អូស្រ្តាលី នឹងបន្តជួយជំរុញថាមពលកកើតឡើងវិញ ដើម្បីជួយកម្ពុជាបន្ថយកម្រិតនៃការបំភាយឧស្ម័នកាបូនិច ឱ្យបាន ៤២% មុនឆ្នាំ២០៣០ ខណៈបច្ចុប្បន្នអូស្រា្តលី កំពុងសិក្សាលទ្ធភាពលើគម្រោងបង្កើតកសិដ្ឋានសូឡា នៅក្នុងខេត្តក្រចេះ ដើម្បីផ្គត់ផ្គង់បណ្តាញអគ្គិសនីខ្នាតតូចនាពេលដ៏ខ្លីខាងមុខ។ នេះបើតាមការឱ្យដឹងពីស្ថានទូត អូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៣។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេស អូស្ត្រាលី បានជួយដល់ប្រទេសកម្ពុជាក្នុងការផ្គត់ផ្គង់សេវាអគ្គិសនីប្រកបដោយនិរន្តរភាព ភាពជឿជាក់ និងមានតម្លៃសមរម្យទៅកាន់ភូមិនានាទូទាំងប្រទេស។ ជាមួយគ្នានេះ ការផ្តល់ជំនួយរបស់អូស្រ្តាលី គឺបានជួយឱ្យប្រជាជនតាមជនបទចំនួន ៣១ ០០០ គ្រួសារ ក្នុងប្រទេសកម្ពុជា បានភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារផងដែរ។
ជាក់ស្តែង ដើម្បីជួយជំរុញថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជាបន្ថែមទៀត ថ្មីៗនេះ ក្រុមការងារ កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានធ្វើទស្សនកិច្ចទៅកាន់ឃុំកំពង់ចាម ដែលនៅដាច់ស្រយាលក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីពិភាក្សាអំពីការបង្កើតកសិដ្ឋានសូឡា។
ស្ថានទូតអូស្រ្តាលី បន្តថា៖ «ការសិក្សាលទ្ធភាពបង្កើតកសិដ្ឋានសូឡានៅក្នុងខេត្តក្រចេះ គឺធ្វើឡើង ក្នុងគោលបំណង ផ្គត់ផ្គង់បណ្តាញអគ្គិសនីខ្នាតតូចដល់ភូមិចំនួន ៤ ខណៈតាមរយៈគម្រោងនេះ នឹងជួយប្រជាជនប្រហែល ៤ ០០០ នាក់ ដែលមានជាងពាក់កណ្តាលជាស្ត្រី ឱ្យទទួលបានអគ្គិសនីប្រើប្រាស់ ដែលអាចទុកចិត្តបាន នៅក្នុងផ្ទះរបស់ពួកគេជាលើកដំបូង»។
ក្រៅពីគម្រោងបង្កើតកសិដ្ឋានសូឡានៅក្នុងខេត្តក្រចេះ ដែលគ្រោងដំណើរការនាពេលដ៏ខ្លីខាងមុខនេះហើយនោះ អូស្ត្រាលីក៏កំពុងតែជំរុញថាមពលកកើតឡើងវិញផងដែរ ដើម្បីជួយប្រទេសកម្ពុជា ឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយកម្រិតនៃការបំភាយឧស្ម័នកាបូនិច ឱ្យបាន ៤២% មុនឆ្នាំ ២០៣០ ថែមទៀត។
ក្នុងនោះដែរ តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក៏កំពុងសហការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា និងក្រុមហ៊ុនឯកជនមួយ ក្នុងគោលបំណងតភ្ជាប់បណ្តាញអគ្គិសនីនៅតាមភូមិនានា៕