ភ្នំពេញៈ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​នៅក្នុង​ដើមរដូវ​វស្សា ឆ្នាំ​២០២៣ ដែល​នឹង​ខិតចូល​មកដល់​ក្នុង​ខែឧសភា ខាងមុខនេះ កម្ពុជា​អាច​នឹងមាន​ការកើតឡើង​ជា​ញឹកញាប់​ជាយថាហេតុ​នូវ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ខ្យល់​គួច ហើយក៏​អាច​ប្រឈម​ខ្លាំង​នូវ​កូន​រដូវប្រាំង​ផងដែរ ខណៈ​ក្រសួង​ណែនាំ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាពិសេស​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់​។​ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្ដីពី ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២៣ ចុះ​ថ្ងៃទី​១៩ ខែមេសា ដោយ​យោងតាម​ការវិវឌ្ឍ​អាកាសធាតុ​ជាស​កល តំបន់ ក៏ដូចជា​ផ្ទៃក្នុង​ប្រទេស​។​


សេចក្តីជូនដំណឹង​បន្តថា ផ្អែក​តាម​ការជូនដំណឹង​ជាស​កល ស្តីពី​ស្ថានភាព​សីតុណ្ហភាព លើ​ផ្ទៃ​មហាសមុទ្រ ប៉ាស៊ីហ្វិក បានបង្ហាញ​ឱ្យឃើញថា ក្នុង​ឆ្នាំ​២០២៣ នៅ​កម្ពុជា ចាប់ពី​ខែឧសភា រហូតដល់​ខែសីហា ទទួលរង​នូវ​ឥទ្ធិពល​ពី​បាតុភូត​អែល​នី​ណូ (El Nino) ក្ដៅ មាន ៦០% និង​បាតុភូត អែន​សូ (Neutral) មាន ៤០% ដែលជា​បាតុភូត​អន្តរកាល​ចន្លោះ​រវាង​បាតុភូត​អែល​នី​ណូ (El Nino) និង​ឡា​នី​ណា (La Nina) ។

ចាប់ពី​ខែកញ្ញា​ដល់​ខែវិច្ឆិកា បាតុភូត​អែល​នី​ណូ (El Nino) អាច​នឹង​កើន​ឡើងដល់ ៧០% ទៅ ៨០% និង​បាតុភូត (Neutral) ថយ​មក​នៅ ២០% ទៅ ៣០% ។​


ក្រសួង​ធនធានទឹក បន្តថា នៅ​ដើមរដូវ​វស្សា ឆ្នាំ​២០២៣ នឹង​ចូល​មកដល់​នៅ​សប្តាហ៍​ទី​២ នៃ​ខែឧសភា យឺត​ជាង​ឆ្នាំ​២០២២ ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​មធ្យម និង​របាយ​ទឹកភ្លៀង ធ្លាក់​មិនបាន​រាយប៉ាយ​បានល្អ យោងតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ចលនា​ខ្យល់ និង​កម្តៅ​និង​លក្ខណៈ​ភ្លៀង​ភាគច្រើន​ធ្លាក់​តាម​កន្លែង និង​ដោយផ្ទាល់​។​

ក្រសួង​ធនធានទឹក គូសបញ្ជាក់ថា​៖«​កម្រិត​ទឹកភ្លៀង​មាន​តិចជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ប្រមាណ​ពី ២០% ទៅ ៣០% ។ នៅក្នុង​ដើមរដូវ​វស្សា​នេះ អាច​នឹងមាន​ការកើត​ឡើងជា​ញឹកញាប់​ជាយថាហេតុ​នូវ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ខ្យល់​គួច​»​។​


ប្រភព​ដដែល បន្តទៀតថា រីឯ​ពាក់កណ្តាល​រដូវវស្សា ចាប់ពី​ខែសីហា ដល់​ខែកញ្ញា នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង បរិមាណ​ពី​តិច​ទៅ​មធ្យម និង​ផ្នែក​ខ្លះ​ជា​បង្គួរ ជាមួយនឹង​លក្ខណៈ​ភ្លៀង​ធ្លាក់​ភាគច្រើន ជា​លក្ខណៈ​ផ្ទាល់ មិនជា​ប្រព័ន្ធ​។ ចំណែក​កម្រិត​ទឹកភ្លៀង​ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​ប្រមាណ​ពី ២០% ទៅ ៣០%​។​ ​នៅ​ពាក់កណ្តាល​រដូវវស្សា​ខា​ង​មុខ​នេះ ក៏​នឹង​អាចមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​បង្គួរ​ផងដែរ​។​

​ចុងរដូវ​វស្សា​អាច​នឹង​បញ្ចប់​នៅក្នុង​សប្ដាហ៍​ទី​១ នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​កន្លែង​ខ្លះ​អាច​មិន​ទទួលបាន​ភ្លៀង​។ នៅ​ចុងរដូវ​វស្សា នេះ​ក៏​អាចមាន​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ខ្យល់កួច ក្នុង​កម្រិត​ជា​មធ្យម​ផងដែរ ពិសេស​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​ជាប់​ទន្លេ​។​

ក្រសួង​ធនធានទឹក បាន​ព្យាករ​សម្រាប់ កូន​រដូវប្រាំង​នៅក្នុង​រដូវវស្សា​នេះដែរ​ថា កម្ពុជា នឹង​ប្រឈម​ខ្លាំង​នូវ​កូន​រដូវប្រាំង ដែល​អាច​កើតឡើង នឹង​អូសបន្លាយ​ចាប់ពី​ដើមខែ​កក្កដា រហូតដល់​ដើមខែ​សីហា​។​រីឯ​ស្ថានភាព​ព្យុះ នៅក្នុង​ឆ្នាំ​២០២៣ នេះ ចំនួន​ព្យុះ​អាច​នឹង​កើតឡើង​ក្នុង​រង្វង់​ពី ២៤-២៦​ព្យុះ នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក នឹង​អាចមាន​ព្យុះ​ខ្លះ កើតឡើង​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ព្យាករ និង​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាបជូន​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​សូម​បន្ត​រក្សា និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ជាពិសេស បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។​

ពាក់ព័ន្ធ​នឹង​ខ្យល់​កន្ត្រាក់​នេះដែរ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន បាន​រង​ការខូចខាត​ដែល​បង្កឡើង​ដោយសារ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​។ តួយ៉ាង កាលពី​ល្ងាច ថ្ងៃទី​២២ ខែមេសា មាន​ករណី​ខ្យល់​កន្ត្រាក់​កើតឡើង​បាន​បណ្ដាលឱ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១២​ខ្នង ស្ថិតនៅ​ភូមិ​បន្ទាត់​បោះ​ខ្នា ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៧​ខ្នង រង​ការ​ខូ​ត​ខាត​ក្នុងស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​

ចំណែក​នៅ​ខេត្តបន្ទាយមានជ័យ​វិញ នៅ​ល្ងាច​ថ្ងៃទី​២២ ខែមេសា ដោយមាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បាន​បណ្តាលឱ្យ​ផ្ទាំង​ប៉ាណូ​កាត់​ទទឹងផ្លូវ​ជាតិ​លេខ​៥ មុខ​អធិការនគរបាល​ស្រុក​មង្គលបុរី ក្បែរ​យាយជី​ច្រូតស្រូវ បាន​បាក់​រលំ សង្កត់​ផ្នែក​ខាងក្រោយ​រថយន្ត​កូរ៉េ ១​គ្រឿង​៕