​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជា​នៅតែ​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុងការ​គាំពារ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន ខណៈ​ស្ថានទូត​ប្រទេស​មួយចំនួន ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ក្នុងឆ្នាំនេះ​ដើម្បី​រំឭក​ដល់​វីរភាព​របស់​អ្នកសារព័ត៌មាន​ក្នុង​សកលលោក​។​


​ថ្ងៃទី ​៣ ខែឧសភា គឺជា​ថ្ងៃ​ដែល​ពិភពលោក​បាន​ប្រារព្ធ​រួមគ្នា​នូវ​ទិវា​សារព័ត៌មាន​ពិភពលោក ដើម្បី​លើកស្ទួយ​សិទ្ធិសេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ ហើយ​ឆ្នាំនេះ ពិភពលោក​បានកំណត់​ប្រធានបទ ការកំណត់​អនាគត​នៃ​សិទ្ធិ​៖​សេរីភាព​នៃ​ការបញ្ចេញមតិ​ជា​កម្លាំងចលករ​នៃ​សិទ្ធិមនុស្ស​ដទៃទៀត​។​

ថ្លែង​ក្នុង​សារលិខិត​អបអរ​ទិវា​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា មាន​ហេតុការណ៍​ជាច្រើន​ដែល​បានកើត​ឡើង​នៅ​ទូទាំង​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ន ហើយ​ហេតុការណ៍​ទាំងនោះ​ក៏បាន​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​របស់​ប្រជាជន រួមទាំង​អ្នកសារព័ត៌មាន​ផងដែរ​។


​ជាមួយគ្នានេះ លោក​ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុងការ​គាំពារ​សិទ្ធិ សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​របប​សារព័ត៌​មាននៃ​ប្រទេស​កម្ពុជា​។ តាមរយៈ​ការប្ដេជ្ញាចិត្ត​នេះ លោក​បាន​អះអាងថា រដ្ឋាភិបាល​បានធ្វើឱ្យ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ​ដោយ​មធ្យោបាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់តែ​ទំនើប និង​សម្បូរបែប​ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​បានទទួល​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​ទាន់ពេល និង​គ្រប់​ទីកន្លែង​។​

​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា​៖ «​ទន្ទឹមនឹង​ការរីកចម្រើន ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​សម្បូរបែប និង​បរិមាណ​អង្គភាព​សារព័ត៌មាន ព្រមទាំង​អ្នកសារព័ត៌មាន​ដ៏​ច្រើន​លើសលប់​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ក៏​យើង​ត្រូវ​គិតគូរ​អំពី​គុណភាព និង​ការទទួលខុសត្រូវ​រប​ស់​អ្នកសារព័ត៌មាន​ផងដែរ​»​។​


​ទន្ទឹមនឹងនេះ​លោក​ ហ៊ុន សែន ក៏​ចាត់ទុកថា ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​អាវុធ​មុខ​ ២ ដែល​ធ្វើឱ្យ​ប្រទេសជាតិ មានការ​រីកចម្រើន​តា​ម រយៈ​ការចូលរួម​របស់​អ្នកសារព័ត៌មាន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ការថែរក្សា សុខសន្តិភាព ស្ថិរភាព​នយោបាយ​ដែល​ធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​។ ក៏ប៉ុន្ដែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​អាចធ្វើឱ្យ​ប្រទេសជាតិ​ជួបប្រទះ​ភាពចលាចល វឹកវរ នៅក្នុង​សង្គម​តាមរយៈ​ការផ្សាយ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​ញុះញង់​បំពុលសង្គម ដែល​ទាមទារ​ឱ្យ​រួមគ្នា​ដោះស្រាយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​ទាំងអស់​គា្ន ជាពិសេស​សា្ថ​ប័ន​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ត្រូវតែ​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ញុះញង់​ដែល​បង្កឡើង​ដោយ​ក្រុម​ឱកាសនិយម មួយ​ក្ដាប់​តូច និង​ជនខិលខូច​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ និង​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​អ្នកសារព័ត៌មាន និង​សា្ថ​ប័ន​សារព័ត៌មាន​ទាំងមូល​»​។​

​ជាមួយនឹង​សារ​អបអរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី នៅ​ថ្ងៃទី​ ៣ ឧសភា ស្ថានទូត​បារាំង សហរដ្ឋអាមេរិក ជប៉ុន និង​ដៃគូ​នានា​នៅ​កម្ពុជា​បាន​ជួបជុំគ្នា​នៅមុខ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ក្នុងសម័យ​សង្គ្រាម ដើម្បី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នេះ​ផងដែរ​។ ជាមួយនឹង​ព្រឹត្តិការណ៍​នេះ កាលពី​ថ្ងៃទី​ ២ ខែឧសភា អង្គការ​សមាគម​ចំនួន​ ១៣ ក៏បាន​រួមគ្នា​ប្រារព្ធ​ទិវា​នេះ ដោយមាន​អ្នកចូលរួម​ជាង ​២០០ ​នាក់​ដើម្បី​ជជែក និង​លើកឡើង​ពី​បញ្ហា​ប្រឈម ដើម្បី​រួមគ្នា​ដោះស្រាយ​ផងដែរ​។​

​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ការជួបជុំ​នេះ គឺ​ដើម្បី​រំឭក​ដល់​អ្នកសារព័ត៌មាន​ចំនួន​៣៧​នាក់ មកពី​ប្រទេស​ចំនួន ​១១ ដូចជា​ប្រទេស​ជប៉ុន បារាំង សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​សម្លាប់​ឬ​បាត់​ខ្លួន​នៅក្នុង​សង្គ្រាម​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងពេលដែល​យើង​រំឭក​ដល់​អ្នកសារព័ត៌មាន​ដ៏​ក្លាហាន​នៅទីនេះ និង​នៅ​ជុំវិញ​ពិភពលោក យើង​សូម​សម្តែង​ការគាំទ្រ​ចំពោះ​សេរីភាព​សារព័ត៌មាន ហើយ​ឈរ​នៅ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​ស្វែងរក​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​»​។​

​ចំណែក​លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង បាន​ថ្លែង​ដែរ​ថា សារព័ត៌មាន​សេរី គឺមាន​តួនាទី​ដ៏​សំខាន់​នៅក្នុង​ការលើកកម្ពស់​ល​ទ្ធិ​ប្រជាធិបតេយ្យ គណនេយ្យភាព និង​តម្លាភាព​។ លោក​បាន​អះអាងថា ការចូលរួម​របស់លោក​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ទិវា​អន្តរជាតិ​នេះ គឺ​ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​ចំពោះ​សារព័ត៌មាន​សេរី និង​ដើម្បី​បង្ហាញ​ការគាំទ្រ​ចំពោះ​ប្រជាជន​កម្ពុជា​និង​សេចក្តីប៉ងប្រាថ្នា​របស់គេ​ដែល​ចង់ឱ្យ​ប្រទេស​មាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ​។​

​លោក បាន​បញ្ជាក់ថា​៖ «​យើង​សូម​សម្ដែង​សាមគ្គីភាព​ដ៏​ស្មោះស្ម័គ្រ​ជាមួយ​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​បំពេញ​មុខងារ​របស់ខ្លួន​ដោយ​សេរី ហើយ​យើង​នឹង​បន្ត​ធ្វើឱ្យ​សេរីភាព​សារព័ត៌មាន​ត្រូវបាន​ធានា​ដោយ​គ្មាន​លក្ខខណ្ឌ​ដោយ​រដ្ឋាភិបាល​ទាំងអស់​នៅលើ​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​»​។​

​យោងតាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បានប្រកាសថា នៅ​ឆ្នាំ​ ២០២២ កន្លងទៅ អ្នកសារព័ត៌មាន​ចំនួន ​៥៥​ នាក់​ ត្រូវបាន​សម្លាប់​នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​អ្នកសារព័ត៌មាន​ចំនួន​ ៦​ នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោកស្រី ហង្ស សម្ផស្ស ប្រធាន​ក្រុម​អ្នកសារព័ត៌មាន​ស្ត្រី​កម្ពុជារំពឹងថា កម្ពុជា​នឹង​បង្កើន​ការយកចិត្តទុកដាក់​ប​ញ្ច​ប់​អំពើ​និទ្ទណ្ឌភាព​នូវ​រាល់​បទឧក្រិដ្ឋ​ប្រឆាំង​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​រវាង​អ្នកសារព័ត៌មាន និង​រាជរដ្ឋាភិបាល​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ប្រាថ្នា​ចង់ឃើញ​កម្ពុ​ជាមាន​សេរីភាព​ពេញលេញ​មិន​រង​នូវ​ការគាបសង្កត់ គំរាមកំហែង ដាក់​សម្ពាធ ហើយ​ប្រែក្លាយ​យ៉ាង​ឆាប់រហ័ស​ដូច​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​ដែល​បាន​តម្កល់​យក​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​ជា​គុណ​តម្លៃ​ស្នូល​»៕