​កំពង់ឆ្នាំងៈ ​ក្រុមអាជីវករ​ចិញ្ចឹម​ត្រី​ក្នុង​បែ​តាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជួយ​រក​មធ្យោបាយ​សង្គ្រោះ​ត្រី​ដែល​នៅ​សេសសល់​តិចតួច​នៅក្នុង​បែរ​បស់​ពួកគេ ខណៈ​អា​កាស​ធាតុ​ក្ដៅ​ហប់ ហើយ​ត្រី​នៅតែ​បន្ត​ងាប់​ជា​បន្តបន្ទាប់​។


​លោក ង្វៀង យ៉ាំង​កេ មាន​លំ​នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ខ្សា​ម ក្រុង​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែមេសា​ថា ត្រី​ចិញ្ចឹម​ក្នុង​បែ​របស់លោក នៅតែ​ងាប់​ជា​បន្តបន្ទាប់ បើទោះជា​លោក​ព្យាយាម​ចល័ត​បែ​ត្រី​ទៅកាន់​ទី​ទឹក​ជ្រៅ និង​មានការ​បូម​ខ្យល់​ចូលទៅក្នុង​ទឹក ដើម្បី​បង្កើន​បរិមាណ​ខ្យល់​អុក​ស៊ី​ហ្ស៊ែន សម្រួល​ដល់​ការដកដង្ហើម​របស់​ត្រី​នៅក្នុង​ទឹក​ក៏ដោយ​។​

​កាលពី​សប្ដាហ៍​មុន លោក​យ៉ាំង​កេ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ត្រី​ចិញ្ចឹម​ក្នុង​បែ របស់​ក្រុមអាជីវករ​ចិញ្ចឹម​ត្រី​ជាង​ ១០០​ គ្រួសារ ក្នុងភូមិ​ចុង​កោះ សរុប​ជិត​ ៤០០ តោន​បាន​ងាប់​ជា​បន្តបន្ទាប់​ចាប់តាំងពី​មាន​ភ្លៀង​កក់ខែ​ធ្លាក់ ​១​ មេ​ធំ​កើតឡើង​កាលពីដើម​ខែមេសា​។ ក្នុងនោះ ត្រី​ចិញ្ចឹម​របស់លោក ដែល​ភាគច្រើន​ជា​ប្រភេទ​ត្រី​ខ្យា និង​ត្រី​ពោ បាន​ងាប់​អស់​ជិត​ ៦​ តោន​ផងដែរ​។


​ករណី​ត្រី​ចិញ្ចឹម​ក្នុង​បែ​ងាប់​ជា​បន្តបន្ទាប់​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​ផ្នែក​ជលផល​អះអាងថា បណ្ដាលមកពី​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ស្ថានភាព​ទឹកទន្លេ​នៅក្នុង​ភូមិសាស្ត្រ ដែល​ពួកគាត់​ចិញ្ចឹម​មាន​សភាព​រាក់ ធ្វើឱ្យ​ទឹកទន្លេ​ក្នុង​តំបន់​នោះ​ឡើងក​ម្ដៅ​និង​បាត់បង់​កម្រិត​ខ្យល់​អុក​អុក​ស៊ី​ហ្ស៊ែនខ្ពស់​។​

​លោក យ៉ាំង​កេ បាន​និយាយថា​៖ «​នៅពេលនេះ​ពួកយើង​សុំឱ្យ​មន្ត្រីជលផល ជួយផ្ដល់​បច្ចេក​ទេស​ថ្មីៗ​មួយចំនួន​បន្ថែមទៀត ដើម្បី​ជា​មធ្យោបាយ​ក្នុងការ​ជួយសង្គ្រោះ​ត្រី​របស់​ពួកយើង ដែល​នៅ​សេសសល់​តិចតួច​នេះ កុំឱ្យ​ពួកវា​ងាប់​តទៅទៀត​ព្រោះ​ម​ធ្យោ​បាយ​ដែល​ពួកយើង​បាន​អនុវត្ត​កន្លងមកនេះ ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​»​។​


​ជុំវិញ​ករណីនេះ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្មាន​វិធីសាស្ត្រ​អ្វី ដែល​ល្អប្រសើរ​ជាង​ការ​ចល័ត​បែ​ត្រី​ទាំងនោះ​ទៅកាន់​ទី​ទឹក​ជ្រៅ និង​បន្ត​បូម​ខ្យល់​ចូលទៅក្នុង​បែ​ត្រី ដើម្បី​បង្កើន​បរិមាណ​ខ្យល់​អុក​ស៊ី​ហ្ស៊ែន​នៅក្នុង​ទឹក សម្រាប់​ជា​ជំនួយ​ដល់​ការដកដង្ហើម​របស់​ត្រី​នោះទេ​។​

លោក​ថ្លែងថា​៖ «​យើង​បាន​យក​សំណាក​ត្រី​ងាប់​មក​ពិសោធន៍ ហើយ​រក​មិនឃើញ​មាន​មេរោគ​ជំងឺឆ្លង​អ្វី​ទេ ចំណែក​សំណាក​ទឹកទន្លេ ដែល​យើង​យក​ពី​ទីតាំង​បែ​ចិញ្ចឹម​ត្រី​នោះ ក៏​រក​មិនឃើញ​មាន​សារ​ធាតុគីមី​ពុល​អ្វី​ដែរ​។ អ្វីដែល​ក្រុមមន្ត្រី​ជំ​នា​ញ​បាន​រកឃើញ​គឺ​ទឹក​នោះ មាន​កម្រិត​អុក​ស៊ី​ហ្ស៊ែន​តិចតួច​បំផុត​»​។

​ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ដល់​ក្រុមអាជីវករ​ចិញ្ចឹម​ត្រី​ក្នុង​បែ​ទាំងនោះ​បន្ត​ការ​អនុវត្តតាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​រហូតដល់​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នាច្រើន​ថ្ងៃ ដែល​អាចឱ្យ​កម្ដៅ​ក្នុង​បរិយាកាស​ថយចុះ និង​បរិមាណ​ទឹកទន្លេ​មានការ​កើនឡើង ដែល​អាច​ជំរុញឱ្យមាន​សម្ពាធ​ខ្យល់​អុក​ស៊ី​ហ្ស៊ែននៅក្នុង​ទឹក​ន្លេ​មាន​ភាពប្រក្រតី​ឡើងវិញ​៕