​ភ្នំពេញៈ លោក យ៉ង សាំង​កុមារ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបាន​លើកឡើងថា ការ​ប្រើប្រាស់​ថាមពល​សូ​ឡា សម្រាប់​បូមទឹក​ស្រោចស្រព កំពុង​ក្លាយជា​ជម្រើស​កាន់តែ​ល្អប្រសើរ​សម្រាប់​កសិករ ដោយសារ​ការ​ចំណាយ​លើ​ការវិនិយោគ​កាន់​​តែ​ថយចុះ​ហើយ​ប្រសិទ្ធភាព​កាន់​តែ​កើនឡើង​។​


​លោក​បាន​សរសេ​រលើប​ណ្តា​ញ​សង្គម​របស់លោក​ថា លោក​នឹង​ពិនិត្យមើល​លើ​សក្តានុពល​ក្នុងការ​ពង្រីក​ប្រព័ន្ធ​ស្រោចស្រព​នេះ​។ កម្ពុជា​ពិតជា​ត្រូវការ​ប្រព័ន្ធ​ស្រោចស្រព​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ហើយ​ការប្រើ​ថាមពល​សូ​ឡា សម្រាប់​បូមទឹក​ពី​បឹង និង​ទន្លេ​នឹង​ដើរតួ​កាន់តែ​សំខាន់​។ ដូចនេះ​ការប្រើ​ថាមពល​សូ​ឡា ពិតជា​អាច​ដោះស្រាយ​បញ្ហា​ទឹក​សម្រាប់​កសិកម្ម​។

​លោក​ យ៉ង សាំង​កុមារ បានឱ្យដឹង​បន្ថែមថា ក្រសួង​បាននិងកំពុង​អនុវត្ត​ការងារ​ជួយ​សម្រប​សម្រួល​ច្រើន​លើ​ការងារ​នេះ តាមរយៈ​ការបណ្តុះបណ្តាល និង​ជួយ​ស្វែងរក​ដៃគូ​វិនិយោគ​ជាពិសេស​លើកទឹកចិត្ត​ដល់​កសិករ​ក្នុងការ​ប្រើប្រាស់​ឥណទាន ពី​ធនាគារ​​អភិវឌ្ឍន៍ជនបទ​ដែលមាន​អត្រា​ការប្រាក់​សមរម្យ ដើម្បី​ប្រើប្រាស់​ដើមទុន​ទាំងនោះ មក​វិនិយោគ​លើ​ថាមពល​សូ​ឡា​នេះ​។​


​លោកបញ្ជាក់ថា​៖ «​ថ្វីដ្បិតតែ​ការវិនិយោគ​លើកដំបូង ត្រូវការ​ដើមទុន​ច្រើន​មែន ប៉ុន្តែ​ផល​ចំណេញ​យូរអង្វែង ជាពិសេស​ការបន្ថយ​ការចំណាយ ជួយ​ដល់​បរិស្ថាន​ដែល​អាចធ្វើឱ្យ​កសិករ​យើង​ចំណេញ​បាន​ច្រើន​ក្នុងការ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ ជាពិសេស​ដំណាំ​ដែលមាន​សក្តានុពល​សម្រាប់​ការនាំចេញ​»​។

​ជាមួយគ្នានេះដែរ លោក សួស ស៊ី​យ៉ា​ត ប្រធាន​សមាគម​មៀន​​ប៉ៃលិនបាន​ថ្លែងថា ការប្រើប្រាស់​ថាមពល​សូ​ឡា ពិតជា​ចំណេញ​ច្រើន​មែនហើយ ប៉ុន្តែ​កសិករ​ត្រូវ​ការចំណាយ​ទុន​ច្រើន នៅពេល​វិនិយោគ​លើកដំបូង​។ លោក​ថា​៖«​កន្លងទៅ មានការ​ណែនាំ​ច្រើន​ដែរ​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​កសិកម្ម តែងតែ​ណែនាំ​ដល់​សមាគម កសិករ​របស់​យើង​ដែរ ចំពោះ​អត្ថប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ថាមពល​សូ​ឡា​នេះ ប៉ុន្តែ​ដោយសារតែ​ការខាតបង់​នា​ឆ្នាំ​កន្លងទៅ​កសិករ​យើង​ភាគច្រើន​មិនមាន​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​។ ម្យ៉ាងវិញទៀត​ខាងយើង​ខ្វះខាត​ប្រព័ន្ធធារាសាស្ត្រ​ដែរ ដែល​សព្វ​​ថ្ងៃ​កំពុង​ស្នើ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​គិតគូរ​លើ​បញ្ហា​ធា​រា​សា​ស្ត្រ​នេះ​»​។


​លោក វណ្ណ ឫទ្ធី ប្រធាន​ផ្នែក​នាំចេញ នៃ​ក្រុមហ៊ុន អង្គរ ហ្រ្គីន ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការ​ប្រើប្រាស់​ថាមពល​សូ​ឡា សម្រាប់​ការបូមទឹក​ស្រោចស្រព​ដំណាំ ពិតជា​បានផ្តល់​ផលប្រយោជន៍​ច្រើនណាស់ និង​ទទួលបាន​ផល​ចំណេញ​ច្រើន ប៉ុន្តែ​កសិករ​ត្រូវ​ការ​ដើមទុន​ច្រើន​ក្នុងការ​វិនិយោគ​លើកដំបូង​។ លោក​បន្ថែមថា តាម​ដែល​លោក​សង្កេតមើល ការប្រើ​​ប្រាស់​ថាមពល​សូ​ឡា​របស់​ប្រជា​កសិករ ឬ​ម្ចាស់​ចម្ការ​ស្វាយ ជា​ដៃគូ​របស់​ក្រុមហ៊ុន គឺ​នៅមាន​កម្រិត​នៅឡើយ និង​ចាប់ផ្តើម​មានការ​ចាប់អារម្មណ៍​ច្រើន ប៉ុន្តែ​ពួក​​គាត់​នៅ​ខ្វះ​លទ្ធភាព​។

​លោក ឫទ្ធី បាន​ថ្លែងថា​៖​ «​ការប្រើប្រាស់​ថា​ម​ពល​សូ​ឡា​នេះ វា​ត្រូវការ​ដើមទុន​ច្រើន ហើយ​វា​មានតម្លៃ​ថ្លៃ ហើយ​កសិករ​ភាគច្រើន មិនមាន​លទ្ធភាព​វិនិយោគ​មុន​ទេ ព្រោះថា តម្លៃ​ដែល​បាន​ពី​ការលក់​ផលិតផល​កសិករ​តិច​តួច មិនទាន់មាន​លទ្ធភាព​ក្នុងការ​ចំណាយ​នៅឡើយ​។ ចំពោះ​កម្ចី​វិញ យើង​ឃើញថា កសិករ​សុទ្ធតែ​ត្រូវការ​កម្ចី ប៉ុន្តែ​ដោយសារ​កសិករ​ភាគ​​ច្រើន​សុទ្ធ​តែមាន​បំណុល រួចទៅហើយ ដូចនេះ​ទើប​គាត់​ពិបាក​ក្នុងការ​ទទួលបាន​កម្ចី​បន្ថែមទៀត​»​។​

​សូមជម្រាបថា សូ​ឡា​ជា​ប្រភេទ​ថាមពល​មួយ ក្នុងចំណោម​ថា​ម​ពល​កកើត​ឡើងវិញ ដែល​បាន​ទាញយក​ពី​ថាមពល​ពន្លឺ​ព្រះ​អា​ទិ​ត្យ​ខណៈដែល​ថាមពល​កកើត​ឡើងវិញ​ដទៃទៀត អាច​ទាញ​យកបាន​ពី​ធម្មជាតិ​អាច​កកើត​ឡើងវិញ​ជាប្រចាំ​ដូចជា កម្លាំង​ខ្យល់ កម្លាំង​ទឹក​ហូរ កម្លាំង​រលក​សមុទ្រ ជីវ​ឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និង​កម្តៅ​ផែនដី​៕