សៀមរាបៈមជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) បាន​និង​កំពុងតែ​ធ្វើការ​សហការ​ជាមួយ​អង្គការ​មជ្ឈមណ្ឌល​សម្រាប់​ការស្រាវជ្រាវ​បរិស្ថាន (SFS) លើ​គម្រោង​ស្រាវជ្រាវ​អំពី​សត្វពស់​បឹង​ទន្លេសាប ដោយ​ផ្តោត​ទៅ​លើ​ការនេសាទ​ដោយ​ចៃដន្យ ដែល​ដោយ​មកជាមួយ​ការនេសាទត្រី​នៅ​ចុង​រដូវ​ប្រាំង ដើម្បី​ធ្វើការ​សិក្សា​បន្ត​បន្ថែមទៀត។


មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​បានឱ្យដឹង​ថា ការសិក្សា​បន្ថែម​នេះ គឺយោង​ទៅលើ​គម្រោង​ចាស់​ដែលបាន​ចាប់ផ្តើម​កាល​ពី​ឆ្នាំ២០១៩ ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយក្នុង​ទិនានុ​ប្បវត្តិ​នៃប្រវត្តិសាស្រ្ត​ធម្មជាតិ​កម្ពុជា លេខ៣៨ English et al, 2022។

ការសិក្សា​នេះ​មានគោលបំណង​ដើម្បី​ស៊ើបអង្កេត​ពីការផ្លាស់ប្តូរ​នៃ​ចម្រុះ​ភាព​ប្រភេទ​ពស់​ទឹក ទំហំ និង​ការរាប់​ដោយ​ប្រើ​ទស្សន​វិស័យ​វិនិច្ឆ័យ​លើការប្រែប្រួល​តាម​រដូវកាល និង​ការថយ​ចុះ​នៃ​ចំនួន​ឯកត្តៈ​ដែលប្រមូល​បាន​ដោយសារ​តែការ​ចាប់​ដោយ​ចៃដន្យ​មិនមាន​ការត្រួត​ពិនិត្យ។


ក្នុង​គម្រោង​នេះ ក្រុម​អ្នកស្រាវជ្រាវ​ទទួលបាន​ការជួយ​ជ្រុមជ្រែង​សម្របសម្រួល​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប រដ្ឋបាល​ភូមិ​ឃុំ និង និស្សិត​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា (PUC-Siem Reap Campus) ក្នុង​ការសម្ភាសន៍​អ្នកនេសាទ​មក​ពីភូមិ​នានា​ក្នុង​ឃុំ​កំពង់ឃ្លាំង ដើម្បី​ស្វែងយល់​ពី​រដូវកាល​កំពូល​នៃការចាប់​ដោយ​ចៃដន្យ ភាព​សម្បូរ​បែប​នៃប្រភេទ​ពស់​ដែល​ចាប់ដោយ​ចៃដន្យ និង​ស្ថានភាព​តម្រូវការ​ទីផ្សារ​ពស់​ទឹក​នាពេល​បច្ចុប្បន្ន។ អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យ​មើល​គំរូ​ពស់​ទឹក កំណត់​ប្រភេទ​នីមួយៗ ថ្លឹង​ទម្ងន់ និង​វាស់​ប្រវែង​ផងដែរ។ នេះបើយោង​តាម​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ៕