ភ្នំពេញៈ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​អំពាវ​នាវ​ឱ្យ​ជនរងគ្រោះ​ដែល​បាន​ចាញ់បោក​ក្រោមរូបភាព​កម្ចី​តាម​អន​ឡាញ​ពី​ធនាគារ​ដែលមាន​ឈ្មោះថា ​BAB ដាក់ពាក្យ​បណ្ដឹង​មក​នាយកដ្ឋាន​ ឬ ​ស្នងការដ្ឋាន ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​ឆបោក​ដែល​នៅ​ពីក្រោយ​ធនាគារ​មិនបាន​ចុះបញ្ជី​នេះ​។​


​កាលពីពេល​ថ្មីៗ​នេះ មាន​ពលរដ្ឋ​ជា​បន្តបន្ទាប់​បាន​បង្ហោះ និង​បាន​អះអាងថា ពួកគាត់​បាន​ចាញ់បោក​ប្រាក់​ជាច្រើន​ទៅឱ្យ​ធនាគារ​មួយ​ឈ្មោះ BAB បន្ទាប់​ពី​ធនាគារ​នេះ​បង្ហោះ​ពី​ការផ្តល់​កម្ចី​ដល់​ពលរដ្ឋ ប៉ុន្តែ​ការ​កម្ចី​គឺធ្វើឡើង​តាមរយៈ​អន​ឡាញ​។​

​លោក​សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែមេសា​ថា​បច្ចុប្បន្ន​នាយកដ្ឋាន​កំពុង​ទាក់​ទង​ជនរងគ្រោះ​ដែល​បាន​រាយ​ការណ៍​មក​តាម​ប្រព័ន្ធ​ Messenger របស់​នាយកដ្ឋាន​។​


​លោក​បាន​ថ្លែងថា​៖ «​នាយក​ដ្ឋា​ន​នឹងធ្វើ​ការស្រាវជ្រាវ​គ្រប់​ពាក្យបណ្ដឹង​ដែល​ទទួលបាន​។ ករណីនេះ​បើ​ស្គាល់​ជន​រង​គ្រោះ​អាច​ណែនាំ​ឱ្យ​គាត់​ដាក់​បណ្ដឹង​មក​នាយកដ្ឋាន ឬ​ស្នង​ការដ្ឋាន​បាន​»​។​

​ជនរងគ្រោះ​ម្នាក់​ដែល​ប្រាប់​ត្រឹម​ឈ្មោះ​ម៉ាក់ លឹម​ម៉េង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ មេសា​ថា អ្នកស្រី​បាន​ចាញ់បោក​តាមរយៈ​ការឃោសនា​របស់​ធនាគា​រ​នេះ​អស់ប្រាក់​ជិត ៧០០​ ដុល្លារ​ដោយសារ​ចង់​ប្រើ​សេវា​កម្ចី​ដែល​ធនាគារ​នេះ​បាន​ឃោសនា​។​


​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ខ្ញុំ​ឃើញ​ធនាគារ​នេះ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ខ្ញុំ​ក៏​ទាក់ទង​ទៅ​។ ពេលនោះ​ខ្ញុំ​ស្នើ​ខ្ចី​បាន​ ៣ ០០០ ​ដុល្លារ​ដែល​គេ​បានឱ្យ​យើង​បង្កើត​គណនី និង​ដាក់​លេខ​លេខ​កូដ និង​តម្កល់​លុយ ​៥០ ​ដុល្លារ​។ បន្ទាប់មក គឺ​ឱ្យ​យើង​តម្កល់​លុយ​រហូត​។ គណនី​ដែល​យើង​បង្កើត​ខ្លួនឯង គេ​នៅតែ​យកលុយ​យើង​បាន​»​។​

​បន្ទាប់ពី​បានដឹងខ្លួន​ថា ចាញ់​​បោក​ធនាគារ​នេះ អ្នកស្រី ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​តាម​អន​ឡាញ និង​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ហើយក៏​មាន​ជនរងគ្រោះ​ជាច្រើន​ដូច​អ្នក​ស្រី​បាន​អះអាងថា ពួកគេ​ក៏បាន​ចាញ់បោក​ជន​ឆបោក​ក្រោមរូបភាព​ធនាគារ​នេះដែរ​។​

​អ្នកស្រី​បន្ថែមថា​៖ «​ខ្ញុំ​ដឹងខ្លួន​ថា​បាន​ចាញ់បោក​ហើយ ក៏​បញ្ឈប់​តាម​ការដាក់​លុយ​ក្នុង​គណនី​ដែល​ធនាគារ​នោះបាន​តម្រូវ​។ មាន​អ្នក​ចាញ់បោក​លុយ​ច្រើនជាង​ខ្ញុំ​ទៀត អ្នកខ្លះ​រហូតដល់​រាប់ពាន់​ដុល្លារ ព្រោះតែ​ធ្វើតាម​ការណែនាំ​របស់គេ​ដើម្បី​ចង់បាន​លុយ​កម្ចី​។ ពេល​ខ្ញុំ​បង្ហោះ ​(​លើ​ហ្វេ​ស​ប៊ុ​ក​) មាន​គេ​អ្នកចាញ់​បោក​ដែរ ឆាត​មក​ប្រាប់​ខ្ញុំ​ច្រើន​គ្នា​ណាស់​»​។​

​តាម​គណនី​មួយ​ឈ្មោះ Saray ដែលជា​ជនរងគ្រោះ​ម្នាក់​ដែរ​បាន​ប្រាប់​ពី​រឿងរ៉ាវ​ដែល​បាន​ជួបប្រទះ​ថា​៖ «​វា​ថាឱ្យ​យើង​វេរ​លុយ​ទៅ​វា យើង​បាន​លុយ​មកវិញ ៣ ១៥០ ​ដុល្លារ (​សំណើ​កម្ចី​)​។ មុនដំបូង​វេរ​ ៩០ ​ដុល្លារ វា​ថា​បង់​សេវា​ចូល​រដ្ឋ​បន្ទាប់មក​ ១៥០​ ដុល្លារ វា​ថា​ជា​ប្រាក់​កក់ រួច​ ៥០ ​ដុល្លារ​ទៀត វា​ថា​ថ្លៃ​សេវា​លេខ​កូដ​ដើម្បី​ដក​ប្រាក់​។ រួច​វា​ឱ្យ​លេខ​កូដ​មក ហើយ​ខ្ញុំ​ទៅ​ដក​លុយ​ហើយ​ដក​អត់​បាន គេ​ថា ខុស​លេខ​ទូរស័ព្ទ​»​។

​គណនី​ដដែល​បន្តថា​៖ «​បន្ទាប់មក​វា​ឱ្យ​ខ្ញុំ​វេរ​លុយ​ឱ្យ​វា ១០០ ​ដុល្លារ​បន្ថែម​ដើម្បី​បង្កក​លុយ​បិទ​កុំឱ្យ​គេ​ដក​បាន​។ រួច​ថា​លុយ​ហ្នឹង​វេរ​ខុស​លេខ​ចូល​គេ អ៊ីចឹង​វា​ថា​គេ​ហ្នឹង​និយាយថា បើ​បាន​លុយ​ហ្នឹង​មកវិញ​គេ​សុំ ​៣០០ ដុល្លារ​។ ខ្ញុំ​សួរថា ឱ្យគេ​ដក​ក្នុង ៣ ១៥០​ ដុល្លារ​ហ្នឹង​បាន​អត់​? វា​ថា​លុយ​នោះគេ​បង្កក​រួចហើយ ដែល​មិនអាច​ដក​បាន​។ បន្ទាប់​មកឱ្យ​ខ្ញុំ​វេរ​លុយ​ទៅ​ ១០០​ ដុល្លារ​ទៀត​ដើម្បី​ដូរ​លេខ​ទូរស័ព្ទ​ហើយ​បន្ថែម​ ៥០ ​ដុល្លារ​ទៀត ដើម្បី​យក​លេខ​កូដ​ថ្មី​»​។​

​យ៉ាងណាក៏ដោយ ក្នុង​គណនី​ឆបោក​បន្លំ​ដែលមាន​ឈ្មោះ BAB នេះ ត្រូវបាន​ពលរដ្ឋ​រង​គ្រោះ​អះអាងថា ជន​ឆបោក​មាន​សមាជិក​ជា​ក្រុម​ដោយបាន​រៀបចំ​ការ​ឆបោក​តាម​អន​ឡាញ​ដែល​បាន​បន្លំ​យក​ទីតាំង​ធនាគារ​មួយ​ដែលមាន​ឈ្មោះ​ពិត​ដើម្បី​បន្លំ​ឱ្យ​ពលរដ្ឋ​ជឿជាក់​។​

​ក៏ប៉ុន្ដែ​បើតាម​ការអះអាង​របស់​ធនាគារ​ប្រេដ ប៊ែ​ង ដែល​ត្រូវបាន​គេ​ក្លែង​ទីតាំង​មក​បន្លំ​បោក​ពលរដ្ឋ បានបញ្ជាក់​កាលពី​ចុង​ខែមីនា​ថា ឈ្មោះ​ធនាគារ BAB នេះ​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​ទេ​។

ធនាគារ ប្រេដ ប៊ែ​ង បាន​បង្ហោះ​ការបកស្រាយ​ដូច្នេះ​ថា​៖ «​ធនា​គារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា នាពេល​ថ្មីៗ​នេះ បានទទួល​ដំណឹង​អំពី​ករណី​ដែលមាន​ជន​បោក​​ប្រាស់​បានធ្វើការ​ប្រើប្រាស់​រូបភាព​សាខា​បាត់ដំបង​របស់​ធនាគា​រ​យើងខ្ញុំ​ជាមួយនឹង​ការ​កែប្រែ ស្លាក​យីហោ និង​ឈ្មោះ​របស់​ធនាគារ​យើងខ្ញុំ​ដើម្បី​ប៉ុនប៉ង​បោកប្រាស់​អតិថិជន​ដែល​មិន​បានដឹង​ព័ត៌មាន​»​។​

​ក្រៅពី​ការបកស្រាយ​នេះ ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា ក៏បាន​អះអាង​ដែរ​ថា ខ្លួន​មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ស្ថាប័ន​ដែល​ហៅ​ខ្លួនឯង​ថា ''​ធនាគារ BAB'' ឬ ''BAB Loan'' ហើយ​''​ធនាគារ BAB'' ឬ ''BAB Loan'' មិនមែនជា​ធនាគារ​​ដែលមាន​អាជ្ញាប័ណ្ណ​ទេ​។​

​ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារជាតិ​បានទេ កាលពី​ថ្ងៃទី​ ១៩ ខែមេសា​។ ប៉ុន្តែ​ បើតាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២២ របស់​ធនា​គារ​ជាតិ មិនមាន​ឈ្មោះ​ធនា​គារ BAB ឬ BAB Loan នៅក្នុង​បញ្ជី​ទេ​។​

​ជាមួយនេះដែរ ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​តាមរយៈ​លេខ​ទំនាក់ទំនង​របស់​ធនា​គារ​ BAB ឬ​BAB Loan និង​តាមរយៈ​លេខ​មន្ត្រី​ឥណទាន​ដែល​ពលរដ្ឋ​បាន​ចាញ់បោក​កាលពី​ថ្ងៃទី​ ១៩ មេសា ប៉ុន្តែ​លេខ​ទាំងនោះ គឺ​សុទ្ធតែ​មិនអាច​ទាក់ទង​បាន​៕