ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា នាវា Westerdam ដែលកម្ពុជាអនុញ្ញាតឱ្យចូលចតកាលពីជាង ៣ ឆ្នាំមុន ក្រោយប្រទេស៥បដិសេធ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ នឹងវិលត្រឡប់មកកាន់កម្ពុជា ដើម្បីធ្វើស្លាកសញ្ញាបង្ហាញជាប្រវត្តិសាស្ត្រ អំពីការយកចិត្តទុកដាក់របស់កម្ពុជាទៅលើសិទ្ធិរស់រានមានជីវិត របស់មនុស្សលោក។
លោក ហ៊ុន សែន រំឭកថា កាលពីជាង ៣ ឆ្នាំមុននេះ កំពង់ផែក្រុងព្រះសីហនុបានធ្វើកិច្ចការដ៏សំខាន់មួយគឺការសង្គ្រោះនាវា Westerdam ដែលមានមនុស្សរាប់ពាន់នាក់នៅទីនោះ ឱ្យមានសុវត្ថិភាព វិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។
លោកថ្លែងថា៖ «នេះជាកាយវិការមនុស្សធម៌មួយរបស់កម្ពុជា។ ខ្ញុំបានឮថា នៅខែធ្នូ ឆ្នាំនេះនាវា Westerdam នឹងវិលត្រឡប់មកកាន់កម្ពុជា ជាមួយនឹងការគ្រោងទុករបស់កំពង់ផែ ដើម្បីនឹងធ្វើស្លាកសញ្ញាមួយបង្ហាញជាប្រវត្តិសាស្ត្រ បង្ហាញអំពីការយកចិត្តទុកដាក់របស់កម្ពុជា ទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្សលោក មិនមែនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជានោះទេ»។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី១ ខែឧសភា។
លោកអរគុណចំពោះការខិតខំនៅពេលនោះ របស់កម្មករ-កម្មការិនី និងថ្នាក់ដឹកនាំនៃកំពង់ផែនេះ ដែលបានធ្វើកិច្ចការដ៏ល្អ ក្នុងឋានៈជាម្ចាស់ផ្ទះ ខណៈប្រទេសនានា មានការភ័យខ្លាចមិនហ៊ានឱ្យនាវានេះចូលចត ហើយលោកបន្ថែមថា៖ «ក៏ប៉ុន្តែកម្ពុជាបានធ្វើកិច្ចការដ៏ល្អ។ ខ្ញុំសង្ឃឹមថា នាវា Westerdam ដែលនឹងមកនៅក្នុងខែធ្នូនេះនឹងអាចមានមនុស្សមួយចំនួន ដែលធ្លាប់ជាប់គាំងនៅលើនាវានេះ មកកាន់កំពង់ផែក្រុងព្រះសីហនុនេះ»។
គួររំឭកថា នាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរជាង ១ ៤០០នាក់ របស់ក្រុមហ៊ុនទេសចរណ៍ Holland America Line ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសចំនួន ៥ ដែលរួមមាន ជប៉ុន កោះតៃវ៉ាន់ កោះហ្រ្គួមរបស់សហរដ្ឋអាមេរិក ហ្វីលីពីន និងថៃ បានបដិសេធមិនឱ្យនាវានេះចូលចតនៅកំពង់ផែរបស់ពួកគេ។
ក្រុមហ៊ុននេះធ្លាប់បានបញ្ជាក់ថា នាវា Westerdam នៅពេលនោះ កំពុងស្ថិតនៅលើដំណើរកម្សាន្តសម្រាប់រយៈពេល ១៤ ថ្ងៃ ដោយបានចាកចេញពីទីក្រុងហុងកុង កាលដើមខែកុម្ភៈ ហើយគ្រោងនឹងទៅដល់កំពង់ផែនៃទីក្រុងយូក្លូហាម៉ា នៃប្រទេសជប៉ុន នៅពាក់កណ្តាលខែកុម្ភៈ។ នាវានេះផ្ទុកភ្ញៀវទេសចរចំនួន ៤១ សញ្ជាតិ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១ ខែឧសភា ថា ប្រសិនបើនាវា Westerdam នេះ បានមកត្រឡប់មកកម្ពុជាវិញ គឺជាការល្អពីព្រោះនេះជាគុណធម៌មួយដែលផ្ដល់ឱ្យគ្នាទៅវិញទៅមក និងទទួលស្គាល់តម្លៃគ្នាទៅវិញទៅមកថា ប្រទេសកម្ពុជាពិតជាបានសង្គ្រោះអ្នកទេសចរទាំងអស់នោះ ហើយជាសាក្សីពិតប្រាកដរបស់ពិភពលោក។
លោកថ្លែងថា៖ «សង្ឃឹមថា ការវិលត្រឡប់របស់ Westerdam នឹងបានផ្សព្វផ្សាយនូវគុណធម៌របស់ព្រះរាជាណាចក្រកម្ពុជា បានដល់ពិភពលោក ហើយនិងមានព្រឹត្តិការណ៍សំខាន់ជាមួយគ្នា»។
លោក យង់ ពៅ រំឭកថា ការសម្រេចចិត្តរបស់លោក ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវានេះចូលចតពិតជាមានតម្លៃណាស់សម្រាប់ពិភពលោក មិនមែនតែអ្នកទេសចរនៅក្នុងនាវានេះប៉ុណ្នោះទេ ដោយលោកបន្ថែមថា៖ «ពេលនោះទៅផែណាក៏គេមិនអនុញ្ញាតឱ្យចូលដែរ។ មានតែព្រះរាជាណាចក្រកម្ពុជាទេ ឱ្យចូល ហើយនាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រកម្ពុជា ទៅស្វាគមន៍ដោយផ្ទាល់ទៀត»៕