ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានលើកឡើងថា ស្មារតីរបស់ច្បាប់ស្តីពីសមាគម មិនមែនដើម្បីដាក់កម្រិតលើសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលនោះទេ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចរបស់អង្គការឱ្យគោរពទៅតាមច្បាប់ ខណៈ លោកជំរុញដល់អង្គការចូលរួមទប់ស្កាត់ការលាងលុយកខ្វក់នៅកម្ពុជា។
នេះបើតាមសុន្ទរកថារបស់លោក ប្រាក់ សុខុន ក្នុងឱកាសបើកកិច្ចពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលបរទេសក្រោមប្រធានបទ «ការពង្រឹងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម» នៅថ្ងៃទី ៣ ខែឧសភានេះ។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាង ខ្លាំងក្នុងការរក្សាការសន្ទនាជាទៀងទាត់ជាមួយអង្គការក្រៅ រដ្ឋាភិបាលបរទេសទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយថា ការ ចូលរួមចំណែករបស់អង្គការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា និងសុខុមាលភាពរបស់ប្រជាជន ពិតជាសមនឹងទទួល បានការសរសើរ។
លោកថា៖ «ជាការពិតណាស់ យើងចាត់ទុក អ្នកទាំងអស់គ្នាថាជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់យ៉ាងពិតប្រាកដ ជាចក្ខុវិស័យយើងនឹងបន្តកិច្ចការទៀត នៅក្នុងក្រប ខ័ណ្ឌនៃច្បាប់ និងបទប្បញ្ញត្តិជាតិរបស់យើង ដោយចាប់ផ្តើម ជាពិសេស ជាមួយនឹងច្បាប់ស្តីពីសមាគម និងមិនមែនអង្គការរដ្ឋាភិបាល (LANGO)»។
លោកបន្ថែមថា នៅពេលនិយាយដល់ចំណុច LANGO លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុម ការងារអន្តរក្រសួងក្នុងការធ្វើការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល និងអ្នក ពាក់ព័ន្ធដទៃទៀតលើការធ្វើវិសោធនកម្មច្បាប់នេះ និងបញ្ចប់ដោយជោគជ័យ»។
លោកថា៖ «ក្នុងន័យនេះ ស្មារតីរបស់ LANGO មិនមែនមានបំណងដាក់កម្រិតលើសកម្មភាពរបស់អង្គការក្រៅ រដ្ឋាភិបាលណាមួយនោះទេ ប៉ុន្តែដើម្បីលើកកម្ពស់អភិ បាលកិច្ចត្រឹមត្រូវរបស់ពួកគេ ដែលជំរុញដោយគោលការណ៍ស្នូលនៃតម្លាភាព គណនេយ្យ ភាព សុចរិតភាព និងការទទួល ខុសត្រូវក្រោមច្បាប់ដែលកំពុង មានសុពលភាព»។
ជាមួយគ្នានេះលោកថា ក្រុមការងារសកម្មភាពហិរញ្ញ វត្ថុ (FATF) ដែលមានមូលដ្ឋាន នៅទីក្រុងប៉ារីសបានដកប្រទេស កម្ពុជាចេញពីបញ្ជីពណ៌ប្រផេះនៃប្រទេសដែលមានហានិភ័យខ្ពស់សម្រាប់ការលាងលុយ កខ្វក់កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកថា៖ «ការដកចេញពីបញ្ជីពណ៌ប្រផេះ គឺជាសមិទ្ធផលដ៏មហិមា ដែលមិនអាចទៅរួចនោះទេ បើគ្មានការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការក្រៅរដ្ឋាភិបាលបរទេសដែលជាអង្គភាពរាយការណ៍»។
លោកបន្ថែមថា សម្រាប់ក្រសួងការបរទេស បានរៀបចំសិក្ខាសាលាចំនួន ៥ ក្នុងគោល បំណងលើកកម្ពស់ការយល់ ដឹងរបស់អង្គការក្រៅរដ្ឋាភិ បាលបរទេសស្តីពី"ច្បាប់ស្តីពីការប្រឆាំងការលាងលុយកខ្វក់និងការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទាននៃការរីកសាយភាយអាវុធ។
លោកថា៖ «យើងកំពុងធ្វើ ការវាយតម្លៃហានិភ័យជាតិ ដើម្បីដោះស្រាយបញ្ហាខ្វះខាតមួយចំនួនដែលនៅសល់ ហើយ យើងមិនគួរបណ្តោយឱ្យប្រទេស របស់យើងត្រឡប់ទៅបញ្ជីពណ៌ប្រផេះនៃប្រទេសដែល មានហានិភ័យខ្ពស់សម្រាប់សកម្មភាពលាងលុយកខ្វក់នោះទេ»។
លោកបន្ថែមថា កិច្ចប្រជុំពិគ្រោះយោបល់ថ្ងៃនេះ គឺសំដៅលើការលើកកម្ពស់ការ យល់ដឹងអំពីកាតព្វកិច្ចរបស់សមាគម និងអង្គការក្រៅ រដ្ឋាភិបាល ក្រោមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ដែលត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ ២០១៦។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពមានប្រសាសន៍ថា វេទិកានេះ ជាការជួបជុំមួយដ៏ល្អ ដែលធ្វើឱ្យមានការប្រាស្រ័យទាក់ទងគ្នា ដែលអាចឱ្យគ្រប់ភាគីលើកឡើងពីបញ្ហាទៅវិញទៅមក និងការសួរដេញដោល ខណៈលោកក៏លើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាគ្នាបែបនេះបន្តទៅទៀត។ ពាក់ព័ន្ធនឹងប្រធានបទការលាងលុយកខ្វក់វិញលោកយល់ថា បញ្ហាលាងលុយកខ្វក់នេះគឺជាបញ្ហាធំមួយរបស់កម្ពុជា ប៉ុន្តែសម្រាប់លោកយល់ថា បញ្ហារឿងលាងលុយកខ្វក់នេះ គឺមិនមែនពាក់ព័ន្ធសង្គមស៊ីវិលនោះទេ ជាពិសេសអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិកម្រនឹងពាក់ព័ន្ធណាស់។
លោកថា៖ «រឿងដែលសំខាន់ ក្រសួងគួរតែជំរុញ និងលើកទឹកចិត្តឱ្យអង្គការអន្តរជាតិទាំងអស់ធ្វើកិច្ចការងារ ដែលប្រឹងប្រែងជួយកម្ពុជាតាមរយៈការផ្សព្វផ្សាយការពង្រឹងអភិបាលកិច្ច ដើម្បីឱ្យកម្ពុជាគេចផុតជារៀងរហូតនៃការលាងលុយកខ្វក់។ ហើយក្រសួងត្រូវតែធ្វើយ៉ាងណាដើម្បីបង្ហាញអំពីការបើកលម្ហសេរីភាព ដើម្បីឱ្យប្រជាពលរដ្ឋហ៊ានបញ្ចេញមតិដើម្បីទប់ស្កាត់ការលាងលុយកខ្វក់នៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ លោក ប្រាក់ សុខុន បានណែនាំដល់អង្គការ ក្រៅរដ្ឋាភិបាលបរទេសទាំងអស់ថា ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថាគម្រោង និងសកម្មភាពរៀងៗខ្លួនត្រូវបានអនុវត្តយ៉ាងត្រឹម ត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា។
លោកថា៖ «អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ គួរតែរក្សាភាពអព្យាក្រឹត និងចៀសវាងពីសកម្មភាពដែលផ្ទុយនឹងបទប្បញ្ញត្តិរបស់ LANGO ហើយអង្គការគួរចៀសវាងការជាប់ពាក់ព័ន្ធ ក្នុងសកម្មភាពដែលមានន័យស្មើនឹងការគាំទ្រការលាងលុយកខ្វក់ និងហិរញ្ញ ប្បទានភេរវកម្ម៕