ភ្នំពេញៈ ម៉ាស៊ីន BrainsWay Deep Transcranial Magnetic Stimulation (Brainsway Deep TMS) គឺជា​បច្ចេ​ក​វិទ្យា​ចុងក្រោយ ​របស់​ប្រទេស​អ៊ីស្រាអែល និង​សហរដ្ឋ​អា​មេ​រិក​ដោយ​ប្រើ​ដែន​ម៉ាញ៉េទិក​រំញោច​ដល់​ផ្នែក​ជ្រៅ​នៃ​ខួរក្បា​​ល ​​ដែល​ជា​​តំបន់​​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​អារម្មណ៍​ការ​ទាក់ទាញ​ចិត្តនិង​ការចងចាំ ត្រូវបាន​វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវចិត្ត​ម្នាក់​នាំចូល ជា លើកដំបូង​មក​កម្ពុជា។


ការប្រើ​ប្រាស់​ម៉ាស៊ីន​ដែល​ប្រើ​ដែន​ម៉ាញ៉េទិក​នេះគឺ​បាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ជឿ​នលឿន​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះដើម្បី​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្តថប់​បារ​ម្មណ៍និង​ជំងឺ​អូ​ស៊ី​ឌីដោយ​មិនបាច់​ប្រើប្រាស់​ថ្នាំព្រោះ​ដែន​ម៉ាញ៉េ​ទិក​អាច​រំញោច​​ផ្នែក​នៃ​ខួរក្បាល​ដែល​មិន​សកម្មឱ្យ​ចាប់​ផ្តើមធ្វើ​សកម្មភាព​ឡើងវិញដែលជា​លទ្ធផលធ្វើឱ្យ​អ្នក​ជំងឺ​បាន​ប្រសើរ​ពី​ជំងឺ​ទាំង​នេះ​។នេះគឺជា​ការរៀបរាប់​ពី​លោកឈឹមសុធា​រ៉ាអ្នកជំនាញ​ផ្នែក​ផ្លូវចិត្ត។

លោក​ឈឹម សុធា​រ៉ាបាន សម្រេច​ចិត្ត​បញ្ជា​ទិញ​ម៉ាស៊ីន​ដែលមាន​តម្លៃ​ថ្លៃ​ប្រភេទ​នេះ​ពី​ប្រទេស​អ៊ីស្រា​អែល​មក​កាន់​ប្រ​ទេស​​​កម្ពុជា កាល​ពី​ដើម​ខែ​មេសា ឆ្នាំ២០២៣​ហើយ​វាក៏ជា​មាស៊ីន​ដំបូង​បំផុតនៅ​ក្នុ​ងប្រទេស ដែល​មាន​សមត្ថភាព​ផ្តល់​ការ​ព្យាបា​លដល់​អ្ន​កជំងឺដោយ​មិន​ប្រើ​​ថ្នាំ ខណៈ​ប្រទេស​ថៃ​មាន​ត្រឹមតែ​៤គ្រឿង​ប៉ុណ្ណោះ។


វេជ្ជ​បណ្ឌិត​ដែលមា​នប​ទ​ពិ​សោ​ធ​ន៍ជា​ច្រើ​នឆ្នាំ​ ​និង​ធ្លាប់ទ​ទួ​ល​បា​ន​ពាន​រ​ង្វាន់​ណូ​បែ​លអា​ស៊ី​ឆ្នាំ​២​០២២ បាន​និយា​យ​​ប្រា​ប់ភ្នំ​ពេញ​ប៉ុ​ស្តិ៍​នៅ​ថ្ងៃទី​២៣ មេ​សាថា​ ​ដោ​យសា​រ​​តែ​ម៉ាស៊ីន​នេះ មាន​សម​ត្ថ​ភាព​ ​និង​អាចជួ​យដ​ល់​​​អ្នក​ជំងឺ​ផ្លូ​វចិ​ត្ត​បាន​ ទើប​លោក​ស​ម្រេ​ច​ចិ​ត្តចំ​ណា​យថ​វិ​កាដើម្បីប​ញ្ជាទិ​ញ​វាម​ក​ ​ដើម្បី​ជា​ផ្នែ​កមួ​យ​ ​ក្នុង​កា​រផ្ត​ល់​​ការ​ព្យាបា​ល​ដល់​ពលរដ្ឋ​នៅ​ក្នុងប្រទេស។

ការព្យា​បាល​​ដោយ​ប្រើ​ដែន​ម៉ាញ៉េទិក​រំញោច​ខួរក្បាល​ គឺ​អាច​ផ្តល់​ជា​ជម្រើស​ដល់​អ្នកជំងឺ​ស្ថិត​ក្នុង​ប្រភេទ​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ អាច​ទទួលបាន​ការព្យាបាល​នៅក្នុង​ប្រទេស​តាមរយៈ​វិធី​សាស្ត្រ​ទំនើប​នេះ បើទោះ​ជាអ្ន​ក​​ជំ​ងឺ ត្រូវ​ចំណាយ​ថវិ​កា​ ប៉ុន្តែ​វា​ក៏ប្រ​សើ​រជា​ង​គ្មាន​ជ​​ម្រើស ​ហើយ​ត្រូ​វ​ចំណា​យ​ច្រើ​ន ទៅ​ព្យាបា​ល​នៅក្រៅ​ប្រ​ទេ​ស​។


លោក​បាន​រៀប​រា​ប់​ថា៖«TMS អាច​រំញោច​ជ្រៅ​ដល់​ខួរក្បាល​ដែល​អសកម្មព្រោះ​អ្នកជំងឺធ្លាក់​ទឹកចិត្តថប់​បារ​ម្មណ៍និង​ជំងឺ​អូ​ស៊ី​ឌីនឹងធ្វើ​ឱ្យ​ផ្នែក​ខួរក្បាល​ផ្នែ​ក​ខាងមុខ​អសកម្មហើយ​កោសិកា​ខួរក្បាល​ស្វិត​មិនមាន​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សេងៗទៀត​នៅក្នុង​ខួរក្បាល។ខួរក្បាល​ផ្នែក​ខាង​មុខ​នេះមា​នមុ​ខ​ងារ​សំខាន់​ណាស់​សម្រាប់​ការ​ពិ​ចា​រណានិង​ជា​ញា​ណ​​​ដឹង​​ជាមុន​នូវ​ហេតុផលឬ​​អ្វីមួយ​នៅក្នុង​អារម្មណ៍​របស់​យើង។ ប៉ុន្តែ​បើសិន​ជាមនុស្ស​មាន​ជំងឺ​ធ្លាក់​ទឹកចិត្តថប់​បារ​ម្មណ៍និង​ជំងឺ​អូ​ស៊ី​ឌីនោះ​នឹង​ធ្វើឱ្យប៉ះពាល់​ខួរក្បាល​ផ្នែក​ខាង​មុខ​នេះ​ដែល​បង្ហាញ​អា​ការធ្វើ​ឱ្យ​មានការ​ក្រៀម​ក្រំ​ច្រើនភ័យ​ច្រើន​»។

ជាមួយគ្នា​នេះ លោកសុធារ៉ា ក៏បានរំឭកពី​អតីតកាលថា ​អ្នក​កើត​ជំងឺផ្លូវចិត្ត​ដែល​មិនអាច​ព្យាបាល​បាន​ដោយ​​ប្រើប្រាស់​ថ្នាំគឺ​ក្រុមគ្រូពេទ្យតែង​ប្រើ​ប្រាស់​នូវ​វិធី​ឆក់ខ្សែភ្លើងតាមរបៀប​យក​ឧបករណ៍​មាន​ចរន្ត​អគ្គិស​នី​ដាក់​នឹង​ក្បាល​អ្នកជំងឺហើយ​បើកភ្លើង​ក្នុង​កម្រិត​មួយ​ដែល​អាច​ទ្រាំទ្រ​បានដើម្បី​រំញោច​ប្រព័ន្ធ​ខួរក្បាល​ដែល​ខូចខាត។

យ៉ាងណា​វិធី​ចាស់​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្នែក​រាងកាយ​ដទៃទៀតខណៈ​ការប្រើប្រាស់​ម៉ាស៊ីន​ដែល​ប្រើ​ដែន​ម៉ាញ៉េ​ទិក​នេះ​មិន​ធ្វើឱ្យប៉ះពាល់​ទៅដល់​​ផ្នែក​ផ្សេងទៀត​នៃ​រា​ង​កាយ​មនុស្ស​ទេ​ ហើយក៏​មិន​ធ្វើឱ្យមាន​ការ​ឈឺចាប់​នោះ​ដែរ​ព្រោះ​អ្នក​ជំងឺ​អាចធ្វើ​ចលនា​​បានជា​ធម្មតា​ក្រោយ​ការព្យា​បាល។

​លោក​ឈឹម សុធា​រ៉ា បាន​រៀបរាប់ ថា៖«ក្នុងពេល​បច្ចុប្បន្ន​នេះគេ​លែង​ប្រើ​ខ្សែភ្លើង​ឆក់ហើយគឺ​គេ​ប្រើ​ដែន​ម៉ាញ៉េទិកព្រោះ​វា​មិន​ឈ្លានពាន​ទៅ​កោសិកា​ខួរក្បាលវា​មិន​ធ្វើឱ្យ​អ្នកជំងឺ​មានការ​ភ័យខ្លាចរហូត​ធ្វើឱ្យ​អ្នកជំងឺ​ត្រូវ​សន្លប់​ឬ​ប្រកាច់​ឡើយ។ បច្ចេកវិទ្យា​ថ្មីគឺ​មិន​អ៊ីចឹ​ង​ទេព្រោះ​អ្នកជំងឺ​មក​អង្គុយ​ធម្មតាហើយ​យើង​ចំណាយ​ពេល​១០​ទៅ​២០នាទី​យើង​អាច​ត្រឡប់​ទៅផ្ទះ​វិញ​បាន»។

សម្រាប់​ប្រសិទ្ធភាព​នៃ​ការព្យាបាល​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ដែល​ប្រើ​ដែន​ម៉ាញ៉េទិក​នេះ​វិញលោក​វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវចិត្ត​រូបនេះបាន​បញ្ជាក់​ថាព្រោះតែ​ការបញ្ជាទិញ​ជាថ​វិកា​ផ្ទាល់ខ្លួនហើយ​មា​ស៊ីន​ប្រភេទ​នេះ​ក៏មាន​តម្លៃ​ថ្លៃដូច្នេះ​ការព្យាបាល​គឺ​ត្រូវ​ចំណាយ​ថវិកា​ចន្លោះ​ពី៨០ទៅ១០០ដុល្លា​ក្នុង​១ដងដែល​អ្នកជំងឺ​ត្រូវធ្វើ៥​ដងក្នុង១​សប្តាហ៍​ក្នុង​រយៈ​ពេល​៤​ទៅ៦​អាទិ​ត្យ​ដើម្បី​ទទួល​បាន​​ប្រសិទ្ធ​ភា​ព​ដោ​យ​មិនចាំ​បា​ច់​​ប្រើប្រាស់​ថ្នាំ។

លោក​បាន​រៀបរាប់​ថា៖«កោសិកា​ខួរក្បាលវា​ដំណើរការ​ដោយសារ​ចរន្ត​អគ្គិស​នី​រំញោចដើម្បីឱ្យ​កោសិកា​បញ្ចេញ​ជាតិគីមី​មួយចំនួនសម្រាប់​បំពេញ​តម្រូវការ​ធ្វើឱ្យ​យើង​មាន​អារម្មណ៍ល្អ។នៅពេលដែល​យើង​ប្រើ​ដែន​ម៉ាញ៉េទិក​រំញោច​នេះនឹង​ធ្វើឱ្យ​ខួរក្បាល​ផ្នែក​ខាង​មុខ​នេះប​ញ្ចេ​ញ​​ជាតិ​គី​មី​ទាំងនោះ​។​និយាយ​ឱ្យ​មែន​ទែន​ទៅ​អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត​ថប់​អា​រម្ភ​រ​ណ៍ជំ​ងឺ​អូ​ស៊ី​ឌីនិង​ជំងឺផ្លូវចិត្ត​មួយចំនួន​ផ្សេងទៀតគឺអាច​ព្យាបាល​តាម​ម៉ាស៊ីន​នេះបាន​ទាំងអស់»។

ប៉ុន្តែ​ដោយ​សារ​ម៉ា​ស៊ីន​នេះ​ត្រូវបាន​ឆ្លងកាត់​ពី​ស្ថាប័ន Food and Drug Administration របស់​សហរដ្ឋ​អាមេរិកដែល​កំណត់ឱ្យ​ព្យាបាល​សម្រាប់តែ​ជំងឺ៤ប្រភេទគឺ​អ្នកជំងឺ​ធ្លាក់​ទឹកចិត្តថប់​អាម្មរណ៍ជំងឺ​អូ​ស៊ី​ឌីនិង​ការផ្តាច់​បារីបន្ទាប់ពី​ការព្យាបាល​ដោយ​ការប្រើប្រាស់​ថ្នាំ​លែងមាន​ប្រសិទ្ធភាពនិង​អាកា​រជំងឺ​ធ្ងន់ធ្ងរ។

លោកបាន​លម្អិត​ថា៖«FDA នៅ​អាមេរិក​ហ្នឹងគេ​អនុញ្ញាតឱ្យ​ព្យាបាល​អ្នកជំងឺ៤មុខ​ហ្នឹងប៉ុន្តែ​ជា​ជំងឺ​ដែល​អ្នកជំងឺ​ប្រើ​ថ្នាំ​លែង​ត្រូវព្រោះ​អ្នកជំងឺ​ជាច្រើននៅពេល​ព្យាបាល​ជំងឺ​យូរ​ទៅប្រសិទ្ធភាព​ថ្នាំ​លែង​ត្រូវដែល​ធ្វើឱ្យ​គាត់​លែង​ប្រសើរអត់​មាន​អារម្មណ៍ល្អហើយ​ការព្យាបាល​ដូរ​ថ្នាំ​ច្រើន​មុខ​ហើយនៅតែ​អ​ត់​មាន​លទ្ធផលគឺ​គេ​អនុ​ញ្ញាត។ ១ទៀត​អ្នកជំងឺ​ដែល​គាត់​ធ្វើទុក្ខ​ខ្លាំងព្រោះថ្នាំ​ផ្លូវចិត្ត​មិនធម្មតា​ទេគឺ​ខ្លាំងណាស់​អ្នកជំងឺ​ខ្លះទទួល​បាន​ប៉ុន្តែ​អ្នកជំងឺ​ខ្លះដាក់​ទៅធ្វើ​ទុក្ខ​ខ្លាំង​ព្យា​បាល​អត់​កើត»។

ទោះ​យ៉ាងណា​លោក​ឈឹម សុធា​រ៉ា នៅតែ​អះអាងថា ការព្យា​បាល​ជំងឺផ្លូ​វចិត្តគឺ​អាស្រ័យ​លើកត្តា​រួមផ្សំហើយ​ការប្រើប្រាស់​ម៉ាស៊ីន​ដែន​ម៉ាញ៉េទិក​រំញោច​ខួរក្បាល​នេះគឺ​គ្រាន់​​តែ​បង្ក​ឱ្យ​អ្នកជំងឺ​មាន​ជម្រើស​ច្រើន​ក្នុងការ​ព្យាបាល​តែ​ប៉ុណ្ណោះ​ហើយ​ការព្យា​បាល​​គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​អ្នកជំងឺ​ផ​ងដែរ។

លោកបានបញ្ជាក់​ថា៖«យើង​មិន​អួត​ពី​សមត្ថភាព​ម៉ាស៊ីន​នេះ​ទេព្រោះ​ជួនកាល​មនុស្ស​យើងម្នាក់ៗគឺ​ខុស​ៗគ្នា។អ៊ីចឹ​ង​លទ្ធផលនិង​ប្រសិទ្ធភាព​នៃ​ការព្យាបាលគឺ​ខុសគ្នាព្រោះ​អ្នកខ្លះព្យាបាល​ត្រឹម៣ទៅ៤ដងក៏​ឃើញ​ភាព​ប្រសើរ​អ្នក​ខ្លះ​ចប់ (៤ទៅ៦សប្តាហ៍) បាន​ប្រសើរដោយ​ឡែក​អ្នក​ខ្លះទៀ​ត​ក៏​​អត់​ឃើញ​ប្រសើរ​ដែរ។យើង​មិន​ផ្សព្វ​​ផ្សាយ​ឱ្យ​បងប្អូន​ប្រើ​ទេយើង​ចង់ឱ្យ​បងប្អូន​ស្វែងយល់​ឱ្យ​ច្បា​ស់សិនហើយ​សម្រេច​ដោយ​ខ្លួនឯង​ចៀស​វាង​ការខក​ចិត្ត។គ្រាន់តែ​ខ្ញុំឃើញ​បទពិ​សោធន៍​ល្អពី​ប្រទេស​គេទើប​ខ្ញុំសម្រេច​ចិត្ត​នាំយកមក​ជាពិសេ​ស​គឺ​​អ្នក​ជំ​ងឺ​​មិនចាំ​បា​ច់​​ប្រើ​ប្រាស់​​ថ្នាំ»។​

លោ​ក​ស្រី ​ស៊ុន សូលី​ដា ​អ្នក​ចិត្ត​សាស្ត្រ​​​នៃ​អង្គការ TPO កម្ពុ​ជា​ ​បា​ននិ​យាយ​ថា​ ​វាគឺ​ជា​ដំណឹ​ង​ល្អ​ដែ​លក​ម្ពុ​ជា​ ​មា​ន​ម៉ា​ស៊ីន​ប្រភេទ​នេះ​ ស​ម្រា​ប់ព្យា​បា​លនៅក្នុង​ប្រទេ​ស​។​ អ្ន​ក​ស្រី ​និយា​យ​​ថា TPO ​មិ​ន​ទាន់​មា​ន​លទ្ធ​ភា​ព​ ស​ម្រា​ប់ប​​ញ្ជាទិ​ញ​​ម៉ាស៊ីន​នេះនៅ​ឡើ​យទេ​ ​ប៉ុន្តែ​លោក​ស្រី​ ជឿ​ថា ជម្រើសថ្មីនេះ ​នឹ​ង​ចូ​ល​រួម​ជួយ​ដ​ល់​ពល​រ​ដ្ឋក​ម្ពុ​ជា​ ឱ្យ​អា​ចមាន​​ជម្រើស​ច្រើន​ក្នុងការស្វែងរ​កសេ​វា​ព្យាបា​ល ​មុន​នឹ​ង​ស​ម្រេច​ទៅទ​ទួ​លសេ​វា​ព្យា​បាល​នៅ​ក្រៅ​ប្រទេ​ស​។​

លោ​ក​ស្រី ​បា​នប​ញ្ជា​ក់​ថា​៖«​បើនិ​យាយ​ពី​ការ​ព្យា​បាល​ដោ​យម៉ា​ស៊ី​ននេះ​ ​គឺ​ភាគ​ច្រើ​ន​មាន​នៅ​ក្នុ​ងប្រ​ទេ​សអ​ភិ​វ​ឌ្ឍ​ន៍​ ​ហើ​យ​​ច្រើន​តែអ្ន​ក​មាន​ជី​វភា​ព​ល្អ​ និ​ង​អ្នក​ដែ​ល​ឆ្ល​ង​កា​ត់កា​រ​សិក្សា​ទៀ​ត​ ទើ​ប​គាត់​បាន​ដឹ​ងពី​ប្រ​សិ​ទ្ធ​ភាព​ ​និ​ងគុ​ណ​ត​ម្លៃ។ បើ​សិន​​ជាធៀប​នឹ​ងស្រុ​ក​ខ្មែរ​យើ​ង គឺថ្មី​មែ​នទែ​ន​ ប៉ុន្តែក៏​មា​នបុ​គ្គ​លមួ​យ​ចំនួ​ន​ ទ​ទួ​ល​បា​នកា​រ​​​ព្យាបា​ល​​នៅ​ប្រទេស​ផ្សេង​​​ៗ​ដែរ។ សម្រាប់អ្ន​កជំ​ងឺដែ​ល​ធ្លា​ក់ក្នុ​​ង​ស្ថាន​ភាព​យ៉ា​ប់ខ្លាំ​ង​ នេះ​គឺ​ជា​ឱកា​ស​ល្អស​ម្រា​ប់​​ពួកគា​ត់​​​ក្នុង​កា​រទ​ទួ​លបា​ន​ការ​ព្យា​បាល​»៕