ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ស្នើឱ្យ​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័​ត៌​មាន​បំប៉ោង ដែល​អាច​នឹង​កើតមាន​ច្រើន​នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ ក្នុង​ខែកក្កដា​ខាងមុខ​។​


​ការអំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ដល់​មន្ត្រី​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ២៦​ មេសា​។ លោក​កាញារីទ្ធ លើកឡើងថា លោក​បានចាត់ទុក​វិស័យ​សារព័ត៌មាន​មាន​សារៈ​សំខាន់ និង​រំជើបរំជួល​យ៉ាងខ្លាំង ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខិតជិត​មកដល់​ហើយ​ស្របពេល​ជាមួយគ្នានេះដែរ ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​បំប៉ោង​នឹង​ត្រូវគេ​ផ្សព្វផ្សាយ​។

​ត្រង់ចំណុច​នេះ​លោក​បានឱ្យ​អ្នកសារព័ត៌មាន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​គោរព​ឱ្យបាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​។ លោក​ថា​៖«​យើង​ត្រូវ​យល់ថា នៅពេល​ជិត​បោះឆ្នោត​មកដល់ ដំណឹង​ក្លែង​ក្លាយ និង​បំប៉ោង​រឿង​បុគ្គល​ ១ ពង្រីក​ទៅ​បុគ្គល​ច្រើន ឬ​បុគ្គល​ម្នាក់ ក្លាយទៅជា​រឿង​របស់​ប្រ​ទេស​ជាតិ​។ អាហ្នឹង​ហើយ​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​មែនទែន​នោះ​»​។


​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​រំឭក​ពី​ព្រឹត្តិការណ៍​នានា​នៅក្នុង​សម័យកាល​កូ​វីដ​ដែលមាន​ការពាក់ព័ន្ធ​នឹង​ព័​ត៌​មាន​ក្លែងក្លាយ និង​ការ​បំប៉ោង​ព័​ត៌​មានបាន​កើតឡើង​ច្រើន​នៅពេល​នោះ​ដូច​ជាមាន​អ្នកសន្លប់​ក៏​ចាត់​ទុក​ថា ជា​ជំ​ងឹ​កូ​វីដ ឬ​មាន​អ្នក​ឈឺ​បន្តិចបន្តួច​ក៏​ថា ជា​ជំងឺ​កូ​វីដ​ ១៩ ជាដើម​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅពេលនោះ មិន​ងាយ​នឹង​ជឿ​ផ្តេសផ្តាស់​នោះទេ ពួកគេ​បាន​ស្វែងរក​ព័ត៌មាន​ពិត​នៅតាម​ក្រសួង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​ឱ្យដឹង​ការពិត ឬ​ក្លែងក្លាយ​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​ប្រ​កប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ មាន​ប្រភព​ច្បាស់លាស់​ដែល​ការ​ផ្សាយ​ព័ត៌មាន​ពិត​វា​នឹង​ក្លាយជា​អាវ​ក្រោះ​ការពារ​អ្នក​សារ​​ព័ត៌មាន​ពី​ទណ្ឌកម្ម​ផ្លូវច្បាប់ ព្រោះ​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​មិនត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះទេ ក៏ប៉ុន្តែ ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល ហើយ​ត្រូវ​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមានឡើង​នៅក្នុង​សង្គម​»​។​


​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​) លោក​ណុប វី ថ្លែងថា លោក​ពិតជា​ឃើញ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ខ្លះ​ក្លែងក្លាយ ហើយ​ខ្លះទៀត​មិន​គ្រប់​ជ្រុងជ្រោយ​។ «​ដូច្នេះហើយ​ដែល​យើង​ទាមទារ​ឱ្យ​អ្នក​សារព័ត៌មាន​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ផ្ទៀងផ្ទាត់ ក៏ដូចជា​តាមដាន​នូវ​ការសន្យា​នានា​របស់​គណបក្សនយោបាយ​នីមួយៗ​»​ ពេល​យុទ្ធ​​នា​ការឃោសនា បោះឆ្នោត​៕