​ភ្នំពេញៈ លោក កែវ សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​សន្សំ​ម្លប់​​ព្រៃ​បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២៣ ​នេះ សមាជិក កសិករ IBIS ដាំ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វ​​ព្រៃ​កើនឡើង​ជិត​ដល់ ២ ០០០​ គ្រួសារ ខណៈ​ឆ្នាំមុន​មាន​ ១ ៥០០ គ្រួសារ​នៅ​តំបន់​គោលដៅ​នៃ​ខេត្ត​ចំនួន​ ៤​ គឺ​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ដើម្បី​គាំទ្រ​ផលិតផល​ស្រូវ​គ្មាន​ជាតិគីមី អភិរក្ស​ព្រៃឈើ និង​ការពារ​សត្វព្រៃ​។


​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២ ខែឧសភា នាយក​ប្រតិបត្តិ​អង្គ​​ការ​សន្សំ​ម្លប់​ព្រៃ លោក​ កែវ សុជាតិ​ បានឱ្យដឹងថា ការដាំ​ស្រូវ​ក្នុង​ឆ្នាំ ​២០២៣ ​នេះ ចាប់ផ្តើម​នៅ​ខែមិថុនា នៅ​តំបន់​គោលដៅ​សំខាន់ៗ​ដូច​​ជា នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ និង​ឧទ្យាន​ជាតិ​វឺ​ន​សៃ​​សៀម​ប៉ាង ខេត្តរតនគិរី ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី ក៏ដូចជា​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​និង​ព្រៃ​ឡង់​នៅ​ខេត្តស្ទឹងត្រែង ជា​​ពិសេស​គឺ​ដែនជម្រកសត្វព្រៃ​គូ​​លែ​ន​ព្រហ្ម​ទេព ព្រៃ​ព្រះ​រកា និង​ដែនជម្រកសត្វព្រៃ​ស្រុក​ឆែប​ដែល​ស្ថិតនៅ​ខេត្តព្រះវិហារ​។

​លោក​ថ្លែងថា​៖ «​តំបន់​ហ្នឹង​យើង​ធ្លាប់​ដាំ ប៉ុន្តែ​គ្រាន់តែ​យើង​រើស​សមាជិក​ថ្មី​បន្ថែម ហើយ​ឥឡូវ​យើង​កំពុងតែ​សិក្សា​តំបន់​ថ្មី​ខាង​ជួរ​ភ្នំក្រវាញ​។ ឆ្នាំនេះ​យើង​សិក្សា​សិន បើ​លទ្ធភាព​អាចទៅរួច​បាន​យើង​ធ្វើ​នៅ​ឆ្នាំក្រោយ​»​។ នាយក​ប្រតិ​​ប​ត្តិ​អង្គការ​សន្សំ​ម្លប់​ព្រៃ​ប្រាប់ថា ការដាំ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​គឺ​មិន​ប្រើប្រាស់​ថ្នាំពុល និង​ជីគីមី​ទេ​បើ​សមាជិក​ណា​មិន​អនុវត្តតាម​លក្ខខណ្ឌ​ត្រឹមត្រូវ​ដូច​​ជា ទៅ​បរបាញ់​សត្វព្រៃ កាប់​រាន​ដី​ថ្មី​ជាដើម នឹងត្រូវ​ដកចេញ​ពី​សមាជិក​វិញ ប៉ុន្តែ​បើ​សមាជិក​ដែល​ធ្លាប់ធ្វើ​ខុស​លក្ខខណ្ឌ​ហើយ​កែតម្រូវ​វិញ​បាន​នោះ​ពួកគាត់​នៅតែ​អាច​ចូលរួម​និង​បន្ត​ដាំ​ស្រូវ​វិញ​បាន​។ លោក​បញ្ជាក់ថា ជាទូទៅ​ក្នុង​១ ឆ្នាំ មាន​សមាជិក​ធ្វើ​ខុស​លក្ខខណ្ឌ ១០ ភាគរយ​។


​លោក​ថ្លែងថា​៖ «​បើ​យើង​អត់​អនុវត្ត​លក្ខខណ្ឌ​ទេ​គាត់​លក់​ស្រូវ​បាន​ហើយ​គាត់​កាប់​ព្រៃឈើ​គាត់​កាប់យ​កដី​ធ្វើស្រែ​កាន់តែច្រើន អ៊ីចឹង​យើង​ត្រូវមាន​លក្ខខណ្ឌ​ទើប​អាច​រក្សា​ការពារ​ព្រៃឈើ សត្វ​​ព្រៃ​បាន​»​។

​បើតាម​លោក កែវ សុជាតិ ការ​ចូល​ជា​សមាជិក IBIS ពលរដ្ឋ​នឹង​ផលិត​បាន​អង្ករ​សរីរាង្គ​ដែលមាន​គុណភាព​លំដាប់​ថ្នាក់​ពិភពលោក រួមទាំង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​ការពារ​ធម្ម​​ជាតិ ដែលជា​ទីជម្រក​របស់​សត្វ​​ព្រៃ​ប្រភេទ​ងាយ​រងគ្រោះ​ជិត​ផុត​ពូជ ហើយ​តាមរយៈ​គម្រោង IBIS នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជា​​ជន​តាម​ភូមិ ព្រោះ​លក់​ស្រូវ​បាន​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​។


​លោក​បញ្ជាក់ថា​៖ «​រដូវ​មុន​យើង​សហការ​ជាមួយ​ក្រុមហ៊ុន IBIS គេ​ទិញ ​១ ​គីឡូ​ជា​មធ្យម​បាន​ចន្លោះ​ពី ១ ៧០០ ដល់ ១ ៩០០ រៀល ប្រភេទ​ស្រូវ​ផ្ការំដួល​។ ឥឡូវ​តម្លៃ​មិន​ផ្លាស់ប្តូរ​ទេ​ប៉ុន្តែ​យើង​ធ្វើ​មិនបាន​គ្រប់​ផង យើង​មាន​តម្រូវការ​តែ​អ្នក​ដាំ​មួយចំនួន​ធ្វើ​ខុស​លក្ខខណ្ឌ អ៊ីចឹង​យើង​ពិបាក​នឹង​ផ្គត់ផ្គង់​ឱ្យគេ​គ្រប់​»​។

​លោក ដូង តាំង​គូ អ្នក​សម្រប​​សម្រួល​គម្រោង​នៃ​អង្គការ​ម្លប់​​ព្រៃ​ប្រចាំខេត្ត​ព្រះវិហារ ថ្លែង​នៅ​ថ្ងៃទី​ ២ ខែឧសភា​ថា ក្រោយ​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​រហូតមក​ដល់ពេលនេះ​មាន​ប្រជា​ពល​​រដ្ឋ​៨០​គ្រួសារ ចូល​ជា​សមាជិក​កសិករ IBIS ដាំ​ស្រូវ​សរីរាង្គ​មិត្ត​​ភាព​សង្គ្រោះ​សត្វព្រៃ​។ តាមរយៈ​ការផ្សព្វផ្សាយ​ជ្រើសរើស​សមា​​ជិ​កដាំ​ស្រូវ​នេះ ប្រជាពលរដ្ឋ​មានការ​ចាប់អារម្មណ៍​ប៉ុន្តែ អ្នកខ្លះ​មាន​បញ្ហា​ខ្វះ​ដី​ដាំ​ដុះ​មិនអាច​ចូលរួម​ដាំ​ដុះ​ដើម្បី​លក់បាន​ពោល​គឺមាន​ត្រឹម​ដី​ដាំ​ដុះ​ប្រមូល​ផល​តែ​សម្រាប់​ទទួលទាន​ប៉ុណ្ណោះ​។

​អ្នកសម្របសម្រួល​នៃ​អង្គការ​ម្លប់​ព្រៃ​ប្រចាំខេត្ត​ព្រះវិហារ​បានឱ្យដឹង​ថា ការចូល​ជា​សមាជិក កសិករ IBIS កសិករ​នឹង​ទទួល​បានការ​​ណែនាំ​ពី​បច្ចេកទេស​នៃ​ការរក្សា និង​បង្កើន​ជីជាតិ​ដី ការដាំ​ដំណាំ​គម្រប​ដី ការធ្វើ​ជីកំប៉ុស​ការរៀបចំ​ពូជស្រូវ និង​របៀប​ដាំ​ដុះ​ស្រូវ​សរី​​រា​ង្គ​។ លោក​បន្ថែមទៀតថា ការ​​ដាំ​ដុះ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​នេះ​កសិករ​ទទួលបាន​ប្រយោជន៍ ជាច្រើន​ដូចជា មាន​ទីផ្សារ​ច្បាស់លាស់ និង​តម្លៃ​ខ្ពស់ បង្កើន​ចំណូល​គ្រួសារ អាហារ​មាន​សុវត្ថិភាព ចូលរួម​ការពារ​ព្រៃឈើ សត្វព្រៃ​និង​បាន​ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។

​លោក​បាន​មានប្រសាសន៍ថា​៖ «​យោងតាម​ដែល​ខ្ញុំ​ធ្វើការ​ជាមួយ​គាត់​ប្រមាណ ​៥​ ឆ្នាំ​មកនេះ ឃើញថា ពលរដ្ឋ​ដែល​បាន​ចូលមកក្នុង​គម្រោង​នេះ​មិនមាន​ការចូល​កាប់​ព្រៃ ចាប់​សត្វ ដាក់​អន្ទាក់​ទៀត​ទេ គាត់​វិល​មក​ដាំ​ស្រូវ និង​ដំណាំ​​ផ្សេងៗ​ទៀត​។ បើសិនជា​ប្រជា​​ពលរដ្ឋ​ចូលរួម​ដាំ​ដុះ​ស្រូវ​នេះ​កាន់តែច្រើន​នោះ​និរន្តរភាព​នៃ​ការថែរក្សា​ព្រៃឈើ​សត្វព្រៃ​នឹង​កាន់តែ​ប្រសើរ​ថែមទៀត​»​។

​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​សន្សំ​ម្លប់​ព្រៃ​បានឱ្យដឹងថា ការជ្រើសរើស​សមាជិក កសិករ IBIS នឹងត្រូវ​បញ្ចប់​ត្រឹម​ដាច់​ខែឧសភា ឆ្នាំ​ ២០២៣​ នេះ​។ ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​ក្នុងការ​ក្លាយខ្លួនជា​កសិករ​ដាំ​ដុះ​ស្រូវ​សរីរាង្គ ក៏ដូចជា​ក្លាយជា​សមាជិក​កសិករ IBIS សូម​ធ្វើការ​ទាក់ទង​មកកាន់​អ្នកសម្របសម្រួល​គម្រោង​នៅតាម​តំបន់​គោលដៅ​នីមួយៗ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ដំណើរការ​នៃ​កម្មវិធី​ទាំងមូល​៕