ភ្នំពេញៈ ​ក្រសួង​ព័ត៌មាន និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹងចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក បើទោះបីជា​ឆ្នាំនេះ​ក្រសួង​មិនបាន​ចាត់ចែង​រៀបចំ​កម្ម​វី​ធី​ដោយផ្ទាល់​ក៏ដោយ ប៉ុន្តែ​ក្រសួង​នឹង​ចាត់តាំង​អ្នកតំណាង ដើម្បី​ទៅ​ចូលរួម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា ក្នុងការ​ប្រារព្ធ​ទិវា​នេះ​។


លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានដឹង​នៅ​ថ្ងៃទី​២៧​ខែមេសា​នេះ​ថា ពាក់ព័ន្ធ​នឹង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំនេះ ក្រសួង​ព័ត៌មាន តែងតែ​ផ្តល់​តម្លៃ​និង​សារៈសំខាន់​ចំពោះ​ទិវា​នេះ និង​តែងតែ​គាំទ្រ​ដល់ដៃ​គូរ​ពាក់ព័ន្ធ​នានា​ក្នុង​ការរៀបចំ​ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់ឆ្នាំ​។​


លោក​បន្តថា ទោះបីជា​ក្រសួង​ព័ត៌មាន​មិនបាន​ចាត់ចែង​រៀបចំ​កម្មវិធី​នេះ​ក៏ដោយ ប៉ុន្តែ​ក្រសួង​អាច​ចាត់​អ្នកតំណាង​ពី​ក្រសួង​ព័ត៌មាន ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ប្រារព្ធ​ទិវា​នេះ ខណៈដែល​មានការ​រៀប​ចំ​ដោយ​ភាគី​ពាក់ព័ន្ធ​នានា ដូច​បណ្តា​ឆ្នាំ​កន្លងៗ​មក​ផងដែរ​។


លោក មាស សុ​ភ័​ណ្ឌ បញ្ជាក់ថា​៖ «​សម្រាប់​ឆ្នាំនេះ ដោយសារ​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុងការ​ត្រៀម​រៀបចំ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ការប្រកួត​កី​ឡ​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដែល​នឹង​ចាប់ផ្តើម​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រសួង​ពុំបាន​ចាត់តាំង​រៀបចំ​កម្មវិធី​ដូច​ឆ្នាំ​២០២២​កន្លងទៅ​នោះទេ ប៉ុន្តែ​អាច​ចាត់តាំង​តំណាង​ក្រសួង​ព័ត៌មាន​ចូល​កម្មវិធី​ប្រារព្ធ​ទិវា​នេះ ដែល​រៀបចំ​ដោយ​ភាគី​ពាក់ព័ន្ធ​នានា ដូច​បណ្តា​ឆ្នាំ​កន្លងៗ​មក​ផងដែរ​»​។

លោក​បន្ថែមថា សម្រាប់​ទិវា​នេះ នៅ​កម្ពុជា​ក៏​តែងតែ​ទទួលបាន​ការយកចិត្ត​ទុក​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ហើយ​ឆ្នាំនេះ​ក៏​អាច​មិន​ខុសពី​បណ្តា​ឆ្នាំកន្លងមក​ដែរ ពីព្រោះ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អាច​នឹង​ចេញ​សារលិខិត​អបអរសាទរ​ទិវា​សេរីភាព​ពិភពលោក​នេះ​ដូច​បណ្តា​ឆ្នាំមុនៗ​ជាដើម​។

លោក​បញ្ជាក់ទៀតថា ចំពោះ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា មាន​ស្ថានភាព​ល្អប្រសើរ​ជា​លំដាប់ ហើយ​លម្ហ​សេរីភាព​សារព័ត៌មាន​នៅតែ​រក្សាបាន​យ៉ាង​ពេញលេញ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាក់ស្តែង​ក្នុងពេល​បច្ចុប្បន្ននេះ ចំនួន​អង្គភាព​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ប្រកបដោយ​ភាព​ចម្រុះ និង​ទស្សនៈ​គ្រប់​និន្នាការ មាន​ចំនួន​កើនឡើង​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ព្រមទាំង​បាននិងកំពុង​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ធ្វើ​សេចក្ដីរាយការណ៍​ព័ត៌មាន​នានា ដោយ​សេរី​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​គ្មាន​ការរើសអើង​រឹតត្បិត គំរាមកំហែង ឬ​ធ្វើទុក្ខបុកម្នេញ​នោះឡើយ​។

លោក ហួន ផន ជា​មន្ត្រី​សម្របសម្រួល​គម្រោង​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​រៀបចំ​សកម្មភាព​មួយចំនួន ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ដែល​ក្នុងនោះ​មានការ​រៀបចំ​ផ្សព្វផ្សាយ​ជីវប្រវត្តិ​របស់​អ្នកសារព័ត៌មាន និង​អ្នក​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស ដែល​លះបង់​ទៅលើ​កិច្ចការងារ​សារព័ត៌មាន​។ លោក​ថា​៖«​ក៏មាន​បង្ហាញ​នូវ​វីដេអូ​ខ្លី ដែល​ទាក់ទង​នឹង​អ្វី​ទៅ​ដែល​ហៅថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្វី​ទៅ​ដែល​ហៅថា​សេរីភាព​បញ្ចេញមតិ ក៏ដូចជា​កម្មវិធី​វិទ្យុ​ដែល​ទាក់ទង​ជាមួយនឹង​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុងប្រទេស​កម្ពុជា​»​។

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៣៕