ភ្នំពេញៈ លោក គឹម ឈៀន ជា​នាយក​សាលាបឋមសិក្សា​កោង​យោង ដែល​រស់នៅ​ភូមិ​កោង​យោង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បានសម្រេច​ចិ​ត្ដ​ប្រគល់​វត្ថុ​បុរាណ​ជា​កុលាលភាជន៍​ចំនួន​៧ និង​ឧបករណ៍​ថ្ម​ចំនួន​ ២​ ដុំ ​ជូនសារមន្ទីរ​ធម្មជាតិ​សកល​សម្ដេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ ដើម្បី​រក្សា​ការពារ និង​អភិរក្ស​បន្ដ​។​


យោងតាម​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានឱ្យដឹងថា កាលពី​ថ្ងៃទី​២២ ខែមេសា លោក ម៉ក់ ឌឿ​ង អនុប្រធាននាយកដ្ឋាន​ស្រាវជ្រាវ​បណ្ដុះបណ្ដាល និង​តម្កល់​ឯកសារ ព្រមទាំង​សហការី បាន​ចុះទៅ​ទទួល​កុលាលភាជន៍ និង​ឧបករណ៍​ថ្ម ពី​លោក គឹម ឈៀន ដែល​វត្ថុ​បុរាណ​ទាំង​នោះបាន​ប្រទះឃើញ នៅពេលដែល​កូន​របស់គាត់​ភ្ជួរ​ដី​ធ្វើ​ចម្ការ ដែលមាន​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ភូមិ​។


អាជ្ញាធរ​ជាតិ​ព្រះវិហារ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់ក្នុង និង​តំបន់​ជុំវិញ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ពេល​ប្រទះឃើញ ឬក៏​បាន​រក្សាទុក​វត្ថុ​បុរាណ​នៅតាម​ផ្ទះ សូម​រាយការណ៍ ឬ​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​យកមក​រក្សាទុក​ក្នុង​សារមន្ទីរ ក្នុង​គោលបំណង​រក្សា​ការពារ អភិរក្ស​ក៏ដូចជា​រៀបចំ​ដាក់តាំង​បង្ហាញ សម្រាប់​សា​ធា​រណ​ជន​ទូទៅ​ទស្សនា ស្វែងយល់​ពី​តម្លៃ​នៃ​ប្រវត្តិសាស្ត្រ វប្បធម៌​របស់​ដូនតា​។​


លោក គង់ ពុទ្ធិការ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែមេសា ថា បច្ចុប្បន្ននេះ កុលាលភាជន៍​ចំនួន​៧ និង​ឧបករណ៍​ថ្ម​ចំនួន​២​ដុំ​ត្រូវបាន​មន្ត្រី​នៃ​សារមន្ទីរ​ធម្មជាតិ​សកល​សម្ដេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ កំពុង​ជូត និង​ដុសលាង​សម្អាត ដោយ​មិនទាន់បាន​កំណត់ថា បាន​បង្កើតឡើង​នៅ​ឆ្នាំណា ឬ​មកពី​តំបន់​ណា​នៅឡើយ​ទេ​។​

លោក​ថា ក្រោយពី​បាន​សម្អាត​រួចហើយ ក្រុមមន្ត្រី​ជំនាញ​នឹងធ្វើ​ការសិក្សា កុលាលភាជន៍​ចំនួន​៧ និង​ឧបករណ៍​ថ្ម​ចំនួន​២​ដុំ​នោះ​ថា​ ត្រូវបាន​ធ្វើឡើង​នៅពេលណា​ឱ្យ​ប្រាកដ និង​បាន​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​លើ​យុគសម័យ​កាល​រប​ស់ក​ម្ពុ​ជា​។

លោក គង់ ពុទ្ធិការ បាន​បញ្ជាក់ថា ៖ «​វត្ថុ​បុរាណ​ទាំងនេះ ពិត​ជាមាន​សារៈសំខាន់ សម្រាប់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុងការ​ប្រមូល​យកមក​រក្សាទុក និង​ការពារ​ឱ្យមាន​សុវត្ថិភាព ព្រោះ​ជាស​ម្ប​តិ្ត​វប្បធម៌​មរតក​របស់​ជាតិ​»​។

លោក​បន្តទៀតថា​៖ «​ការប្រគល់​កុលាល​ភាជន៍​នេះ បានន័យថា ប្រជាពលរដ្ឋ​បាន​ទុកចិត្ត​ទៅលើ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ដែលមាន​ការយ​ក​ចិត្ត​ទុកដាក់​ពី​សារៈសំខាន់​វត្ថុ​បុរាណ ទើប​ពួកគាត់​សុខចិត្ត​ប្រគល់​មកឱ្យ​អាជ្ញាធរ​មើល​ការ​ថែ​ទាំ​។​ការណ៍​នេះ​ដោយសារ​យើង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍​ពី​សារប្រយោជន៍​នៃ​វត្ថុ​បុរាណ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ​»​។​

បើតាម លោក គង់ ពុទ្ធិការ កន្លងមក ក៏​ធ្លាប់មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ប្រាសាទព្រះវិហារ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ​បាន​ប្រទះឃើញ​វត្ថុ​បុរាណ ហើយ​យកមក​ឱ្យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​រក្សា និង​ថែទាំ​ច្រើន​ផងដែរ ដោយ​ក្នុងនោះ​មាន​វត្ថុ​បុរាណ​ធ្វើ​ពី​លោហៈ ដី​ដុត សេ​រា​ម៉ិច និង​ឈើ​ជាដើម​៕