បាត់ដំបងៈខេត្តបាត់ដំបងនឹងមានការកសាងទីលានចាក់សំរាមនៅក្នុងស្រុកចំនួន ២ គឺស្រុកបវេល និងស្រុកថ្មគោល ខណៈបច្ចុប្បន្នស្ថាប័នពាក់ព័ន្ធកំពុងបើកកិច្ចពិភាក្សារួមគ្នាដើម្បីពន្លឿនដំណើរការគម្រោងសាងសង់នេះ សំដៅកាត់បន្ថយភាពអនាធិបតេយ្យក្នុងការទុកដាក់សំរាម និងការពារដល់បរិស្ថាន។
នេះបើតាមកិច្ចប្រជុំពិភាក្សាការងារអំពីការត្រៀមអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមនៅកម្ពុជាកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តបាត់ដំបង ក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
លោក បួន ហេង អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានឱ្យដឹងថា កិច្ចប្រជុំនេះគឺដើម្បីពិភាក្សាការងារអំពីការត្រៀមអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជាក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក។
លោកបានបន្តថា ដើម្បីពន្លឿនដំណើរការគម្រោងនេះរដ្ឋបាលខេត្តបាត់ដំបងនឹងត្រូវសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងទៀតក្រោមជំនួយរបស់ធនាគារពិភពលោកនិងគាំទ្រដោយក្រសួងមហាផ្ទៃក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធក្នុងការរៀបចំទីតាំងបង្កើតទីលានចាក់សំរាមនិងទីលានសម្រាប់ផ្ទេរសំរាមរវាងស្រុកបវេលនិងស្រុកថ្មគោល។
លោកបានបញ្ជាក់ថា៖ «នាពេលអនាគត ចំពោះសំរាម១៥%ដែលបានចាក់នៅទីលានទាំង២នេះនឹងត្រូវកែច្នៃឱ្យប្រើប្រាស់ឡើងវិញម្ដងទៀតដើម្បីជួយសម្អាតបរិស្ថាន និងការពារបរិស្ថាន ព្រមទាំងជួយសម្រួលមិនឱ្យមានកំណើននៃការប្រើប្រាស់ប្លាស្ទិកមួយកម្រិតផងដែរ។ក្នុងនោះ៧៥%នៃប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកគោលដៅទាំង២នឹងត្រូវមានការប្រើប្រាស់សេវាប្រមូលសំរាមដើម្បីកាត់បន្ថយភាពអនាធិបតេយ្យក្នុងការទុកដាក់សំរាម ដើម្បីរក្សាសោភណភាពក្នុងស្រុក ក៏ដូចជានៅតាមគេហដ្ឋាននីមួយៗឱ្យមានភាពស្រស់ស្អាតនិងផាសុកភាព» ។
លើសពីនេះទៀត លោក បួន ហេង បានអះអាងដែរថា ក្រសួងមហាផ្ទៃក៏បានខិតខំស្វះស្វែងរកដៃគូសហការ ជាមួយនឹងធនាគារពិភពលោកក៏ដូចជាក្រសួងពាក់ព័ន្ធនានា ជាពិសេសក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពន្លឿនគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនៃទីលានចាក់សំរាមក្នុងស្រុកថ្មគោលនិងស្រុកបវេលនៃខេត្តបាត់ដំបងឱ្យឆាប់។
ពាក់ព័ន្ធគម្រោងសាងសង់ទីលានចាក់សំរាម នៅក្នុងស្រុកទាំង ២ នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបងពិតជាមានសំណាងណាស់ ដែលរាជរដ្ឋាភិបាលបានជ្រើសរើសក្នុងការរៀបចំគម្រោងគ្រប់គ្រងសំរាម ខណៈបញ្ហានេះគឺជាកង្វល់មួយដែលរដ្ឋបាលខេត្តបាត់ដំបងបានគិតគូរជាយូរមកហើយក្នុងការរៀបចំកន្លែងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ព្រោះសំរាមមានការកើនជាលំដាប់ តែទំហំទីលានចាក់សំរាមចាស់បានប្រើប្រាស់អស់លទ្ធភាពហើយ។
ជាមួយគ្នានេះលោក សុខ លូ បានស្នើឱ្យអភិបាលស្រុកពាក់ព័ន្ធខិតខំ ចាត់ចែងរកដីសម្រាប់បង្កើតជាទីលានចាក់សំរាម ដែលមានទីតាំងនៅចន្លោះ ឬនៅជិតព្រំប្រទល់នៃស្រុកទាំង ២ នេះ ដែលជាតំបន់មិនលិចទឹក និងមិនប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌដែលយ៉ាងច្រើនអាចមានចម្ងាយចន្លោះ៣០គីឡូម៉ែតពីគ្នាព្រមទាំងបង្កើតឡដុតសំរាមផងដែរ។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ទាំងអស់ ជាពិសេសអ្នករស់នៅក្នុងស្រុកបវេល និងស្រុកថ្មគោល សូមចូលរួមទាំងអស់គ្នាក្នុងការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។
បើតាមក្រសួងមហាផ្ទៃ គិតមកទល់ពេលនេះ គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជាបានបញ្ចប់ការសិក្សា និងវាយតម្លៃលើការរៀបចំគម្រោងរួចហើយ និងកំពុងត្រៀមដាក់ឆ្លងក្រុមប្រឹក្សាភិបាលធនាគារពិភពលោកដើម្បីអនុម័តហើយនឹងត្រូវចាប់ផ្តើមអនុវត្តនៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ។
គម្រោងនេះគឺមានសមាសភាគអនុវត្តចំនួន៣គឺក្រសួងបរិស្ថាន(សមាសភាគទី១)ក្រសួងមហាផ្ ទៃ(សមាសភាគទី២) និងក្រសួងសាធារណការ និងដឹកជញ្ជូន (សមាសភាគទី៣) ហើយគម្រោងនេះនឹងត្រូវអនុវត្តនៅក្រុង-ស្រុកនៃខេត្តគោលដៅចំនួន៥ រួមមាន ក្រុងសៀមរាបនៃខេត្តសៀមរាប ក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្រុងច្បារមននៃខេត្តកំពង់ស្ពឺស្រុកបវេល និងស្រុកថ្មគោលនៃខេត្តបាត់ដំបងនិងក្រុងព្រះសីហនុ៕
a