កំ​ពតៈ ស្នងការ​នគរបាល​ខេត្តកំពត បានធ្វើការ​ឃាត់ខ្លួន​លោក គឹម បញ្ញា អភិបាលរងក្រុង​បូកគោ ដើម្បី​បន្ត​នីតិវិធី​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា​លើ​ភរិយា ក្រោយ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី ​២៥ មេសា ជុំវិញ​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ជា​ភរិយា​។​


​កាលពី​ថ្ងៃទី​ ២៥ មេសា អ្នក​ស្រី​ម៉ាត់ លក្ខិណា ដែលជា​ភរិយា​លោក​គឹម បញ្ញា មាន​តួនាទី​ជា​អភិបាលរងក្រុង​បូកគោ ខេត្តកំពត បាន​បង្ហោះ​នូវ​សារ ​១​ដោយ​ភ្ជាប់​ជាមួយ​វីដេអូ និង​រូបថត​ដែល​នាង​បាន​រង​នូវ​អំពើហិង្សា ជាមួយនឹង​ការរៀបរាប់​ពី​ការ​ឈឺចាប់​។ ការ​បង្ហោះ​សារ​នោះ ក៏បាន​អំពាវនាវ​ឱ្យ​សាធារណជន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​រក​យុ​តិ្ត​ធម៌​ដល់​រូប​នាង បន្ទាប់ពី​ទទួលរង​នូវ​អំពើហិង្សា​ជា​ញឹកញាប់ បើទោះជា​ស្វាមី ធ្លាប់​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​អំពើហិង្សា​ក្តី​ក៏​អ្នកស្រី​នៅតែ​បន្ត​ទទួលរង​អំពើហិង្សា​ដដែល ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកស្រី​ទ្រាំលែងបាន​។​

​អ្នកស្រី ម៉ាត់ លក្ខិណា បាន​សរសេរ​ក្នុងន័យ​ដើម​ថា​៖ «​នាង​ខ្ញុំ​បានរួម​រស់នៅ​ជាមួយគ្នា​តាំងពី​ឆ្នាំ​ ២០១៩ ដែល​នៅក្នុង​អំឡុងពេល​រួម​រស់នៅ​ជាមួយ​គាត់ នាង​ខ្ញុំ​មិនដែល​បានទទួល​ការ​ស្រឡាញ់ មានតែ​ការឈឺចាប់​ទាំង​រាង​កាយ និង​ផ្លូវចិត្ត​។ គាត់​បាន​ប្រើ​អំពើហិង្សា​ដាក់​នាង​ខ្ញុំ​ម្តង​ហើយ​ម្តងទៀត ទាំង​ដែល​គាត់​ធ្លាប់ធ្វើ​កិច្ច​សន្យាថា គាត់​ឈប់​ប្រើ​អំពើហិង្សា ដាក់​នាង​ខ្ញុំ​ទៀតហើយ​។ តែ​គាត់​នៅតែ​បន្ត​វាយដំ​រូបនាង​ខ្ញុំ មករ​ហូត រហូតមកដល់​ពេលនេះ នាង​ខ្ញុំ​ឆ្អែត​នឹង​ទង្វើ​ដែល​គាត់​បានធ្វើ​មកកាន់​នាង​ខ្ញុំ​នឹង​អស់​ការ​ទ្រាំ​បន្តទៀត​»​។​


​ក្រោយ​មានការ​ចែកចាយ​នូវ​សំណេរ​ទាំងនោះ​ជា​បន្តបន្ទាប់ មិន​ដល់​ ២៤ ម៉ោង​ផង ស្នងការ​នគរបាល​ខេត្តកំពត​បានធ្វើការ​កោះអញ្ជើញ​លោក គឹម​បញ្ញា ដែលជា​អភិបាលរងក្រុង​បូកគោ​ទៅ​ឆ្លើយបំភ្លឺ ជុំវិញ​ករណី​ហិង្សា​លើ​ភរិយា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។ មិន​ដល់ ​១ ​ម៉ោង​ផង លោក គឹម​ បញ្ញា បាន​ទៅ​បង្ហាញខ្លួន​តាម​ការ​កោះ​​អញ្ជើញ ហើយ​ក្រោយមក​ត្រូវបាន​ស្នងការ​នគរបាល​ខេត្តកំពត ធ្វើការ​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី​ទៅ​តុលាការ ពាក់​ព​ន្ធ័​ករណី​ហិង្សា​លើ​ភរិយា​។​

​ស្នងការ​នគរបាល​ខេត្តកំពត បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​យប់​ថ្ងៃទី​ ២៥ ខែមេសា​ថា៖ «​ក្រោយ​ធ្វើការ​សាកសួរ​បំភ្លឺ នឹង​ទទួល​បណ្តឹង​ពី​ភរិយា​លោក គឹម បញ្ញា អភិបាលរងក្រុង​បូកគោ សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​ដោយបាន​គោលការណ៍​ណែ​នាំ​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា សម្រេច ឃាត់ខ្លួន​លោក គឹម បញ្ញា ដើម្បី​បន្ត​នីតិ​​វិធី​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ភរិយា​»​។​


​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរ​បាល​ខេត្តកំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ ខែមេសា​ថា លោក គឹម បញ្ញា នឹងត្រូវ​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​ ២៧ ខែមេសា ពាក់ព័ន្ធ​នឹង​បទល្មើស​ហិង្សា​។ លោក​បាន​បញ្ជាក់ថា នៅពេល​ដល់​នីតិវិធី​នៃ​ការឃុំខ្លួន ឬ​ចោទប្រកាន់​ក្នុងករណី​ដែល​គាត់​ជា អ្នករាជការ​សាធារណៈ បាន​ប្រព្រឹត្ត​បទល្មើស នោះ​សាមីខ្លួន នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​ហើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​‍​អំពើហិង្សា​មិនមែនជា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ក្នុង​គ្រួសារ​នោះទេ ទោះបី​យើង​ជា​មន្ត្រីរាជការ​ដូចគ្នា ត្រូវតែ​អនុវត្តតាម​ផ្លូវច្បាប់​។ យើង​មាន​ភ័ស្តុតាង​ទី ​១ គឺ​រូបភាព និង​វីដេអូ​ដែល​គ្រួសារ​គាត់ បាន​បង្ហោះ​ដូច​អ៊ីចឹង ហើយ​ ១​ ទៀត គឺ​យើង​បាន​ហៅ​គាត់​មក​សួរនាំ​ពី​ករណី​ហ្នឹង ហើយ​កើតមាន​ច្រើនលើកច្រើនសា ពេក ហើយ​គាត់​បាន​សារភាពថា ខ្លួន​បាន​ប្រើប្រាស់​អំពើហិង្សា​»​។

​លោកស្រី ស ស៊ី​ណែ​ត អគ្គនាយិកា​​រង នៃ​ក្រសួង​កិច្ចការនារី បាន​ប្រាប់​ភ្នំ​​ពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៥ មេសា ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាមៗ ក្រសួង​កិច្ចការនារី បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​មាន​ចំណាត់ការ​លើ​ករណីនេះ និង​ក៏បាន​ទាក់ទង​ដោយផ្ទាល់​ជាមួយនឹង​ជនរងគ្រោះ​ផងដែរ​។ លោកស្រី បាន​បន្តថា មកដល់ពេលនេះ ក្រុមការងារ​ផ្នែក​យេនឌ័រ និង​ទប់​ស្កាត់​អំពើហិង្សា បាន​ចូលទៅ​ការពារ​ជនរងគ្រោះ រួមទាំង​ផ្តល់​សេវា​មួយចំនួន ដែល​ជនរងគ្រោះ​ត្រូវការ​ផងដែរ​។​

​លោកស្រី បាន​រៀបរាប់ថា​៖ ​​«​យើង​សំណូមពរ និង​ចង់ឱ្យ​ជនរងគ្រោះ ត្រូវ​បំបែក​ភាព​ស្ងៀមស្ងាត់ ចាប់ផ្តើម​ពី​ខ្លួន​​យើង រឹងមាំ ត្រូវ​ស្វែងរក​សេវា​ដែល​នៅ​ជិត​ខ្លួន​បំផុត ព្រោះ​ការស្វែងរក​សេវា គឺអាច​ជួយ​យើង​ឱ្យ​រួច​ផុតពី​អំពើហិង្សា​បាន​»​។​

​លោកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ បាន​និយាយថា អំពើហិង្សា​នៅក្នុង​គ្រួសារ មិន​ថា​នៅក្នុង​ឋានៈ និង​តួនាទី​ណា​នោះទេ ជន​ប្រព្រឹត្ត​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​។ ប៉ុន្តែ​លោកស្រី លើកឡើងថា អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ នៅពេល​អ្នកប្រព្រឹត្ត មាន​តួនាទី​ជា​មន្ត្រីរាជការ នោះ​ផលវិបាក​ដែល​សង្គម​ទទួលបាន គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​មនុស្ស​ទូទៅ​ប្រព្រឹត្ត ខណៈ​មន្ត្រី​រាជ​ការ ត្រូវ​ធ្វើជា​គំរូ​ល្អ ទៅដល់​សាធារណជន​នៅក្នុង​ប្រទេស​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​អបអរសាទរ ចំពោះ​ចំណាត់ការ​ ១ ​នេះ ដោយសារតែ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការទទួលបាន​យុត្តិធម៌ ទៅលើ​ជនរងគ្រោះ​។ វា​នៅមាន​ករណី​ដែល​យើង​ដឹង និង​មិនដឹង​ច្រើនណាស់ ដែល​បាន​កើតឡើង​ពាក់​​ព័ន្ធ​នឹង​ស្ថានភាព​គ្រួសារ​នេះ​។ ដូច្នេះ​ចំណាត់ការ​ ១​នេះ ខ្ញុំ​គិតថា ជា​ចំណាត់​ការ​បន្ទាន់ និង​ល្អ នៅពេល​ឃើញ​មានរឿង​រ៉ាវ​ហ្នឹង​កើតឡើង ហើយ​យើង​មាន​ចំណាត់ការ​ភ្លាមៗ​។ ការដែល​ធ្វើ​បែប​នេះ គឺ​បានបង្ហាញ​ទៅកាន់​សាធារណជន និង​ជន​ដែល​ប្រព្រឹត្ត​ថា អ្វីដែល​ប្រព្រឹត្ត​ហ្នឹង គឺ​មិនអាច​រួច​ពី​សំណាញ់​ច្បាប់​បានទេ​»៕