ភ្នំពេញៈ​ក្រុម​ស្រាវ​ជ្រាវ​នៃ​ខណ្ឌ​ជល​ផល​ខេត្តក្រ​ចេះ និង​អង្គការ​ WWF នៅ​ថ្ងៃទី​១៨ ខែ​មេសា​ បាន​ចុះ​តា​មដាន​កូន​ផ្សោត​ទើប​កើត​ថ្មី ដោយ​តាម​ការ​ប៉ាន់​ប្រមាណ​កូន​ផ្សោត​នេះ​ទើប​តែមា​ន​អាយុប្រ​មាណ​៣​ថ្ងៃ​ប៉ុណ្ណោះ។នេះ​​ជា​កូន​ផ្សោ​តទី​២ ដែល​បាន​កត់​ត្រា​នៅ​ឆ្នាំ​២០២៣ ​នៅ​អន្លង់​កាំ​ពី​ស្ថិតក្នុ​ង​ភូមិ​កាំ​ពី ឃុំ​សំបុក ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។


​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី១៨ ​ខែមេសា​ ​បាន​ឱ្យដឹង​ថា ការចុះ​​ស្រាវជ្រាវ​តាម​ដាន​កូន​ផ្សោត​ទើប​កើត​ថ្មី​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​បើកទូ​ក​ទេសចរ​ណ៍ប្រចាំ​អន្លង់​កាំ​ពី​បាន​ប្រទះ​ឃើញ​កូន​ផ្សោត​កើត​ថ្មី​១​ក្បាល​ ​កាល​ពី​ថ្ងៃទី​១៥​ ខែមេសា ​ឆ្នាំ​២០២៣ ​ខណៈពេ​ល​វា​កំពុង​ហែល​លេង​ជាមួយ​ហ្វូង​សត្វ​ផ្សោត​ពេញ​វ័យ​ជា​ច្រើន​ទៀត​នៅ​អន្លង់​កាំ​ពី​ស្ថិត​ក្នុង​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ​ខេត្ត​ក្រចេះ​។

​ប្រភព​បញ្ជាក់​ថា​«​អ្នក​បើកទូក​ទេស​ចរណ៍​បាន​រាយ​ការណ៍​ជូន​ប្រធាន​ឆ្មាំ​ទន្លេ និង​មន្ត្រី​ជល​ផល​ខេត្ត​ក្រចេះ​ និង​បុគ្គលិក​អង្គ​ការ WWF​ ដើម្បី​ជា​ព័ត៌​មាន​ កត់ត្រា​និង​តាម​ដាន​បន្តទៀត​»​។ ប្រភព​ដដែល​បញ្ជាក់​ផង​ដែរ​ថា នៅ​ឆ្នាំ​២០២២ ​ក្រុមកា​រងារ​បាន​កត់​ត្រា​កូន​ផ្សោត​បាន​ចំនួន​៦​ក្បាល ​ចំណែក​នៅ​ឆ្នាំ​២០២១ ​ក្រុម​ការ​ងារ​បាន​កត់​ត្រា​កូន​ផ្សោត​បាន​ចំនួន​៦​ក្បាល​ផងដែរ។


នាយ​ខណ្ឌ​ជល​ផល​ខេត្ត​ក្រចេះ ​លោក​ ម៉ុក ពន្លក ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ២០២៣​ ​ថា ក្រុម​ជំនាញ​រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ សហ​ការ​ជា​មួយ​មូលនិ​ធិ​សកល​សម្រាប់​អភិរក្ស​ធម្ម​ជាតិ​ប្រចាំ​កម្ពុជា និង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ ​បាន​ចុះ​ជំរឿន​សត្វ​ផ្សោត​ទន្លេ​មេគង្គ ហើយ​បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ថ្មី​ដំបូង​ ដែល​ទើប​នឹង​កើត​នៅ​កន្លែង​អភិរ​ក្ស​អន្លង់​កាំ​ពី​ត្រង់​ចំណុច​គោល​ខ្ពស់​ ភូមិ​កាំ​ពី ឃុំ​សំបុក ​ស្រុក​ចិត្រ​បុរី ​ខេត្ត​ក្រចេះ ​កំពុង​ហែល​ទឹកជា​មួយ​មេ​របស់​វា និង​ផ្សោត​ពេញ​វ័យ​១​ហ្វូង​ទៀត​ដែល​មាន​ចំនួន​ប្រ​មាណ​ពី​៧ ​ទៅ​៨​ក្បាល​។​

លោក​បាន​បន្ត​ថា​ កូន​ផ្សោត​ថ្មី​នេះ ត្រូវ​បាន​ក្រុម​ជំនាញ​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​សន្និ​ដ្ឋាន​រួមគ្នា​ថា ទើប​នឹង​កើត​នៅ​ថ្ងៃទី​២៧ ឬ ២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​។ វា​មាន​ទម្ងន់​ពី​៩​ទៅ​១០​គីឡូ​ក្រាម​ប្រវែង​១​ម៉ែត្រ និង​មាន​សុខ​ភាព​ល្អ​។


​ពាក់​ព័ន្ធ​នឹង​ការ​អភិ​រក្ស​សត្វ​ផ្សោត​នេះ​កាល​ពី​ថ្ងៃទី​២៤​ ខែមីនា​ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម​ រុក្ខាប្រ​មាញ់ និង​នេសាទ​នៅ​ក្រសួង​កសិក​ម្ម លោ​កនាយក​រដ្ឋម​ន្ត្រី ហ៊ុ​ន សែន បាន​ណែនាំ​ឱ្យ​អាជ្ញា​ធរ​ផ្តល់​បណ្ណ​ក្រីក្រ​ដល់​ប្រជា​នេសាទ​នៅ​តំបន់​សត្វ​ផ្សោត ​និង​ជួយ​ឱ្យ​ពួកគា​ត់​មាន​មុខ​របរ​ផ្សេង​ជំនួស​ការដា​ក់​មង​នៅ​តំបន់​មាន​ផ្សោត​។

លោក ហ៊ុ​ន សែ​ន បាន​ថ្លែងថា​​៖«​យើង​អាច​លើកទឹក​ចិត្ត​ដោយ​ផ្តល់​បណ្ណ​ក្រីក្រ​ជូន​ពួក​គាត់​ដើម្បី​ជំនួស​មកវិញ​នូវ​កា​រថែទាំ​។ រាជ​រដ្ឋា​ភិបា​ល អាច​ផ្តល់​បណ្ណ​ក្រីក្រ​ទៅ​ប្រជា​នេសាទ ដើ​ម្បី​ធានាថា​ ​ពួកគាត់​បញ្ឈប់​ការបន្ត​ដាក់​មង នៅ​តំបន់​ដែល​មាន​ផ្សោត​។ បើ​មិន​ដូច្នេះ សត្វ​ផ្សោត​នឹង​ងាប់​ផុត​ពូជ​អស់​»​។​

លោក ​ម៉ែន គុង អ្នកនាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ស្ទឹងត្រែ​ង ​ប្រាប​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី១៨​ ខែមេ​សា​ថា ម​កទ​ល់ពេលនេះ​​ខេត្ត​ស្ទឹង​ត្រែង​នៅ​មិន​ទាន់​បាន​ផ្តល់​បណ្ណ​ក្រីក្រ​ជូន​ប្រជា​នេសាទ​នៅឡើ​យ​ទេ ដោយសា​រ​ពេល​នេះ​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​ជំនា​ញ​នៃ​មន្ទីរ​ពាក់​ព័ន្ធ​កំពុង​ស្រង់​ទិន្នន័​យ​ឱ្យបាន​ច្បាស់​លាស់​អំពី​ប្រជា​នេសាទ​ដែល​នៅ​ក្បែរ​តំបន់​ការពា​រ និង​អភិ​រក្ស​សត្វ​ផ្សោត​។

​លោក​ថ្លែង​ថា​៖«​ទី​១​គឺ​ការផ្សព្វ​ផ្សា​យ​ឱ្យបាន​ជ្រាប​ច្បាស់ ទី​២ គឺ​ការ​ស្រង់​ទិន្នន័​យ​របស់​មេភូ​មិ អា​ជ្ញាធរ​ឃុំ​នៅក្នុង​​តំបន់​ការពារ​ហ្នឹង និង​បង​ប្អូន​ធ្វើការ​នៅ​ទី​ហ្នឹង​ជា​ពិសេស​គឺ​ឆ្មាំ​នៅ​តំបន់​ហ្នឹង យើង​ស្រង់​ឱ្យបាន​ច្បាស់​លាស់​​ ហើយនឹ​ងមាន​ក្រុម​ការងារ​បច្ចេក​ទេស​ទៅ​ពី​មន្ទីរជំ​នាញ​ក្នុង​ការផ្តល់​មតិ​យោប​ល់​ក្នុងការ​ពិនិត្យ​និង​ស្រង់​ទិន្នន័យ​ជាក់​លាក​ពាក់​ព័ន្ធ​គ្រួសារ​ក្រីក្រ​ហើយ​ជា​ប្រជា​នេសាទ​»។

ដោយ​ឡែក​ លោក ​ម៉ែន វណ្ណា អ្នក​នាំពាក្យ​​រដ្ឋបាលខេ​ត្ត​ក្រចេះ​បា​នឱ្យដឹ​ង​នៅ​ថ្ងៃទី១៨​ ខែមេ​សា​ថា សម្រាប់​ខេត្ត​ក្រចេះ​បានស្រង់​ស្ថិតិ​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​តំបន់​ការ​ពារ​និង​អភិរក្ស​សត្វ​ផ្សោត​រួច​ហើយ ​ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផលស​ហកា​រ​ជា​មួយ​អា​ជ្ញាធរ​មូល​ដ្ឋាន​ដែល​នៅតា​ម​បណ្តោយ​​មាត់ទ​ន្លេ​មេ​គង្គ​ធ្វើ​ជំរឿន​ប្រជាព​លរដ្ឋ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ព័ត៌មាន​ជុំវិញ​លទ្ធ​ផល​នៃ​ការ​ធ្វើជំ​រឿន​នេះ​លោក​បង្វែរ​ឱ្យ​សួរ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋ​បាល​ជល​ផល​។លោក​ថ្លែង​ថា​៖«​ចង់ដឹង​ច្បាស់​ទាល់តែ​សួរ​ខាង​ជលផ​ល ​យើង​ប្រគល់​តួនាទី​ឱ្យ​ខាង​ជល​ផល​ពាក់​ព័ន្ធ​ជា​មួយ​ការ​ងារ​អស់​ហ្នឹង​»​។

លោក​ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ក្រចេះ​ ប្រាប់​ថា លោក​មិន​ទាន់​អាច​ផ្តល់​ព័ត៌​មាន​បានទេ​ ដោយសា​រ​ជាប់រវល់​ធ្វើ​ដំណើ​រ​តាម​ផ្លូវ។​ដោយឡែ​ក​ប្រធាន​​មន្ទីរ​កសិ​កម្ម ​រុ​ក្ខាប្រមា​ញ់ និង​នេសាទ ​លោក ​ទ្រី សុភ​ក្តិ ក៏​លោក​មិនអា​ច​ផ្តល់​ព័ត៌​មាន​បាន​ដែរ​ដោយ​លោក​បញ្ជាក់​ថា ​ជាប់​ប្រជុំ​។

យ៉ាង​ណាក៏​ដោយ​ លោក យិន​ វណ្ណៈ អភិ​បាល​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​ ប្រាប់ថា​ ការផ្តល់​បណ្ណ​ក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ​មិន​មែន​ធ្វើឡើ​ង​សម្រាប់​តែ​ប្រជា​នេសាទ​​នោះទេ ​គឺ​ធ្វើ​ជូន​ប្រជា​ពលរដ្ឋ​មាន​ភាព​ក្រីក្រ​ពិតប្រា​កដ ​ត្រូវ​ជាមួយ​នឹង​លក្ខខណ្ឌ​ក្នុងការ​ផ្តល់ជូ​ន​។ ចំ​ណែក​ការ​យក​ចិត្តទុក​ដាក់​លើ​ការផ្លាស់​ប្តូរ​មុខរបរ​ជូន​ប្រជា​នេសាទ​នៅក្បែរ​តំបន់​អភិរក្ស​ផ្សោត​នៅ​មិន​ទាន់មា​ន​ការស​ម្រេច​យ៉ាង​ណា​នៅ​ឡើយ​៕