ភ្នំពេញៈ បេឡា​ជាតិ​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​.) ទទួលបាន​ការចុះឈ្មោះ​ចូល​ជា​សមាជិក​សាកល្បង​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ពី​បុគ្គល​ស្វ័យ​និ​យោជន៍​ជិត ​១ ០០០ នាក់ ខណៈ​មន្ត្រី​អំពាវនាវ​ឱ្យ​បុគ្គល​ស្វ័យ​និ​យោជន៍ ដែលជា​អ្នកបើកបរ​ត្រីចក្រយានយន្ត (​ម៉ូតូ​កង់ ៣) ចុះឈ្មោះ​ចូល​ជា​សមាជិក​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​។​


​កាលពី​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ ២០២៣ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​ដាក់ឱ្យអនុវត្ត​គម្រោង​សាក​ល្បង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​​ស្វ័យ​និ​យោជន៍ ដែលជា​អ្នក​បើកបរ​ត្រីចក្រយានយន្ត (​ម៉ូតូ​កង់​ ៣) ក្នុង​រាជធានី​ភ្នំពេញ អាច​ទទួលបាន​ការធានា​រ៉ាប់រង​សុខភាព ចាប់ពី​ថ្ងៃទី​ ១ ខែ​មេ​សា តទៅ​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៥ មេសា​ថា បន្ទាប់ពី​ប្រកាស​ដាក់ឱ្យអនុវត្ត គឺ​រហូតមក​ដល់ពេលនេះ មាន​បុគ្គល​ស្វ័យ​និ​យោជន៍ ដែលជា​អ្នកបើកបរ​ម៉ូតូ​កង់​ ៣ ជិត​ ១ ០០០ នាក់​បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក​របស់ ប​.​ស​.​ស​។


​លោក​បញ្ជាក់ថា​៖ «​សម្រាប់​ការអនុវត្ត​គម្រោង​សាកល្បង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ស្វ័យ​និ​យោ​ជន៍នេះ ដែល​ទើប​ចាប់​ផ្តើម​ចុះ​បញ្ជិកា​ចាប់ពី​ថ្ងៃទី ​១ មេសា រហូតមកដល់​ពេលនេះ គឺមាន​អ្នក​មក​ចុះបញ្ជី​ចំនួន ៩៧២ ​នាក់ ហើយ​សម្រាប់​ការទទួល​ផល គឺ​មិនទាន់មាន​អ្នក​ទៅ​ទទួល​សេវា​ទេ ព្រោះ​វា​ទើបតែ​ដំណើរការ​»​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ និយាយថា គម្រោង​សាកល្បង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ស្វ័យ​និ​យោ​ជន៍នេះ នឹង​ក្លាយជា​យន្តការ​សិក្សា​សម្រាប់​ការ​ពង្រីក​នៃ​ការ​គ្របដណ្តប់​របប​សន្តិសុខ​សង្គម​សម្រាប់​គ្រប់​បុគ្គល​ស្វ័យ​និ​យោជន៍​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នេះ​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្ត​គោ​លន​យោ​បាយ​គាំពារ​សង្គម​កម្ពុជា​។ ដូច្នេះ​លោក​អំពាវនាវ​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ ដែលជា​អ្នកបើកបរ​ម៉ូតូ​កង់​ ៣ នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យមក​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ហើយ​បង់​ភាគទាន ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី ប​.​ស​.​ស​។​


​ដើម្បី​ចុះឈ្មោះ​ចូល​ជាស​មា​​ជិ​ក​នោះ អ្នកបើកបរ​ម៉ូតូ​កង់ ​៣ ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​បណ្ណ​សម្គាល់​យានយន្ត​មកកាន់​ទីស្នាក់ការ​កណ្តាល​របស់ ប​.​ស​.​ស ឬ​ចុះឈ្មោះ​តាមរយៈ​កម្មវិធី NSSF-PilotScheme រីឯ​ថ្លៃ​ភាគទាន​ប្រចាំខែ ដែល​ត្រូវ​បង់ គឺមាន​ចំនួន ១៥ ៦០០​ រៀល ហើយ​បន្ទាប់ពី​បង់ថ្លៃ​ភាគទាន​ចំនួន ២​ ខែ​ជាប់​គ្នា ពួកគាត់​នឹង​អាច​ទទួលបាន​សេវា​ព្យាបាល​ជំងឺ​ក្នុង​មណ្ឌល​សុខភាព​ដែល​ទទួលស្គាល់​ដោយ ប​.​ស​.​ស​.​ក៏ដូចជា សេវា​សម្ភព និង​សេវា​សង្គ្រោះបន្ទាន់​។ នេះ​បើតាម​ការណែនាំ​អំពី​នីតិវិធី​របស់ ប​.​ស​.​ស​។​

​គម្រោង​សាកល្បង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ពី​បុគ្គល​ស្វ័យ​និ​យោ​​ជន៍ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​សហ​​ការ​រវាង ប​.​ស​.​ស និង​អង្គការ​ហ្រេ្គត ដោយមាន​ការគាំទ្រ​ពី AFD ដើម្បី​សម្រេចបាន​នូវ​ប្រព័ន្ធ​សន្តិសុខ​សង្គម​រួមបញ្ចូល​គ្នា​សម្រាប់​អ្នក​បម្រើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូច​ជា​អ្នកបើកបរ​ត្រីចក្រយានយន្ត និង​អ្នក​បម្រើការ​តាម​ផ្ទះ ខណៈ​បច្ចុប្បន្ននេះ អ្នក​បម្រើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​ជាង​៦៥​ភាគរយ​នៃ​សេដ្ឋ​-​កិច្ច​កម្ពុជា​។

​លោក Emmanuel Dollfus នាយករង​ប្រចាំ​ប្រទេស​នៃ AFD កម្ពុជា បាន​និយាយថា នេះ​គឺជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​ដែល ប​.​ស​.​ស កំពុង​ពង្រីក​វិសាលភាព​ដើម្បី​រួម​បញ្ចូល​អ្នក​បម្រើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចូលទៅក្នុង​របប​ថា្នក់​ជាតិ​មួយ​នេះ​។​

លោកបាន​បញ្ជាក់ថា​៖ «​មាន​ភារកិច្ច​សំខាន់​មួយ​នៅពេល​ខាងមុខ ដើម្បី​ពង្រីក​ការ​គ្រប​​ដណ្ដប់ និង​ភាព​គ្រប់គ្រាន់​នៃ​ការ​គាំពារ​សង្គម​។ ភារកិច្ច​នេះ​គឺជា​អាទិភាព​»​។​

​ចំណែក​លោក Damien Thibaut អគ្គនាយករង​អង្គការ ហ្រ្គេ​ត ដែលជា​ស្ថាប័ន​ចូលរួម​អនុវត្ត​គម្រោង​នេះ បាន​រំពឹងថា​៖ «(​គម្រោង​នេះ​) ​វា​នឹង​បង្កើន​សាមគ្គីភាព​រវាង​ប្រជាជន ក៏​ដូច​ជាការ​ធានាឱ្យមាន​សង្គម​ដែលមាន​ភាពរួបរួម​គ្នា ដែល​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស និង​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​ចីរភាព​»៕