជិកសមាគម​មនុស្ស​ចាស់​ដែលជា​ក្រុម​គោលដៅ​។​

​លោក​បានលើកឡើង​ដែរ​ថា ជាទូទៅ​មនុស្ស​ចាស់​នៅក្នុង​សហគមន៍ តែងតែ​ខ្វះខាត​ក្នុងការ​ទទួលបាន​ព័ត៌មាន ហេតុដូច្នេះ​ពួកគាត់​មិនបាន​ដឹង​ពី​ការការពារ និង​ការថែរក្សា​សុខភាព​ពី​ខាង​ក្រសួងសុខាភិបាល ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​នេះឡើយ​។​

​លោក​ទុំ វី​រ៉ា បាន​បញ្ជាក់ថា​៖ «​យើង​ពិតជា​មានការ​បារម្ភ ដែល​យើង​មើលឃើញ​ភាគច្រើន​នៅតាម​សហគមន៍ គាត់​ខ្វះ​នូវ​ព័ត៌មាន អ៊ីចឹង​គាត់​អត់​មានការ​ប្រុងប្រយ័ត្ន​នោះទេ​»​។​

​ទន្ទឹមនឹង​នេះដែរ លោក​ក៏បាន​អំពាវ​នាវ​ទៅដល់​ក្រុមគ្រួសារ​ដែលមាន​មនុស្ស​ចាស់ ត្រូវមាន​ការយកចិត្ត​ទុកដាក់ និង​ថែរក្សា​ពួកគាត់ ពិសេស​ការ​ផ្ដល់នូវ​សម្ភារ​សម្រាប់​មនុស្ស​ចាស់​ដើម្បី​ទប់​ទល់នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ចេញផ្សាយ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន បាន​បង្ហាញថា យ៉ាងហោចណាស់​មាន​មនុស្ស ១៥ ០០០​ នាក់ បាន​ស្លាប់​ដោយសារ​អាកាសធាតុ​ក្តៅ​ពេក​នៅ​អឺរ៉ុប តែបើ​យោងតាម​ការចុះផ្សាយ​រប​ស់ឡង់​សេត​(The Lancet) បាន​បង្ហាញថា មាន​មនុស្ស​ប្រមាណ​ជាង ៣៥៦ ០០០​ នាក់ បាន​ស្លាប់​ដោយសារ​កម្ដៅថ្ងៃ​ក្តៅ​ខ្លាំងពេក​នៅក្នុង​បណ្តា​ប្រទេស​ចំនួន​ ៩ នៅក្នុង​ឆ្នាំ​ ២០១៩ ហើយ​ចំនួន​នេះ នឹង​កើនឡើង​នៅ​ទូទាំង​សកលលោក​៕