ភ្នំពេញៈ​ក្រសួង​ធន​ធាន​ទឹកនិង​ឧតុ​និយម ​បាន​អំពាវ​នាវ​ដល់​បណ្ដា​ខេត្ត​ទាំង​អស់​ ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការកើនឡើង​កម្ដៅ​ និង​បញ្ហា​ខ្យល់​កន្ត្រាក់ ​ខណៈ​ដែល​​អាជ្ញា​ធរ​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋា​នត្រៀម​ការពារ​ខ្លួន​ពី​ការ​កើ​នឡើង​កម្ដៅ​។​


​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុ​និយម ​ចុះ​ថ្ងៃទី​១៨ ​ខែមេសា​ ឆ្នាំ​២០២៣ បាន​ឱ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃទី​១៩ ដល់ទី​២៥ ​ខែ​មេសា នៅ​តាម​តំបន់​ទំនាប​កណ្ដាល ​តំបន់​ខ្ពង់​រាប​ និង​តំបន់​មាត់​សមុទ្រ នឹង​មាន​សីតុណ្ហ​ភាព​កើន​ដល់​ជិត​ ៤០°C និង​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​តិច​តួច​លាយ​ឡំ​ផ្គររ​ន្ទះនិង​ខ្យល់​កន្ត្រាក់​។​

​ក្រសួង​បាន​បន្ត​ថា «​ដោយ​សារ​ប្រទេស​កម្ពុជា ​នៅតែ​បន្ត​ទទួល​ឥទ្ធិ​ពល​ពី​ជ្រលង​សម្ពាធ​ទាប​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​គួប​ផ្សំ​នឹង​ខ្យល់​ប្រែ​ប្រួល​ទើប​ធ្វើ​ឱ្យ​នៅ​តាម​បណ្ដា​ខេត្ត​វាលទំនាប​កណ្ដាល​និង​តំបន់​ខ្ពង់​រាប​នឹង​អាច​មាន​សីតុណ្ហ​ភាព​កើន​ឡើង​កម្ដៅ​ទៅ​ដល់​ជិត ​៤០°C ​ហើយក៏​អាច​នឹង​កើត​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​តិច​តួច​ លាយ​ឡំ​ផ្គរ​រន្ទះ ​និង​ខ្យល់​កន្ត្រាក់​ផង​ដែរ​»​។


​ចំណែក​តំបន់​មាត់​សមុទ្រ​វិញ ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​ បានថ្លែងថា​ អាច​មាន​សីតុណ្ហ​ភាព​កើន​ឡើង​កម្ដៅ​ទៅ​ដល់​ ៣៥°C រួម​ជាមួ​យ​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យមលាយ​ឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ស្ថាន​ភាព​អាកាស​ធាតុ​នេះ​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុ​និយម​បាន​​អំពា​វនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុ​ភូត​ធម្ម​ជាតិ​ដូច​ជា ​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ និង​ការ​កើន​ឡើង​កម្ដៅ​ដែល​អាច​កើត​មាន​ឡើង​ជាយ​ថា​ហេតុ​ណា​មួយ​។​


​ទាក់​ទិន​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹង​ត្រែង ​លោក ​ម៉ែន គង់ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ទាំង​នេះទៅ​គ្រប់​អាជ្ញាធរ​ទាំង​អស់​ និង​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​នេះ ​ដើម្បី​ឱ្យ​បាន​ជ្រាប​ពី​ស្ថាន​ភាព​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

​លោ​កបាន​បន្ត​ថា កន្លង​មក ខេត្ត​ស្ទឹង​ត្រែង​បាន​ទទួល​រងគ្រោះ​ធម្មជាតិ​មាន​ខ្យល់​កន្ត្រាក់ និង​ក៏មាន​ការកើន​ឡើង​កម្ដៅ​ខ្លាំង​ផង​ដែរ​។ ហេតុ​នេះ​បញ្ហា​ដែល​កើត​ឡើង​កន្លង​មក​នេះ ​អាជ្ញា​ធរ​បាន​សម្រប​សម្រួល​ដោះ​ស្រាយ​បាន​មួយ​ចំនួន​ធំ​ដែរ ដោយ​បាន​ជូន​ដំណឹង និង​ចុះ​អន្ត​រាគមន៍​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​។​

​លោក​ម៉ែន គង់ បាន​បញ្ជាក់​ថា​៖«​ឥឡូវ​មក​ដល់​ពេលនេះ ​នៅក្នុង​សភាព​ការណ៍​ថ្មី​នេះ ក៏​នឹង​បន្ត​ជូន​ដំណឹង​បន្ត​ទៀត​ហើយ​និង​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅលើ​កិច្ច​ការងារ​នៃ​ការប្រែ​ប្រួល​អាកាស​ធាតុ​ដោយ​យថា​ហេតុ​។ នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ គឺ​វា​កើន​ឡើង​កម្ដៅ​រួច​ហើយ ​អ៊ីចឹង​ផល​ប៉ះពាល់​ទាំង​អស់​នេះ​ប្រជា​ពលរដ្ឋ គាត់​ក៏​អាច​ដឹង​ពី​ការ​ប្រែប្រួ​ល​ស្ថាន​ភាព​កម្ដៅ​នេះ​ផង​ដែរ​»​។​

​លោក ម៉ែន គង់ បាន​អះ​អាង​ថា ជារួម​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្តមិន​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅលើ​បញ្ហា​កើន​ឡើង​កម្ដៅ​ទេ នេះ​បើតាម​ការ​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់​ស្ដែង​ពី​សំណាក់​អាជ្ញា​ធរ​។ ​ទោះជាយ៉ាង​ណា​លោក​ថា​ផ្នែក​ពាក់​ព័ន្ធ​ទាំង​អស់​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ រួមទាំង​ផ្នែក​សុខាភិ​បាលត្រូ​វ​ក្រើនរំ​ឭក​ដល់​មណ្ឌល​សុខ​ភាព​ទាំង​អស់ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​ដើម្បី​តាម​ដាន​សភាព​ការណ៍ និ​ង​​ត្រៀម​លក្ខណ​សម្បត្តិ​ក្នុង​ករណី​ចាំបាច់​ជួយ​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា​។​

​ជា​មួយ​គ្នានេះ អភិបាល​ខេត្ត​កំពង់​ស្ពឺ លោក វ៉ី សំណាង ក៏បាន​ថ្លែង​ដែរ​ថា ក្រោយ​ពី​បាន​ចុះ​ចែក​អំណោយ​ និង​ចុះ​ជួយ​ប្រជា​ពលរដ្ឋ​​រងគ្រោះ​ដោយ​សារ​ខ្យល់​កន្ត្រាក់​​កន្លងមក​អាជ្ញា​ធរ​ខេត្ត​នៅតែ​បន្ត​ជូន​ដំណឹង​ឱ្យ​ប្រជា​ពលរដ្ឋបន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

​លោក​បាន​បន្ត​ថា លោក​ក៏បាន​ណែ​នាំឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ត្រូវតែ​បន្ត​ព្យា​យាម​តាម​ដាន​ក្នុងការ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ទាក់​ទង​ទៅ​នឹង​ការប្រែ​ប្រួល​អាកាស​ធាតុ​ ដូច​ជា ខ្យល់​កន្ត្រាក់ គ្រោះ​រាំង​ស្ងួត​ និង​គ្រោះ​ទឹក​ជំនន់​ផង​ដែរ​។​

​ចំពោះ​បញ្ហា​កើន​ឡើង​កម្ដៅ​ លោក​ថា អាជ្ញាធរ​ខេត្ត​គ្រាន់តែ​ណែនាំ​ឱ្យ​ពួក​គាត់​ប្រុងប្រ​យ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជន​ងាយ​រង​គ្រោះ ​ក្នុង​នោះ​មាន ​មនុស្ស​ចាស់​ ក្មេងៗ​ជាដើម​។ លោក​បន្ដ​ថា​ប្រសិន​បើមាន​ការ​កើន​ឡើង​កម្ដៅ​ខ្លាំង​ ក៏​មិន​មែន​ប៉ះពាល់​តែ​ខេត្ត​កំពង់​ស្ពឺ​មួយ​ដែរ គឺ​វា​ប៉ះ​ពាល់​ទាំង​អស់​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ ជា​ពិសេស​តំបន់​ខ្លះ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ទឹក​អាច​នឹង​មាន​បញ្ហា​។​

​លោក​ វ៉ី សំណាង បាន​អះអាង​ថា​៖«​សម្រាប់​ខេត្ត​កំពង់​ស្ពឺ ​បញ្ហា​កើន​ឡើង​កម្ដៅ​មិន​មែន​ជា​ក្ដីបារម្ភ​ធ្ងន់​ធ្ងរ​ទេ ពី​ព្រោះ​យើង​មាន​ទឹក​គ្រប់​អស់ហើ​យ ទាំង​នៅ​ក្នុង​ភូមិ និង​ទាំង​នៅ​ក្នុង​ស្រុក​»៕