ព្រះវិហារៈ គម្រោង USAID មរតក​បៃតង បាន​សហការ​ជាមួយ គម្រោង USAID ព្រៃឡង់​បៃតង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សម្រាប់​សមាជិក​គណៈកម្មការ​ចំនួន ៦ រូបមក​ពី​ខេត្ត​រតនគិរី ទៅ​ទស្សនា និង​ជួប​ជាមួយ​សមាជិក​គណៈកម្មការ​អេកូទេសចរណ៍​នៅទីតាំង​ចំនួន ២ ក្នុងខេត្ត​ព្រះវិហារ​ដើម្បី​ស្វែងយល់​ពីសក្ដានុពល និង​កែលម្អ​ការគ្រប់គ្រង​តំបន់​អេកូទេសចរណ៍​បឹង​លំកុដ។


តាមការផ្សាយ​លើ​ហ្វេសប៊ុក USAID មរតក​បៃតង​បានឱ្យ​ដឹង​ថា អេកូទេសចរណ៍​បឹង​លំកុដត្រូវបាន​កំណត់​ជាខ្សែ​ច្រវាក់​តម្លៃ​សក្តានុពល​មួយ​សម្រាប់​អន្តរាគមន៍​របស់ USAID មរតក​បៃតង បន្ថែមលើ​ការអភិវឌ្ឍ​គម្រោង​រេដបូក​នៅក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់​ក្នុង​ខេត្តរតនគិរី។

ដើម្បី​ស្វែងយល់​ពី​សក្ដានុពល និង​កែលម្អ​ការគ្រប់គ្រង​តំបន់​អេកូទេសចរណ៍​បឹង​លំកុដ USAID មរតក​បៃតង បានសហការ​ជាមួយ គម្រោង USAID ព្រៃឡង់​បៃតង ដើម្បី​រៀបចំដំណើរ​ទស្សនកិច្ច​សម្រាប់​សមាជិក​គណៈកម្មការ​ចំនួន ៦ រូប​មកពី​ខេត្ត​រតនគិរី ទៅ​ទស្សនា និង​ជួប​ជាមួយ​សមាជិក​គណៈកម្មការ​អេកូទេសចរណ៍​នៅទីតាំង​ចំនួន​ពីរ​ក្នុង​ខេត្ត​ព្រះវិហារគឺ សហគមន៍​តំបន់​ការពារធម្មជាតិ​តាំងយូរ និងត្មាតប៉ើយ​ធឿន​ក្រសាំង។


គណៈកម្មការ​ទាំងពីរ​បានបង្កើន​សមត្ថភាព​គ្រប់គ្រង​របស់​ខ្លួន និងកែលម្អ​ការផ្សព្វផ្សាយតំបន់​របស់​ពួកគេ​បានយ៉ាងល្អ តាមរយៈ​ការគាំទ្រ​ពីគម្រោង USAID ព្រៃឡង់​បៃតង។ ក្នុងដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ សិក្ខាកាម​បានស្វែងយល់​ពី​វិធីសាស្ត្រ​អនុវត្ត​ផែនការ​អាជីវកម្ម សិក្សា​អំពី​របៀប​គ្រប់គ្រង​បុគ្គលិក និងពិភាក្សា​អំពី​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេងៗ៕