មណ្ឌលគិរីៈ ដំណាំ​បន្លែ​ដូចជា ម្ទេស​ហា​វ៉ៃ ស្ពៃចង្កឹះ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត​ជាដើម ត្រូវគេ​ដឹងថា ភាគច្រើននាំចូល​ពី​ប្រទេសជិតខាង ក៏ប៉ុន្តែ​បច្ចុប្បន្ន​ប្រ​​ជា​កសិករ​ខ្មែរ​នៅតាម​ខេត្ត​មួយចំនួន​ក៏មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការធ្វើ​កសិកម្ម​ដាំ​បន្លែ​ដើម្បី​ផ្គត់ផ្គង់​នៅតាម​ទីផ្សារ​បាន​ច្រើន​ដែរ​។


​តួយ៉ាង​ដូចជា បុរស​កសិករ​ ១ ​រូប​នៅ​ខេត្តមណ្ឌលគិរី អាច​ដាំ​ស្ពៃក្តោប ស្ពៃបូកគោ​ក្នុង​ ១​ ខែ​បាន​ ៤​ តោន យកទៅលក់​ឱ្យ​សហគមន៍​កសិកម្ម​សាមគ្គី​​មនោ​រម្យ​ក្នុង​ក្រុង​សែន​មនោ​រម្យ ខណៈដែល​សហគមន៍​ ១ នេះ​អាច​ប្រមូល​ទិញ​បន្លែ​ពី​ខេត្ត​មណ្ឌល​​គិរី​ក្នុង​ ១ ​ខែ ចន្លោះ​ពី​ ១៤​ ទៅ​ ១៥ ​តោន ​យកទៅលក់​បន្ដ​ឱ្យ​ក្រុមហ៊ុន​មួយទៀត ដើម្បី​ចែក​​ចាយ​បន្ត​ទៅកាន់​ទីផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

​ដោយសារតែ​នឿយណាយ​នឹង​ការប្រើ​កម្លាំង​លីសែង​ធ្ងន់ៗ​ហើយ​បាន​កម្រៃ​តិច​មិនអាច​ទ្រទ្រង់​ជីវភាព និង​ចិញ្ចឹម​កូនប្រុស​ស្រី​ដល់​ទៅ​ ៤ ​នាក់​បាន​ផង​នោះ លោក ​ភិន ផន អាយុ​ ៥២ ​ឆ្នាំ រស់នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់ សុខដុម​ក្រុង​សែន​​មនោ​រម្យ​បាន​ប្តូរ​មក​ធ្វើ​កសិកម្ម​ដាំ​បន្លែ​វិញ​ម្តង​។​


​លោក​ ភិន ផន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា មុននឹង​មក​ចាប់យក​អាជីព​ជា​អ្នក​ដាំ​បន្លែ​នេះ​លោក​បាន​ធ្វើជា​កម្មករសំណង់ ប៉ុន្តែ​ដោយសារ​លោក​ស៊ូ​នឹង​ការប្រើ​កម្លាំង​មិនបាន ក៏​ប្តូ​រម​កដាំ​បន្លែ​វិញ​ម្តង ដោយ​លោក​គិតថា របរ​ធ្វើ​ចម្ការ​ដាំ​បន្លែ​នេះ​ក៏​ប្រើ​កម្លាំង​ដែរ តែ​មិនសូវ​ហត់​ដូច​ការងារ​ធ្វើ​សំណង់​ឡើយ​។​

​ដោយមាន​ដើមទុន​ខ្លួនឯង​ពី​ដី​ទំហំ​ ១ ​ហិកតា លោក​បានសម្រេច​ដាំ​ដំណាំ​ដូចជា កា​រុត ត្រសក់ ឆៃថាវ សណ្តែកបារាំង ប៉េងប៉ោះ ខ្ទឹមស ដំឡូងបារាំង ស្ពៃបូកគោ ស្ពៃក្តោប​ម្ទេស ម្ទេសផ្លោក ប៉ុន្តែ​ក្នុងចំណោម​បន្លែ​ទាំងនោះ​មានតែ​បន្លែ​ស្ពៃក្តោប និង​ស្ពៃបូកគោ​ទេ​ដែល​លោក​ប្រមូល​ផល​បាន​ក្នុង ​១ ​ខែ​ពី​៤​ ទៅ​ ៥ ​តោន​។​


​លោក ផន បាន​បន្តថា ដំណាំ​ដែល​លោក​ដាំ​ទាំងនោះ​គឺ​លោក​ប្រើ​ជីធម្មជាតិ​រួម​នឹង​ជីគីមី ប៉ុន្តែ​ទាំង​បច្ចេកទេស​ដាំ និង​ការប្រើ​​ប្រាស់​ជី​គឺ​លោក​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​ខាង​មន្ត្រី​ជំ​​នា​ញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី​មក​បង្ហាត់​ដល់​ចម្ការ​តែម្តង​។​អ្វី​ដែលជា​អំណោយផល​ល្អ​សម្រាប់​របរ​ធ្វើ​កសិកម្ម​របស់លោក​គឺ​នៅ​ជិត​ទីតាំង​ដីចម្ការ​របស់លោក​មាន​អូរ​មួយ​ដែល​ហូរ​ចុះ​ពីលើ​ភ្នំ ដូច្នេះ​ទឹក​មាន​ខួបប្រាំងខួបវស្សា​មិនដែល​ដាច់​ឡើយ​។​

​លោក​បាន​និយាយថា​៖ «​ខ្ញុំ​ធ្វើ​ចម្ការ​នេះ​ខ្ញុំ​មិន​ព្រួយបារម្ភ​រឿង​ទីផ្សារ​អី​ទេ​ព្រោះ​មាន​ក្រុមហ៊ុន​មក​ចុះ​កុងត្រា​ជាមួយ សហ​​គម​ន៍​កសិកម្ម​សាមគ្គី​មនោ​រម្យ​ដោយ​សហគមន៍​នេះ​បាន​ជួយ​រក​ទីផ្សារ​ឱ្យ​ខ្ញុំ​»​។​

​បើតាម​លោក ភិន ផន បន្លែ​ទាំង​ជិត ​២០ ​មុខ​ដែល​លោក​ដាំ​ គឺ​សុទ្ធ​តែមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ពិសេស​បន្លែ​ស្ពៃក្តោប​និង​ស្ពៃបូកគោ​សាច់​ស្រួយ​និង​មាន​រសជាតិ​ផ្អែម ហើយ​ត្រូវបាន​ក្រុមហ៊ុន​ដែល​ចុះ​កុងត្រា​ជាមួយ​សហគមន៍​លោក​នាំយកទៅ​លក់​នៅតាម​ផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ​ទៀតផង​។​ដោយសារ​របរ​កសិក​ម្ម​នេះហើយ​ទើប​អាច​ប្រែក្លាយ​ជីវភាព​គ្រួសារ​របស់លោក​មិនឱ្យ​ជួប​ការលំបាក​ដូច​កាលពី​លោក​នៅ​ធ្វើ​កម្មករសំណង់​។ ប៉ុន្តែ​ដោយសារតែ​រដូវ​នេះ​ក្តៅ​ខ្លាំង បានធ្វើឱ្យ​បន្លែ​មិនសូវ​ទទួលបាន​ផល​ល្អ​ប៉ុន្មាន​ទេ តែ​យ៉ាងណា​ក៏មាន​ចំណូល​អាច​ទ្រទ្រង់​ជីវភាព​បានល្អ​ប្រសើរ ដោយ​ក្នុង​ ១ ​ឆ្នាំ​លោក​អាច​រកប្រាក់​បាន​ចន្លោះ​ពី​ ៥ ​ទៅ​ ៦ ​ពាន់​ដុល្លារ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ពីមុនមក​ខ្ញុំ​ជាជាង​សំណង់​ដែរ​ហើយក៏​ឆ្លៀតពេល​ខាង​មន្ទីរ​ក​សិ​​កម្ម​តែង​ហៅ​ទៅ​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​នេះ​។ តាំងពី​ខ្ញុំ​ចាប់​កសិកម្ម​មក​ជីវភាព​ខ្ញុំ​រាង​ធូរធារ​ជាង​មុន​ហើយ​របរ​នេះ បើ​យើង​ប្រឹង​តស៊ូ​ធ្វើ​នឹង​ទទួលបាន​ផល​ច្រើន​»​។​

​លោក​បន្តទៀតថា ចំពោះ​បន្លែ​ស្ពៃក្តោប និង​ស្ពៃបូកគោ​របស់លោក​ត្រូវបាន​ក្រុមហ៊ុន​នាំយកទៅ​ចែកចាយ​នៅតាម​ផ្សារ​ទំនើប​នានា​ដូចជា នៅ​ផ្សារ​អ៊ី​អន​ ១​ ​និង​ផ្សារ​អ៊ីអន​២ ក្នុង​រាជធានី​​ភ្នំពេញ​ដោយសារ​បន្លែ​ទាំង​ ២ ​មុខ​នេះ​មាន​គុណភាព​ល្អជា​បន្លែ​សុវត្ថិ​ភាពមិន​ប៉ះពាល់​ដល់​អ្នក​ទទួលទាន​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ដំណាំ​បន្លែ​នេះ លោក ​គ្រី ម៉េង​ឈាង ប្រធាន​សហគមន៍​កសិក​ម្ម​សាមគ្គី​មនោ​រម្យ​នៅ​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា សមាគមន៍​របស់លោក​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​រវាង​ប្រជាកសិករ និង​ក្រុមហ៊ុន ហើយ​បន្លែ​មានដូចជា ស្ពៃក្តោប ស្ពៃបូកគោ ម្ទេស​ហា​វ៉ៃ ខ្ទឹមបារាំង ឆៃថាវ កា​រុត ដំឡូងបារាំង ខ្ទឹមស​។​ប៉ុន្តែ​ពពួក​បន្លែ​ខ្ទឹមបារាំង ខ្ទឹមស ដំឡូងបារាំង គឺ​ដាំ​បាន​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែកុម្ភៈ​ទេ ហើយ​បន្ទាប់ពី​ប្រមូល​ផល​រួច​ដាំ​លែង​បាន​ហើយ​។ ព្រោះ​ប្រភេទ​បន្លែ​ទាំង​ប៉ុន្មាន​មុខ​នេះ​ចាញ់​កម្ដៅថ្ងៃ​ហើយ​វា​ក៏​ចាញ់​ទឹកភ្លៀង​ដែរ​។ តែ​សម្រាប់​បន្លែ​ស្ពៃក្តោប និង​ស្ពៃបូកគោ​គឺ​ដាំ​បាន ​១ ​ឆ្នាំ ទល់​ ១​ ឆ្នាំ​។​

​បើតាម​លោក ម៉េងឈាង ចំពោះ​ផ្ទៃដី​សម្រាប់​ដាំ​ស្ពៃក្តោប និង​ស្ពៃបូកគោ​គឺមាន ​៨ ​ហិកតា ហើយ​គិតពី​ពេល​ដាំ​ដល់ពេល​ប្រមូល​ផល​មាន​រយៈពេល​៣​ខែ ហើយ​ក្នុង ​១ ​ខែ វា​អាច​ផ្តល់​ផល​សរុប​បាន​ពី​ ១២០ ​តោន​ទៅ ​១៣៦ ​តោន​។ កសិផល​ទាំងនេះ​មាន​មួយចំនួន​ផ្គត់ផ្គង់​នៅតាម​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ប្រភេទ​លេខ​ ២ ​និង​លេខ​ ៣​ ផ្គត់ផ្គង់​នៅ​ក្រុង​សែន​មនោ​​រម្យ​តែប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បើ​និយាយ​ពី​បន្លែ​ស្ពៃ​នៅ​ខេត្ត​មណ្ឌល​​គិរី​គឺមាន​គុណភាព និង​រសជាតិ​ល្អ​វា​មាន​រសជាតិ​ផ្អែម ហើយ​ស្រួយ​ឆ្ងាញ់​។ បើ​និយាយ​ទៅ​វា​ស៊ី​ជាមួយនឹង​អាកាសធាតុ​នៅ​មណ្ឌលគិរី​នេះ​តែម្តង​»​។

​លោក​លើកឡើងថា ក្រុមហ៊ុន​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ប្រ​​ជា​កសិករ​មាន​ ៣ ​ក្រុមហ៊ុន​។ រីឯ​បន្លែ​គឺ​ប្រជាកសិករ​ប្រមូល​រួមគ្នា​យកមក​ប្រគល់ឱ្យ​សហគមន៍ បន្ទាប់មក​ខាង​សហគមន៍​របស់លោក​ធ្វើការ​បែងចែក​ទៅតាម​ក្រុមហ៊ុន​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​កសិករ​ទៅតាម​តម្លៃ​ចរចា​គ្នា​។ ចំពោះ​ស្ពៃ​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែកុម្ភៈ និង​ខែមីនា​គឺ​ក្នុង​ស្ពៃក្តោប​ ១​ គុម្ព​អាចមាន​ទម្ងន់​ពី​ ១,៥​ ទៅ ​២​ គីឡូ​។​

​ពាក់ព័ន្ធ​នឹង​ការដាំដុះ​ដំណាំ​កសិកម្ម​នេះដែរ លោក​សុង​​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​​ប្រមាញ់​និង​នេសាទ​ខេត្ត មណ្ឌល​​គិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មាន​តំបន់​មួយចំនួន​នៅ​ខេត្តមណ្ឌលគិរី​ដែលជា​តំបន់​មាន​សក្តានុពល​ផ្នែក​ដំណាំ​កសិកម្ម​ក្នុងនោះ​មាននៅ​ក្រុង​សែន​​មនោ​រម្យ ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា​។ ដោយសារតែ​នៅ​ ២ ​ស្រុក​និង​ក្រុង​មួយ​នេះ​ស្ថិតនៅ​តំបន់​មួយ​ដែលមាន​រយៈ​ខ្ពស់ៗ ហេតុដូច្នេះ​ហើយ​ទើប​ជា​តំបន់​មាន​សក្តានុពល​ជាង​តំបន់​ផ្សេងៗ​។

ចំណែកឯ​នៅ​តំបន់​ផ្សេងទៀត​ក៏​ដាំ​បន្លែ​បានដែរ ដូចជា ស្រុក​កោះ​ញែក ដែល​ប្រជាកសិករ​អាច​ដាំ​ត្រឡាច ប៉េង​បោះ ត្រសក់ សណ្តែក​​កួរ តែ​រសជាតិ និង​គុណភាព​របស់​វា​មាន​លក្ខណៈ​ប្រហាក់​​ប្រហែល​នឹង​ខេត្ត​ដទៃ​ដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ក្រុង​សែន​មនោ​រម្យ​មាន​ប្រហែលជា​ ២០ ​គ្រួសារ​ដែល​ដាំ​បន្លែ​នេះ​។​ប៉ុន្តែ​ជារួម​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​វា​មាន​ស្ពៃក្តោប ស្ពៃបូកគោ កា​​រុត​គឺមាន​ទីផ្សារ​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ​។ ដំណាំ​នៅ​ក្រុង​សែន​​មនោ​រម្យ​នេះ​មាន​លក្ខណពិសេស​ខុសពី​តំបន់​ផ្សេងៗ​»​។​

​លោក​បន្តថា មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​កំពុងតែ​ខិតខំ​ផ្សព្វ​​ផ្សាយ​បន្ត​អំពី​បច្ចេកទេស​ដាំ​ដុះ​រួម​នឹង​វិធីសាស្ត្រ​ដាំ​ដំណាំ​ដល់​កសិករ​បន្ថែមទៀត ដើម្បី​ជំរុញ​វិស័យនេះ​ឱ្យ​កាន់តែ​ខ្ពស់​ក្នុង​ការដាំដុះ​។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា​ថ្វីដ្បិតតែ​កសិករ​ផលិត​បាន​ហើយ ក៏ប៉ុន្តែ​ទំហំ​ប៉ុន​នេះ​នៅ​មិនទាន់​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ធំ​ជាង​មុន​នៅឡើយ​ទេ​។​ ដូច្នេះ​លោក​នឹង​ខិតខំ​ឱ្យ​បងប្អូន​កសិករ​ដែលមាន​ដី​ត្រូវតែ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែមទៀត និង​ខិតខំ​ពង្រឹង​ចងក្រង​សហគមន៍​បន្លែ ធ្វើ​ម៉េច​ឱ្យបាន​រឹងមាំ​ដើម្បី​ប្រមូលផ្តុំ​ធ្វើ​កិច្ចសន្យាលក់​ទៅ​បណ្តា​ផ្សារ​នៅ​រាជធានី​ភ្នំពេញ​៕