ភ្នំពេញៈ មន្ត្រី​ជំនាញ​របស់​ក្រសួង​សា​ធារណ​ការ និង​ដឹក​ជ​ញ្ជូន បាន​ជួប​ពិភា​ក្សា​គ្នា​ដើម្បី​ពិនិត្យ​រក​ធាតុ​ចូល​នៃ​សេចក្តី​ព្រាង​បទដ្ឋាន​បច្ចេក​ទេស​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដែល​រៀបចំ​ដោយ​ក្រុម​ការងា​រ​បច្ចេក​ទេស P4I & Austroads របស់​ប្រទេស​អូស្ដ្រា​លី​។​


​កាលពី​រសៀល​ថ្ងៃទី​៣ ​ខែឧសភា ឆ្នាំ​២០២៣ ​លោក យិ​ត បុ​ណ្ណា រដ្ឋ​លេខាធិ​ការ​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ ​និង​ពិភាក្សា​លើ​ធាតុ​ចូល​នៃ​សេចក្ដីព្រាង​បទដ្ឋាន​បច្ចេក​ទេស​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅទីស្ដី​ការ​ក្រសួង​ក្រោម​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិ​បាលអូ​ស្ដ្រាលី ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​មន្ត្រី​បច្ចេក​ទេស​របស់​ក្រសួង​ជា​ច្រើន​រូប។​

​តាម​ការ​ប្រកាស​របស់​ក្រសួង​សាធារ​ណការ​ នៅ​ថ្ងៃទី​៤ ឧសភា ​បាន​ឱ្យដឹង​ថា កិច្ចប្រជុំ​នេះត្រូវ​បាន​រៀបចំឡើ​ង ​ដើម្បី​ទទួល​បាន​មតិ​យោប​ល់​ក៏ដូចជា​ធាតុ​ចូល​ទាក់​ទង​នឹង​បទដ្ឋាន​បច្ចេក​ទេស​តាម​ផ្នែក​នីមួយ​ៗ​ឱ្យបាន​លម្អិត​ និង​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​ធ្វើ​យ៉ាង​ណា​កែសម្រួល​ និង​រៀបចំ​បទដ្ឋាន​បច្ចេក​ទេស​ឱ្យ​កាន់​តែ​មាន​គុណ​ភាព ប្រសិទ្ធ​ភាព និង​សម​ស្រប​តាម​តម្រូវ​ការ​ស្ថាន​ភាព​បច្ចុ​ប្បន្ន​​។


​ក្រសួង​បាន​បញ្ជាក់​ថា​៖«​អង្គ​ប្រជុំ​បាន​ជជែក​ពិភាក្សា​លម្អិត​លើ​ផ្នែក​បច្ចេកទេ​ស​នីមួយៗដោយ​មាន​ការកែសម្រួល​និង​បំពេញ​បន្ថែម​តម្រូវ​ការ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ស្ដង់​ដា​បច្ចេក​ទេសនិង​សម​ស្រប​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​»​។

​លោក​ហ៊ាង សុធា​យុ​ត្តិ អ្នក​នាំពា​ក្យ​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៤ ឧសភា​ថា សេចក្តី​ព្រាង​បទដ្ឋាន​បច្ចេក​ទេស​ផ្លូវ​ថ្នល់ គឺ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមកា​រងារ​បច្ចេក​ទេស ​P4I & Aus​tro​ads របស់​ប្រទេស​អូស្ត្រាលី​ ដោយ​មាន​ការចូល​រួម​ពី​ក្រុម​ការងារ​បច្ចេក​ទេស​ទាំង​៥​របស់​ក្រសួង​។​


​លោក​បាន​បន្ត​ថា ក្រុម​ទាំង​៥ នេះ នឹង​ទទួល​ភារ​កិច្ច​ពិនិត្យ​លើ​បទដ្ឋាន​បច្ចេក​ទេស​នីមួយៗ​ទៅតា​ម​ជំនាញ​ឯក​ទេស​របស់​ក្រុម​នីមួយៗ​ដោយ​ធ្វើយ៉ាង​ណា​កែ​សម្រួល​បទដ្ឋាន​បច្ចេក​ទេស​ផ្លូវ​ថ្នល់​ឱ្យ​កាន់​តែមាន​គុណ​ភាព ប្រសិទ្ធ​ភាព និង​សម​ស្រប​តាម​តម្រូវ​ការ​ស្ថាន​ភាព​បច្ចុ​ប្បន្ន​របស់​ក​ម្ពុ​ជា​។​

​លោក​បាន​បញ្ជា​ក់ថា​៖«​ការខិតខំ​ប្រឹងប្រែ​ង​ធ្វើ​ប​ទដ្ឋាន​នេះគឺ​នឹង​ធ្វើឱ្យ​ការរៀបចំ​ស្ថាប​នានិ​ង​ស្តារ​ជួស​ជុល​ស្ពាន​ផ្លូវ​ថ្នល់​របស់​យើង​ឡើងវិ​ញ​មាន​លក្ខណៈ​ស្តង់​ដា​ខ្ពស់ធ្វើ​ឱ្យ​ផ្លូវ​មាន​អាយុ​កាល​យូរ​អង្វែង កា​ត់បន្ថយ​​នូវ​ការ​ចំណា​យ ហើយ​​ជា​ពិសេសគឺ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាច​រណ៍​នោះ​ឯង​។ ពេ​ល​នេះ យើង​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ថា យើង​បានប​ញ្ចប់​ការ​ជជែក​លើ​បទ​ដ្ឋាន​នេះ​បាន​ប៉ុន្មាន​ភាគរ​យ​នៅ​ឡើយ​ទេ​»​។​

​ក្រុម​ទាំង​៥ ​សម្រាប់​សិក្សា​ស្វែងយ​ល់​លម្អិត​លើ​បទ​បច្ចេកទេ​ស​តាម​ផ្នែក​នីមួយៗ ​នោះ​រួមមាន​ ក្រុមទី​១ បន្ទុក​ចរាចរណ៍ ​(Traffic Loading) ក្រុមទី​២ គណនា​កម្រាល​ផ្លូវ (Pavement Design) ក្រុមទី​៣ វិធី​សាស្ត្រ​ក្នុង​ការ​ប្រើ​ប្រាស់​សម្ភារ​សំណង់(​Mater​ials Technology) ក្រុមទី​៤ បទដ្ឋាន​ស្ដង់​ដា​ក្នុង​ការធ្វើ​ពិ​សោធន៍ (Lab​ora​tory Standards) និង​ក្រុមទី​៥ សម​ភាព​យេន​ឌ័រ អ្នក​អសមត្ថ​ភាព​ការ​ងារ​ និង​សង្គម​ស៊ីវិល - ការ​កាត់​បន្ថយ​ហានិ​ភ័យ​គ្រោះម​ហន្ត​រាយ និង​ការប្រែប្រួ​ល​អាកាស​ធាតុ​ (Gender​ Equality, Disability and Social​ Inclu​sion - Disa​ster Risk Reduction and Climate Chan​ge) ឬ (GEDSI – DRRCC)​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ ហ៊ាង សុធា​យុ​ត្តិ​ ​៕