ភ្នំពេញៈ រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ និង​ក្លិប​អ្នក​កាសែត​កម្ពុជា​ សហ​ការ​រៀបចំ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​អ្នក​សារ​ព័ត៌​មាន​លើក​ទី​២​ ស្តីពី «​ការ​ចូល​រួម​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើម្បី​តំបន់​ទន្លេ​មេគង្គ​សន្តិភាព ស្ថិរ​ភាព​និង​វិបុល​ភាព​» ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​អ្នក​សារ​ព័ត៌មាន​សំដៅ​ធ្វើ​សេចក្តី​រាយ​ការណ៍​ពី​សក្តានុ​ពល​ដែល​ធានា​និរន្តរ​ភាព​ដល់​ទន្លេ​មេគង្គ​។​


​សិក្ខា​សាលា​នេះ​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​២៦-២៨ ​ខែ​មេសា នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​ដោយមា​ន​សិក្ខា​កាម​ចូល​រួម​ចំនួន​៦៩​នាក់​ក្នុង​នោះ​មកពី​អង្គភា​ព​សារព័​ត៌មា​ន​កម្ពុជា​១២​អង្គភាព​ដែល​មាន​អ្នក​សារព័​ត៌មាន​ចំនួន​២៨​នាក់​ ព្រ​មទាំង​អ្នក​សារព័ត៌​មាន​និង​ភ្ញៀវ​មកពី​ប្រទេស​ជាប់​ទន្លេ​មេគង្គ ​ចិន ឡាវ មី​យ៉ាន់​ម៉ា ​ថៃ និង​វៀត​ណាម សរុប​ចំនួន​១៣​នាក់ និង​ថ្នាក់​ដឹក​នាំ​មកពី​ស្ថា​ប័ន​ពាក់ព័​ន្ធ​។​


​ប្រធាន​វិទ្យា​សា្ថ​ន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រា​ជបណ្ឌិត្យ​សភា​កម្ពុជា​លោក​គិ​ន ភា បាន​ថ្លែងថា​ កម្មវិធី​សិក្ខាសា​លា​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​បាឋក​ថា​របស់​អ្នក​ជំនាញ ​កិច្ច​សន្ទនា​ ការ​ពិភាក្សា​ជា​ក្រុម​បើក​ចំហ ​ករណី​សិក្សា ការ​ចែក​រំលែក​ព័ត៌មាន​និង​ការ​ធ្វើ​របាយ​ការណ៍​ជា​លាយ​លក្ខណ៍​អក្ស​រនិង​សោត​ទស្សន៍​អំពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​តំបន់​មេ​គង្គ ។​

​លោក​បាន​បញ្ជាក់​ថា​៖«​ក្នុង​ន័យ​នេះអ្ន​កសារព័​ត៌មាន​ពិត​ជាមាន​តួនាទី​សំខាន់​ណាស់​ក្នុង​នាំមក​នូវ​ព័ត៌​មាន​ពិត​អំពី​តំបន់​មេគង្គ ​និង​រួម​ចំណែក​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធ្វើឱ្យ​តំបន់​មេគង្គ​មាន​សន្តិ​ភាព ស្ថិ​រភាព​ និង​វិបុល​ភាព​»​។​


​លោក​ឱ្យ​ដឹង​ថា ​ប្រទេស​ទាំង​៦​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ត្រូវបាន​ញាំ​ញី​ជា​យូរ​មកហើយ​ដោយ​ការ​គ្រប់​គ្រង​ធនធាន​ទឹក ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ការវិនិ​យោគ​និង​ការ​ការពារ​បរិស្ថាន ​និង​អេកូឡូ​ស៊ី​នៅ​តាម​ច្រាំង​ទន្លេ​របស់​ខ្លួន​។

លោក​បាន​ថ្លែង​ថា​៖«​ដូច្នេះ​ប្រទេស​ទាំង​៦នៃ​តំបន់​មេគង្គ​-​ឡាន​ឆាង​ តែង​តែ​បន្ត​ការ​ពិគ្រោះ​យោ​បល់​កិច្ច​សន្ទនា ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ន៍និង​គម្រោង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​និង​ភាព​ជឿ​ជាក់​គា្ន​ទៅ​វិញ​ទៅ​មក និង​ការ​ពង្រឹង​កម្រិត​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្នា​»​។​

​លោក​ គី សុខ​លីម ទីប្រឹក្សា​ក្លិប​អ្នក​កាសែត​កម្ពុជា​បាន​ថ្លែង​ថា តាមរយៈ​សិក្ខា​សាលា​រយៈ​ពេល​៣​ថ្ងៃនេះ​ សង្ឃឹម​ថា​ សិក្ខា​កាម​ទាំង​អស់ ក្នុង​នោះ​អ្នក​សារ​ព័ត៌​មាន​ខ្មែរ និង​បរទេស ​អាច​មាន​គំនិត​ធ្វើ​សេចក្តី​រាយកា​រណ៍​ពី​ប្រធាន​បទ​អ្វី​មួយ​ពាក់​ព័ន្ធ​តំបន់​មេ​គង្គ​។

លោក​ថា​៖«​នៅ​ពេល​យើង​និយាយ​ពី​សន្តិ​ភាព​ យើង​ចង់​លើក​ជា​គំនិត​មួយគឺ​ទំនាក់​ទំនង​រវាង​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ទន្លេ​មេគង្គ ​ពេល​ខ្លះ​យើង​អត់​សូវ​ឱ្យ​ពលរដ្ឋ​និង​ពលរដ្ឋ​យល់​គ្នា​ប៉ុន្មាន​ទេ​។​អ៊ីចឹ​ង​សម្រាប់​ខ្ញុំ​អ្នកសា​រព័ត៌​មាន​ក្នុង​ប្រទេស​នីមួយៗ​ក្នុង​តំបន់​ទន្លេមេ​គង្គ​គួរតែ​ធ្វើ​សេចក្តី​រាយ​ការណ៍​ឱ្យបាន​ច្រើន​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​តំបន់​អាច​យល់​គ្នា​បាន ​អាច​ស្រឡាញ់​គ្នា ហើយ​អាច​អភិវឌ្ឍ​តំបន់​ទន្លេមេ​គង្គ​រួម​គ្នា​»​។​

​លោក​បន្ថែម​ថា ក្នុង​សេចក្តី​រាយ​ការណ៍​នោះ​អាច​និយាយ​ពី​សក្តានុ​ពល​របស់​តំបន់​ទន្លេមេ​គង្គ ​និយាយ​ពី​ស្ថាន​ភាព​ពលរដ្ឋ​នៅ​តំបន់​ទន្លេ​មេគង្គ​ប្រសើរ​ហើយ​ឬ​នៅ? មាន​បញ្ហា​ប្រឈម​អ្វីខ្លះ? ក​ម្រិតជី​វភាព និង​របៀប​រស់នៅ​រប​ស់គា​ត់​។​លោក​ថា​៖«ខ្ញុំ​គិតថា​សេចក្តី​រាយកា​រណ៍​ទាំង​អស់នេះ​សុទ្ធ​តែមាន​សារៈសំ​ខាន់​ទាំង​អស់ស​ម្រាប់​អ្នកអាន​នៅ​ក្នុង​ប្រទេស​នី​មួយៗ​»​។​

​អ្នក​សារព័​ត៌មាន Free​lancer ១រូប​ដែល​បាន​ចូលរួម​សិក្ខា​សាលា​នេះ ​អ្នក​នាង សែម ពិសី បាន​ថ្លែង​ថា ​នេះ​គឺជា​លើក​ទី​១​ដែល​បាន​ចូលរួម​សិក្ខា​សាលាលើ​ប្រធាន​បទ​នេះ ​ដោយ​ចាត់​ទុកថា​​ពិត​ជាមាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក​សារ​ព័ត៌​មាន​។

អ្នក​នាង​បាន​ថ្លែង​ថា​៖«​ដោយ​សារតែ​ទន្លេ​មេគង្គ​គឺជា​ប្រភព​ធនធាន​ទឹក​សំខាន់​សម្រាប់​ប្រជា​ជន​រស់នៅ​ជាប់​តំបន់​ទន្លេ​ដូច្នេះ​ទាម​ទារ​ឱ្យ​យើង​ដឹង​ពី​សក្តានុ​ពល​ទន្លេ​ ហើយ​ក្នុង​នាម​យើង​ជា​អ្នក​សារ​ព័ត៌មា​ន ​តើ​យើង​គួរតែ​រាយការណ៍​ក៏​ដូច​ជា​ចូល​រួម​បែប​ណា​ក្នុង​ការ​លើក​កម្ពស់​ទន្លេ​មេ​គង្គ​ដើម្បី​ថែរក្សា​ប្រភព​ធន​ធាន?​»​។​

​សិក្ខា​សាលា​បណ្តុះ​បណ្ដាល​អ្នកសារ​ព័ត៌​មាន​លើក​ទី​២​នេះ​ធ្វើឡើ​ង​ក្នុង​គោល​បំណ​ងលើកក​ម្ពស់​ការយ​ល់ដឹង​និង​ស្វែង​យល់​អំពី​ប្រព័ន្ធ​នយោ​បាយ​និង​ប្រព័ន្ធ​បោះ​ឆ្នោត​ ដំណើរការ​ប្រ​ជាធិប​តេយ្យ និង​ការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​ប្រទេស​ក្នុង​តំបន់​មេគង្គ​។​ពិនិត្យ​មើល​ទិដ្ឋ​ភាព​បរិ​ស្ថាន សេដ្ឋ​កិច្ច​សង្គម​ និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​មេគង្គ ​និង​ពិនិត្យ​មើល​ក្រប​ខ័ណ្ឌ​កិច្ច​សហ​ប្រតិ​បត្តិការ​នា​នា​នៅ​តំបន់​មេគង្គរួ​មទាំង​របៀប​វារៈ​នយោ​បាយ​និង​ប្រតិ​បត្តិ​ការសំខាន់ៗ​។​គោល​បំណង​បន្ថែម​ទៀត​នោះគឺ​លើក​កម្ពស់​ទំនាក់​ទំនង​និង​កា​រអនុវត្ត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាន់​តែ​ប្រសើរ​ឡើង​អំពី​ប្រព័ន្ធ​នយោ​បាយ​និង​ការ​បោះឆ្នោ​ត​នៅ​ក្នុង​តំបន់​មេគ​ង្គ​៕