​ភ្នំពេញៈ កម្ពុជា​-​បារាំង បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​(MoU)​ លើ​ផ្នែក​វេជ្ជសាស្ត្រ​សុខាភិបាល ដោយ​ក្នុងនោះ​មាន​ផ្នែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស ការផ្ដល់​នូវ​ឧបករណ៍​បរិក្ខារ​ពេទ្យ ជាពិសេស​អាច​បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង​តាម​​រយៈ​ដៃគូ​នេះ​ផងដែរ​។


​ពិធី​ចុះ MoU នេះ​ធ្វើឡើង កាលពី​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​ ២០២៣ រវាង​មន្ទីរពេទ្យ Gabriel CHU CLERMONT-FERRAND et Hopital Purpan CHU Toulouse នៃ​ប្រទេស​បារាំង និង​ភាគី​កម្ពុ​ជាមាន​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​កម្ពុជា​-​ចិន មន្ទីរពេទ្យ​ព្រះ​កុសុមៈ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យបង្អែក​ខេត្ដ​បាត់ដំបង និង​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពង់ចាម​។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចូលរួម​ជា​អធិបតី​ដោយ​ក្នុង​ពិធី​ចុះ MoU​ នេះ​។​

លោក តាន់ សុ​គុន នាយក​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ បាន​ថ្លែង​ក្រោយ​ពិធី​ចុះហត្ថលេខា​នោះ​ថា គោលបំណង​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​ផ្តោតលើ​គោលដៅ​ចំនួន​ ៤ រួមមាន


១- ផ្នែក​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ពោល​ផ្លាស់ប្ដូរ​ការសិក្សា​រវាង​និស្សិត និង​ក្រុមគ្រូពេទ្យ​កម្ពុជា អាច​ទៅ​សិក្សា​នៅ​បារាំង ជាពិសេស​នៅ​មន្ទីរពេទ្យ​ដៃគូ​។

២-​ការឧបត្ថម្ភ​សម្ភារ​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា ជាពិសេស​មន្ទីរពេទ្យ​ខេត្ត​មួយចំនួន​ដែល​មិនទាន់មាន​លទ្ធភាព​ដូចជា​ខេត្តកំពង់ចាម និង​បាត់ដំបង ក៏ដូចជា​មន្ទីរពេទ្យ​ថ្នាក់ជាតិ​បើសិន​ជាមាន​តម្រូវ​ការ​។


៣-​ការផ្លាស់ប្ដូរ​អ្នកជំងឺ ពោល​មន្ទីរ​ពេទ្យ​កម្ពុជា អាចមាន​សិទ្ធិ​បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង​បាន បើសិនជា​អ្នកជំងឺ​នោះ​មានលទ្ធភាព ឬ​គ្រូពេទ្យ​កម្ពុជា​យល់ឃើញថា ជំងឺ​នោះ​មិនអាច​ព្យាបាល​នៅក្នុង​ស្រុក ដូច្នេះ​អាច​បញ្ជូនទៅ​មន្ទីរពេទ្យ​ដៃគូ​បាន​។

៤-​កម្ពុជា​អាច​អញ្ជើញ​គ្រូពេទ្យ​បារាំង​មក​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​នៅក្នុង​មន្ទីរពេទ្យ​ជាតិ និង​ក្រោម​ជាតិ​ដែលមាន​មន្ទីរពេទ្យ​បាត់ដំបង និង​កំពង់ចាម អាស្រ័យទៅលើ​ឯកទេស​ដែល​កម្ពុជា​ចាំបាច់​៕