ភ្នំពេញៈ ក្រសួងបរិស្ថាន និងទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើក្របខ័ណ្ឌការងារហិរញ្ញប្បទានបៃតង ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ប្រសិទ្ធភាពថាមពល ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន ក៏ដូចជាការអប់រំផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន និងការរស់នៅដោយចីរភាពនៅកម្ពុជា។
ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃ AFD ប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី២០មេសា។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងបរិស្ថាន។
នៅក្នុងជំនួបនេះ លោក សាយ សំអាល់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ជាពិសេសលោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលបានផ្ដល់ការវាយតម្លៃខ្ពស់ដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន និងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកស្រី BOUCHER បានគូសបញ្ជាក់ជូនលោក សាយ សំអាល់ ថា AFD បាននិងកំពុងអនុវត្តគម្រោងជាច្រើននៅកម្ពុជា ដែលមានភាពស៊ីសង្វាក់គ្នាទៅនឹងអាទិភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យបរិស្ថាន។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងបរិស្ថាន៕