
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ហុង មិនា
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានជំរុញ និងលើកទឹកចិត្តឱ្យវត្តអារាម និងព្រះវិហារសាសនាផ្សេងៗ ធ្វើជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ ដើម្បីបញ្ចៀសអំពើហិង្សានានា សំដៅជំរុញការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
លោក គួច ចំរើន បានលើកឡើងដូចនេះ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តមុនីសាលព្រឹក្ស ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដោយលោកបានកោតសរសើរចំពោះព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តដែលបានខិតខំលះបង់យកអស់កម្លាំង ប្រាជ្ញាស្មារតី និងធនធានក្នុងការគ្រប់គ្រងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន រហូតកសាងបានសមិទ្ធផលជាច្រើន។
លោកបន្តថា កម្ពុជា បានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះមានការគោរពសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។
បើតាមរយៈរដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ថា៖«ក្នុងនាមរដ្ឋបាលខេត្ត សូមលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ»។
ឆ្លៀតឱកាសនោះដែរ លោកក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ និងបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តព្រះសីហនុ។
លោកអ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានថ្លែងឱ្យដឹងនៅថ្ងៃទី៣ ខែឧសភា ពីសមិទ្ធផលនានាក្នុងវត្តមុនីសាលព្រឹក្ស ដែលមានអាយុកាល ១០០ឆ្នាំកន្លងមកហើយនោះថា សមិទ្ធផលត្រូវបានកសាងក្នុងវត្តនេះ មានសាលាអនុគណស្រុក សាលាធម្មសភា ព្រះពន្លាជ័យ ជណ្តើរកែវ ប្រាសាទតម្កល់ព្រះពុទ្ធរូប រូបបដិមាផ្សេងៗ រូបសំណាកហ្លួងព្រះសេ្តចកន ចង្ក្រានបាយ ខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដិ កែលម្អទីសេនាសនៈនានា និងទីធ្លាក្នុងវត្តចំណាយថវិកាសរុប ២៤៥ ៣១៦ដុល្លារអាមេរិក។
លោកបន្តថា ៖ «សមិទ្ធផលទាំងអស់នេះ នឹងក្លាយជាទីកន្លែងសម្រាប់តម្តល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការអបរំ និងគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនាថែមទៀត»។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។
សក្តានុពលខេត្តនេះរួមមាន កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើរការ) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបាន ប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ។
មិនតែប៉ុណ្ណោះ ព្រះសីហនុជាខេត្តជាប់សមុទ្រ មានឆ្នេរ និងកោះ និងរមណីយដ្ឋានធម្មជាតិទាក់ទាញ និងក៏មានវត្តអារាមជាទីសក្ការៈសម្រាប់ពលរដ្ឋគោរពបូជា និងកន្លែងប្រារព្ធពិធីបែបសាសនាផ្សេងៗផងដែរ។ បើគិតមកដល់ពេលនេះ ខេត្តព្រះសីហនុមានវត្តសរុប ៣៨ កន្លែង និងមានមជ្ឈមណ្ឌលវិបស្សនានិងអាស្រមជាច្រើនកន្លែងទៀត៕