ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបដិសេធនូវការចែកចាយព័ត៌មានមិនពិតតាមរយៈបណ្ដាញសង្គមទាក់ទងនឹងវិធានការសុខាភិបាលមួយចំនួននៅពេលអាកាសធាតុកើនកម្ដៅ ខណៈសង្គមស៊ីវិលចង់ឱ្យក្រសួងបង្កើនការផ្សព្វផ្សាយពីវិធីការពារសុខភាព ក្នុងរដូវក្ដៅ ទៅកាន់ប្រជាពលដ្ឋឱ្យបានញឹកញាប់ដើម្បីបង្កើនការយល់ដឹងឱ្យបានកាន់តែច្រើន។
លោកស្រី ឱ វណ្ណឌីន កាលពីនាយប់ថ្ងៃទី ២២ ខែមេសា បានអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមគួរបញ្ឈប់ការចែកចាយព័ត៌មានមិនពិតបន្តទៀតហើយប្រជាពលរដ្ឋក៏មិនត្រូវជឿទៅលើព័ត៌មានមិនពិតទាក់ទងនឹងវិធានការការពារសុខភាពពេលអាកាសធាតុក្តៅនោះដែរ។
លោកស្រីបានលើកឡើងតាមរយៈប្រព័ន្ធតេឡេក្រាមថា៖«សូមបងប្អូនមេត្តាកុំចែកចាយបន្តនូវព័ត៌មានមិនត្រឹមត្រូវនេះ។ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពីការការពារខ្លួនពេលអាកាសធាតុក្តៅកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៣រួចមកហើយ»។
លោកស្រីឱ វណ្ណឌីនបានលើកឡើងដូចនេះបន្ទាប់ពីមានការចែកចាយនូវខ្លឹមសារមួយដែលបានលើកឡើងថាត្រៀមខ្លួនដើម្បីគ្រប់គ្រងសីតុណ្ហភាព៤០-៥០ដឺក្រ។ផឹកទឹកស្អាតផឹកយឺតៗចៀសវាងការផឹកទឹកត្រជាក់និងទឹកកក។ ប្រសិនបើក្តៅដល់៤០ដឺក្រេអ្នកមិនគួរបន្តផឹកទឹកត្រជាក់ទៀតទេដោយសារតែសរសៃឈាមតូចៗអាចបែកឬផ្ទុះ។
ជាមួយគ្នានេះលោកនុតសម្បត្តិប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រជីវសាស្ត្រនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅថ្ងៃទី២៣ខែមេសាថាក្នុងស្ថានភាពអាកាសធាតុកើនកម្ដៅបែបនេះប្រជាពលរដ្ឋកុំមានការបារម្ភហើយគួរតែធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលនិងមិនត្រូវចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់នោះទេ។
ទន្ទឹមនេះលោកក៏មានសារណែនាំមួយចំនួនផងដែរសម្រាប់ប្រជាពលរដ្ឋត្រៀមការពារខ្លួនដើម្បីកុំឱ្យមានបញ្ហាសុខភាពក្នុងអំឡុងពេលអាកាសធាតុក្ដៅថា៖«ត្រូវហូបទឹកឱ្យបានច្រើនស្លៀកពាក់ខោអាវឱ្យបានជិតនៅពេលដើរចេញទៅខាងក្រៅព្រមទាំងត្រូវមានអនាម័យជុំវិញខ្លួនដោយហូបស្អាតផឹកស្អាតនិងរស់នៅស្អាតពីព្រោះដើម្បីការពារកុំឱ្យមានបញ្ហាជំងឺឆ្លងណាមួយដែលធ្វើឱ្យមានបញ្ហាសុខភាពកើតឡើង»។
ទាក់ទិនរឿងនេះដែរ លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានឱ្យដឹងដែរថានាពេលថ្មីៗនេះរូបលោកក៏បានសង្កេតឃើញថាមានការចែករំលែកនូវព័ត៌មានមួយចំនួនតៗគ្នានៅលើបណ្ដាញសង្គមដែលទាក់ទងនឹងវិធានការការពារខ្លួននិងការពារសុខភាព ដែលការផ្សព្វផ្សាយតគ្នានេះវាអាចជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខណៈពេលអាកាសធាតុកើនឡើងកម្ដៅខ្លាំង។
លោកបានឱ្យដឹងទៀតថាអ្វីដែលក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវធ្វើគឺការបង្កើនការផ្សព្វផ្សាយពីវិធានការការពារនិងការថែរក្សាសុខភាពទៅកាន់ប្រជាពលរដ្ឋឱ្យបានជាប្រចាំក្នុងអំឡុងពេលអាកាសធាតុកើនកម្ដៅ។
លោកប៉ា ចន្ទរឿន ថា៖«ការផ្សព្វផ្សាយតគ្នានេះ ជាភ័ស្តុតាងមួយដែលបង្ហាញពីការបារម្ភនិងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋយើង ទាក់ទងបញ្ហាឡើងកម្ដៅអាកាសធាតុហ្នឹង។ដូច្នេះហើយអ្វីដែលក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើនោះគឺបង្កើនការផ្សព្វផ្សាយអំពីវិធីថែរក្សាការពារសុខភាពរបស់ប្រជាពលរដ្ឋយើងឱ្យបានញឹកញាប់ឱ្យបានច្រើនច្រក»៕