ភ្នំពេញៈ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បា​នផ្ដល់​​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ផល​ប៉ះ​ពាល់ ​និង​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀនដល់​កុមារ និង​យុវ​ជននៅ​ក្នុង​អង្គ​ការ​មូល​និធិ​កុមារ​កម្ពុជា ​ដើម្បី​ទប់​ស្កាត់​បញ្ហា​គ្រឿង​ញៀន ​កុំ​ឱ្យ​កើត​ឡើង​លើ​ខ្លួន​ឯង គ្រួសារ​ និង​សហ​គមន៍​ ខណៈ​បញ្ហា​គ្រឿង​ញៀន​នៅតែ​បន្ត​រីក​សាយ​ភាយ​គួរឱ្យ​​បារម្ភ។


យោង​តាម​អគ្គ​លេខាធិ​ការ​ដ្ឋាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នា​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៣​ លោក លឹម តុង​ហួត ប្រធាន​នាយក​ដ្ឋាន​នីតិ​កម្ម អប់រំ និង​ស្ដារ​នីតិ​សម្បទា​នៃ​អគ្គ​លេខា​ធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​បាន​ឱ្យ​ដឹងថា គ្រឿង​ញៀន​នៅតែ​ជា​បញ្ហា​សង្គម​ដ៏​ស្មុគ​ស្មាញ ហើយ​បាន​និង​កំពុង​បន្ត​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខុ​មាល​ភាព​ប្រជា​ជន ប៉ះពាល់​ដល់​សន្តិ​សុខ សណ្តាប់​ធ្នាប់​សាធា​រណៈ និង​ការអ​ភិវឌ្ឍ​សង្គម​។​

​លោក​លើក​ឡើង​ថា ការ​ដាំដុះ ​ការ​ផលិត ការ​ចរាចរ ​ការ​ជួញ​ដូរ និង​ការប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ទាំង​នៅ​តំបន់ និង​សកល​លោកនៅតែ​បន្ត​កើន​ឡើង​តាម​បណ្តា​ប្រទេស​ជាច្រើន ពិសេស​ នៅក្នុង​តំបន់​អាស៊ី​ដោយ​ក្រុម​ឧក្រិដ្ឋជន​នៅតែ​បន្ត​ប្រើប្រា​ស់​គ្រប់​ល្បិច​កល​ ដើម្បី​លួច​លាក់​ចរាច​រណ៍​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន​ចូល​មក​កម្ពុជា ទាំង​តាម​ផ្លូវ​ទឹក ​ផ្លូវ​គោក ផ្លូ​វអាកាស ​និង​តាម​បញ្ញើ​ប្រៃ​សណីយ៍ដែ​ល​សមត្ថ​កិច្ច​កម្ពុជា​តែង​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​។​


​លោក ​លឹម តុង​ហួត បន្ត​ថា ប្រហែល​ជា​១​ឆ្នាំ​មុន​ លោក​នឹង​ក្រុម​ការងា​រ​បាន​សហ​ការ​ជាមួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគា​រចូលជួប និង ​សម្ភាស​ជា​មួយ​អ្នក​ទោស​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀនដោ​យក្នុង​ចំណោម​​មនុស្ស​ជាង ៣០​នាក់គឺមាន​តែ​១​នាក់​ទេ ដែល​ឆ្លើយ​ថា គាត់​មិន​បាន​ដឹង មិន​បានឮ​ពី​គ្រឿង​ញៀនមុន​ពេល​គាត់​ធ្លាក់​ខ្លួន​ទៅ​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​។

​លោក​បាន​បញ្ជាក់​ថា៖ «​ខណៈ​ដែល​បញ្ហា​គ្រឿង​ញៀន​នៅតែ​បន្ត​រីកសាយ​ភាយ​យើង​មានកា​រ​ព្រួយ​បារម្ភ នៅ ត្រង់ ថា​ មាន​មនុស្ស​ជាច្រើន​បាន​ដឹង បានឮ និង​បាន​ទទួល​ការ​ណែនាំ​​ពី​លោក​គ្រូ ​អ្នកគ្រូ​ ពី​មាតាបិ​តា អាណា​ព្យា​បាល ប៉ុន្តែ​នៅ​តែ​ទៅ​ចូល​ពាក់​ព័ន្ធ និង​ប្រព្រឹត្ត​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ទៀត​»​។​


​លោក​បាន​ឱ្យ​ដឹងថា​ តាមរ​យៈ​កា​របណ្តុះប​ណ្តាល​នេះ កុមារ និង​យុវជន ​នឹង​បាន​យល់​ដឹង​ពី​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀននិង​វិធី​សាស្ត្រ​មួយ​ចំនួន​ក្នុងការ​បង្ការ និង​ទប់ស្កាត់​បញ្ហា​គ្រឿង​ញៀនកុំ​កើត​មាន​មកលើ​​ខ្លួនឯង​ ជា​ពិសេស​គឺ​កុំ​ឱ្យ​រាល​ដាល​ដល់​គ្រួសារ និង​សហ​គមន៍​។​

​បើតាម​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​ន​នៅ​ឆ្នាំ២០២២កន្លង​មក វត្ថុ​តាង​គ្រឿងញៀន​ដែល​​បង្ក្រាប​និង​រឹបអូស​បាន​ពីបទ​ល្មើស​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ២​០២១ចំនួន​ជាង​១០​តោន​ខណៈ​ជនសង្ស័យ​ដែល​​ចាប់​ខ្លួន​ក្នុង​បទ​ល្មើស​នេះ ក៏មាន​ការកើន​ឡើង​ជា​ង​ឆ្នាំ​២០២១​ ចំនួន​ជាង​១ពា​ន់​នាក់​ផង​ដែរ​។​

​របាយ​ការណ៍​ដដែល​បាន​បន្តថា​ លទ្ធផល​នៃ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេ​សក្នុង​ឆ្នាំ២០២២ មាន​ចំនួន​៦ ២៩០​ករណី កើន​ឡើង​ជាង​ឆ្នាំ ២​០២១ ​ចំនួន​ ៤០ក​រណី និង​បង្ក្រាប​ចាប់​ជន​សង្ស័យ​ បាន​ចំនួន​១៤ ៧៨៤​នាក់ រួមទាំង​រឹប​អូស​វត្ថុតាង​គ្រឿង​ញៀន​ចម្រុះ​ប្រភេទ​ សរុប​ចំនួន​១៤​តោន និង​ ៥០២​គីឡូក្រា​ម​៕