ភ្នំពេញៈ នៅ​ក្នុង​ខួប ២០​ឆ្នាំ នៃ​ការ​បង្កើត​ឱ្យ​មាន​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល ដែល​ជា​យន្តការ​ត្រី​ភាគី​សម្រាប់​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ មជ្ឈដ្ឋាន​ពាក់ព័ន្ធ​នានា បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្ថាប័ន ១ នេះ​ថា ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​បាន​នូវ​សុខុដុមនីយកម្ម​ទំនាក់​ទំនង​វិជ្ជាជីវ:​នៅ​កម្ពុជា ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ និង​កំណើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ។


លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរ​ខួប​ ២០​ឆ្នាំ នៃ​ការ​បង្កើត​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា នៅ​សណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់ថា ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល បាន​បង្កើន​ឱ្យ​មាន​ភាព​ជឿ​ទុក​ចិត្ត​ពី​ដៃគូ ជាពិសេស អ្នក​វិនិយោគ អ្នក​បញ្ជា​ទិញ​អន្តរជាតិ ដែល​បាន​នាំ​ឱ្យ​មាន​កំណើន​នៃ​ការ​វិនិយោគ កំណើន​ការងារ កំណើន​ការ​នាំចេញ កំណើន​ប្រាក់​ឈ្នួល ក៏​ដូចជា​ធ្វើ​ឱ្យ​លក្ខខណ្ឌ​ការងារ និង​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​កាន់​តែ​ប្រសើរ។ នេះ​បើ​យោង​តាម​ផេកហ្វេសប៊ុក ក្រសួង​ការងារ។

លោក​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល បាន​ទទួល​ដោះស្រាយ​សំណុំ​រឿង​វិវាទ​ការងារ​រួម​ចំនួន ៣ ០៤២ ករណី ជាមួយ​នឹង​អត្រា​ជោគ​ជ័យ​ប្រមាណ ៧៥% ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ អំពី​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​ដែល​មាន​អត្រា​សះ​ជា​ខ្ពស់។


លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា បច្ចុប្បន្ន ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ត្រូវ​បាន​ទទួល​ស្គាល់​ថា កាន់តែ​មាន​ភាព​ចាស់ទុំ ដែល​នេះ​សុទ្ធសឹង​តែ​ជា​សមិទ្ធផល​នៃ​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ ក្នុង​វិស័យ​ការងារ ជាពិសេស ច្បាប់​ស្តី​ពី​ការងារ និង​យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​មាន​ការ​ចូលរួម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​ជា​អ្នក​ប្រើប្រាស់​សេវា​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

ជាមួយគ្នានេះ លោកស្រី​អាជ្ញា​កណ្តាល ស៊ីម គីមស៊ាន តំណាង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ក្រុម​ប្រឹក្សាភិបាល​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល និង​លេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​នេះ​ថា ចាប់​តាំង​ពី​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៣ មក​ដល់​ត្រឹម​ខែ​ធ្នូ​ ឆ្នាំ ២០២២ សមាជិក​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល បាន​បំពេញ​តួនាទី​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម មាន​សំណុំ​រឿង ៣ ០៤២ករណី ដែល​គ្រប​ដណ្តប់​ចំនួន ១ ១៨៩ ៨៣២ កម្មករ​និយោជិត​ធ្វើការ​នៅ​រាប់រយ​រោងចក្រ សហគ្រាស អត្រា​ជោគជ័យ​មាន​ចំនួន ៧៥,១៦ ភាគរយ បាន​ចេញ​សេចក្តី​បង្គាប់​ចំនួន ២ ១០៦​សំណុំ​រឿង និង​បាន​ជួយ​សម្រប​សម្រួល​គូភាគី​បាន​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ចំនួន ៩៣៥ សំណុំរឿង។


លោកស្រី​បាន​គូស​បញ្ជាក់​តាម​រយៈសុន្ទរកថា ថា៖«ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល បាន​បំពេញ​ការងារ​របស់​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធ​ភាព ទាន់​ពេល​វេលា​មាន​តម្លាភាព និង​អព្យាក្រិត្យភាព។ បាន​ទទួល​លទ្ធផល​គួរ​ជា​ទីមោទនៈ ដោយ​អនុវត្ត​តាម​គោលការណ៍​នៃ​គុណ​តម្លៃ ៣​សំខាន់ៗ ទី១ ឯករាជ្យភាព ទី២ ភាពជឿជាក់ និងទី៣ ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​របស់ខ្លួន»។

លោក សុខ ពិសិដ្ឋ ប្រធាន​សហព័ន្ធ​និយោជក​ និង សមាគម​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ថា ៖«ប្រសិទ្ធភាព តម្លាភាព និង​ភាព​ស៊ី​សង្វាក់​គ្នា​នៃ​សេចក្តី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​មាន​ការ​ទទួល​ស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន​ព្រម​ទាំង​ទទួល​បាន​នូវ​ទំនុក​ចិត្ត​ខ្ពស់​ពី​សំណាក់​ត្រីភាគី ក្នុង​ន័យ​នេះ​ផងដែរ ​ក៏​មាន​វិនិយោគិន​ជាច្រើន​បាន​បង្ហាញ​នូវ​ភាព​កក់ក្តៅ​ជាមួយ​ដំណោះស្រាយ​វិវាទ​ការងារ​តាម​រយៈ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល»។

ចំណែក​លោកស្រី ទេព គឹមវណ្ណារី ប្រធាន​សហភាព​សហព័ន្ធ​សហជីពជាតិ​កម្ពុជា បាន​ថ្លែង​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​បាន​ជួយ​រក្សា​នូវ​សុខដុមនីយកម្ម​ក្នុង​ទំនាក់​ទំនង​វិជ្ជាជីវៈ។ «ក្នុង​នាម​កម្មករ​និយោជិត​ យើង​ពិតជា​ទទួល​ស្គាល់​នូវ​លទ្ធផល​ការងារ​ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​សម្រេច​បាន​ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ»។

បើតាម​ក្រសួង​ការងារ អនុលោម​តាម​ច្បាប់​ស្តីពី​ការងារ ការ​ដោះស្រាយ​វិវាទ​ការងារ តាម​រយៈការ​ផ្សះផ្សា​ដោយ​មន្ត្រី​ផ្សះផ្សា នៃ​ក្រសួង​ការងារ និង​ការ​ដោះស្រាយ​ដោយ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល គឺ​ត្រូវ​ធ្វើឡើង​ដោយ​ឥត​គិតថ្លៃ៕