ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវឱ្យអតិថិជនមានការប្រុងប្រយ័ត្នរាល់ការប្រើប្រាស់សេវារបស់គ្រឹះស្ថានធនាគារទូទាំងប្រទេស ដោយបញ្ជាក់ថា ការអនុវត្តតាមមីក្រូហិរញ្ញវត្ថុ ឬធនាគារ គឺមិនតម្រូវឱ្យអតិថិជនបង់ថ្លៃសេវាជាមុននោះទេ ហើយបើជួបករណីដែលទាមទារឱ្យមានការបង់ថ្លៃសេវាមុន នោះគឺជាការបោកប្រាស់។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានពលរដ្ឋរងគ្រោះជាបន្តបន្ទាប់បានបង្ហោះ និងបានអះអាងថា ពួកគាត់បានចាញ់បោកប្រាក់ជាច្រើនទៅឱ្យធនាគារមួយ មានឈ្មោះ BAB បន្ទាប់ពីធនាគារនេះបង្ហោះពីការផ្តល់កម្ចីដល់ពលរដ្ឋ ប៉ុន្តែកម្ចីគឺធ្វើឡើងតាមរយៈអនឡាញ និងទាមទារឱ្យពួកគាត់បង់ថ្លៃសេវាជាបន្តបន្ទាប់។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២០ ខែមេសាថា ករណីដែលមានជនបោកប្រាស់ក្លែងបន្លំជាគ្រឹះស្ថាននេះ គ្រឹះស្ថាននោះ គឺមិនមែនទើបកើតមានក្នុងពេលថ្មីៗនេះទេ។ លោកអះអាងថា ករណីឆបោកបែបនេះ ឬប្រហាក់ប្រហែលនេះ គឺបានកើតមានឡើងជាយូរមកហើយ ខណៈដែលអាជ្ញាធរពាក់ព័ន្ធបានចាត់វិធានការជាហូរហែ។
លោក ថ្លែងថា៖«យើងដឹងហើយ ប្រព័ន្ធអនឡាញ ឬបណ្តាញសង្គមទាំងនេះ គឺមិនមានអត្តសញ្ញាណ និងទីតាំងច្បាស់លាស់ដែលអាចឱ្យអាជ្ញាធរងាយក្នុងការចាត់វិធានការបានទេ។ អ្វីដែលអាចជួយបាន គឺមានតែការជួយផ្សព្វផ្សាយ ណែនាំ អតិថិជនយើងឱ្យយល់ពីផលប៉ះពាល់ និងគ្រោះថ្នាក់ផ្សេងៗនៃការប្រើប្រាស់បណ្តាញសង្គម ឬតាមអ៊ីធឺណិតអីហ្នឹង ហើយជាទូទៅប្រជាពលរដ្ឋយើង(ខ្លះ) គាត់ក៏មិនបានជ្រួតជ្រាបពីបញ្ហានេះដែរ ដែលជាអកុសល គឺនៅតែមានប្រជាពលរដ្ឋយើងមួយចំនួន ធ្លាក់ចូលជាជនរងគ្រោះតាមរយៈការបោកប្រាស់ទាំងអស់នេះ»។
លោក តុងងី បាននិយាយថា ជាក់ស្តែងនៅក្នុងការអនុវត្តតាមមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារ គឺមិនមានគ្រឹះស្ថានណាតម្រូវឱ្យអតិថិជនបង់ប្រាក់ ឬថ្លៃសេវាជាមុនទាំងមិនទាន់ទទួលបានឥណទានឬទទួលបានសេវានោះទេ។ ដូច្នេះលោក ណែនាំថា ប្រសិនបើអតិថិជនជួបប្រទះនូវគ្រឹះស្ថានផ្សេងៗ ដែលមិនទាន់បានប្រើសេវាផង ហើយទាមទារឱ្យបង់ថ្លៃសេវាផ្សេងៗនោះ គឺជាគ្រឹះស្ថានបោកប្រាស់ហើយ ដែលជារួម ជន ឬគ្រឹះស្ថាននោះ គឺជាឧក្រិដ្ឋជនបោកប្រាស់ក្លែងបន្លំ។
លោក បានបញ្ជាក់ថា៖«ក្នុងនាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សុំធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅសុំមានការប្រុងប្រយ័ត្នលើការប្រើប្រាស់សេវាផ្សេងៗលើបណ្តាញសង្គម ឬតាមប្រព័ន្ធអុីនធឺណិត។ បងប្អូនគួរតែប្រើប្រាស់សេវារបស់គ្រឹះស្ថានហិរញ្ញវត្ថុណា ដែលបងប្អូនស្គាល់ច្បាស់លាស់ មានទីតាំង និងអាជ្ញាប័ណ្ណត្រឹមត្រូវ។ ជាពិសេសសេវាទាំងនោះ បើទាមទារឱ្យបងប្អូនបង់សេវាជាមុន នោះបងប្អូនអាចដឹងបានហើយថា នោះគឺជាក្រុមបោកប្រាស់ ព្រោះគ្រឹះស្ថាន ធនាគារហិរញ្ញវត្ថុ (ត្រឹមត្រូវ) គេនឹងមិនតម្រូវឱ្យបងប្អូនបង់ប្រាក់ជាមុនទេ»។
តាមតួលេខរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ មានជនរងគ្រោះដាក់បណ្តឹងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ មានការកើនឡើងប្រហែលជាង៦០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ ក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
លោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផ្អែកតាមករណីឆបោកដែលបានកើតឡើង នាយកដ្ឋាន បាននិងកំពុងស្រាវជ្រាវ និងតាមដានបង្ក្រាបមុខសញ្ញា ដើម្បីផ្តន្ទាទោសតាមនីតិវិធី។ បន្ថែមពីនេះចំពោះករណីឆបោកដែលបន្លំជាធនាគារបោកប្រាស់ពលរដ្ឋនេះ លោក បានអះអាងថា សមត្ថកិច្ច ក៏កំពុងស្រាវជ្រាវរកជនឆបោកដែលនៅពីក្រោយធនាគារនេះដែរ។
លោក ថ្លែងថា៖«ការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែវិវឌ្ឍ និងបានផ្តល់ភាពងាយស្រួលដល់មនុស្សលោកក្នុងការរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ ឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានប្រើប្រាស់វិស័យនេះ ដើម្បីប្រព្រឹត្តបទល្មើសនានា ជាក់ស្តែងបទល្មើសឆបោកតាមបណ្តាញសង្គម បាននិងកំពុងកើតឡើងនិងវិវឌ្ឍខ្លួនជារៀងរាល់ថ្ងៃ ដែលជាបញ្ហាចម្បងនិងត្រូវដោះស្រាយ»។
គិតត្រឹមដំណាច់ឆ្នាំ២០២២ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន១២៧ ស្ថាប័ន ក្នុងនោះ ចែកចេញជា៤ ប្រភេទ មានធានាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ដោយស្ថាប័នទាំងនោះ (លើកលែងធនាគារ) បានផ្តល់ឥណទានដល់ពលរដ្ឋប្រមាណ២លាននាក់ក្នុងទំហំទឹកប្រាក់សរុបជាង៩ ពាន់លានដុល្លារ ខណៈមានអតិថិជនដាក់ប្រាក់បញ្ជើមានជាង២,៧លាននាក់ ក្នុងទំហំទឹកប្រាក់សរុប៤ ៨០០លានដុល្លារ។ បើតាមការអះអាងរបស់លោក កាំង តុងងី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២០ ខែមេសា៕