សៀមរាបៈ អាជ្ញាធរឃុំកំពង់ភ្លុក និងក្រុមការងារទេសចរណ៍បរិស្ថាន និងអង្គការសង្គមស៊ីវិល បានផ្តើមយុទ្ធនាការចលនាគ្រួសារស្អាតដោយមានការប្រឡងប្រណាំងគ្រួសាររស់នៅមានអនាម័យស្អាត មានសោភណភាពល្អ និងបរិស្ថានល្អក្នុងសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប ដើម្បីរង់ចាំអបអរពិធីបុណ្យសមុទ្រទឹកសាបកម្ពុជាជាលើកដំបូងនៅពាក់កណ្តាលខែមិថុនាខាងមុខ។
លោកស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ប្រចាំខេត្តសៀមរាប បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៧ ឧសភាថា អាជ្ញាធរឃុំកំពង់ភ្លុក និងក្រុមការងារទេសចរណ៍បរិស្ថាន បានចាប់ផ្តើមយុទ្ធនាការចលនាគ្រួសារស្អាត ដែលជាកម្មវិធីប្រឡងប្រណាំងគ្រួសាររស់នៅមានអនាម័យស្អាត មានសោភណភាពល្អ និងបរិស្ថានល្អ ក្នុងសហគមន៍កំពង់ភ្លុក។
លោកបានបន្តថា យុទ្ធនាការនេះដើម្បីស្វែងរកគ្រួសារដែលនឹងឈ្នះរង្វាន់ធំសម្រាប់ព្រឹតិ្តការណ៍បុណ្យបរិស្ថានប្រចាំឆ្នាំ នារដូវទឹកដំឡើងដែលជាយុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកឱ្យបានមុនទឹកជំនន់បឹងទន្លេសាបឡើងមកដល់ និងរួមជាមួយពិធីបុណ្យប្រពៃណីឆ្លងសាលាដឹងគុណបឹងទន្លេសាប ក្នុងទម្រង់ជាបុណ្យសមុទ្រទឹកសាបកម្ពុជាលើកដំបូង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ និង១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
លោកបានបញ្ជាក់ថា៖«ខែ៦នេះ គឺទឹកឡើងមកវិញ អ៊ីចឹងប្រជាពលរដ្ឋ អាចបោះសំរាមចូលក្នុងទឹក។ យុទ្ធនាការយើង គឺចែកការុងឱ្យគាត់តាមផ្ទះឱ្យគាត់ញែកសំរាមច្រកក្នុងការុងហ្នឹង។ ក្នុងខែមិថុនាខាងមុខហ្នឹង គឺយើងមានព្រឹត្តិការណ៍ធំ អ៊ីចឹងដើម្បីបានទៅដល់ព្រឹត្តិការណ៍ហ្នឹង គឺយើងចាប់ផ្តើមធ្វើចលនាគ្រួសារស្អាតគឺគាត់ត្រូវមានលក្ខណៈប្រមាណ៧ចំណុច ដែលចាប់ពីឥឡូវទៅ ដោយអាជ្ញាធរចាប់ផ្តើមដើរវាយតម្លៃគ្រួសារស្អាតនីមួយៗ»។
បើតាមលោក ស៊ា សុផល កម្មវិធីចលនាគ្រួសារស្អាតនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌភូមិឃុំមានសុវត្ថិភាពលក្ខណសម្បត្តិទី៦ ដែលមានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ រីឯរង្វាន់ដែលត្រូវទទួលបានប្រចាំសបា្តហ៍ឬមុនព្រឹតិ្តការណ៍នៅខែមិថុនាមកដល់នោះ គឺទទួលបានបណ្ណសរសើរគ្រួសារស្អាត មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ ជាគ្រួសារគំរូក្នុងសហគមន៍ ហើយនឹងទទួលបានអង្ករលើកទឹកចិត្តចំនួន១០គក្រ និងរង្វាន់ផ្សេងៗទៀត។
លោកបានបញ្ជាក់ថា៖«យើងធ្វើដើម្បីអបអរទិវាបរិស្ថានជាតិពិភពលោក និងដើម្បីអបអរបុណ្យសមុទ្រអន្តរជាតិ ក្នុងរូបភាពជាបុណ្យសមុទ្រទឹកសាបកម្ពុជា ដោយយកទន្លេសាបយើងជានិមិត្តរូបនៃសមុទ្រ។ យើង ក៏ប្រកាសជាផ្លូវការ ប្រមូលយកប្លាស្ទិកពី១ ០០០គ្រួសារ ដោយឱ្យគាត់ផ្លាស់ប្តូរទម្លាប់ថ្មី ហើយគ្រួសារស្អាតទាំងអស់ នឹងមានឱកាសទទួលសំណាងឈ្នះរង្វាន់ធំសម្រាប់ព្រឹត្តិការណ៍ធំនោះ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន បានចូលរួម និងគាំទ្រនូវសកម្មភាពទាំងអស់នេះ ព្រោះវាគឺជាការអនុវត្តបន្តពីគម្រោងប្លាស្ទិកដូរអង្ករ ដែលជាកម្មវិធីមួយនាំឱ្យមានភាពជោគជ័យក្នុងការយល់ដឹងជារួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំណល់សំរាម មិនឱ្យបោះចោលនៅក្នុងបឹងទន្លេសាប។
លោកបញ្ជាក់ថា៖«ការប្រឡងប្រណាំងគ្រួសារដែលមានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អនៅក្នុងសហគមន៍កំពង់ភ្លុកហ្នឹង គឺជាកិច្ចការងារមួយដែលមានសារៈសំខាន់ ដោយសារតែសហគមន៍កំពង់ភ្លុក គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់ដែលមានភ្ញៀវទេសចរទៅទស្សនាច្រើននៅកន្លែងហ្នឹង។ ក្រសួងបរិស្ថាន សូមលើកទឹកចិត្តដល់អង្គការក្រៅរដ្ឋាភិបាល និងដៃគូផ្សេងៗ សូមឱ្យបន្តអនុវត្តនូវកិច្ចការងារផ្សេងៗដើម្បីចូលរួមសម្អាតបរិស្ថាននៅតំបន់ហ្នឹងល្អ និងមានសោភណភាព»។
សហគមន៍កំពង់ភ្លុក មានប្រជាសហគមន៍ប្រមាណ១ ០០០គ្រួសារ រស់នៅក្នុងភូមិចំនួន៣ គឺភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយភាគច្រើនប្រជាសហគមន៍រស់នៅលើផ្ទះបណ្តែតទឹក និងប្រកបរបរនេសាទ។ សហគមន៍នេះមានភាពទាក់ទាញដល់អ្នកទេសចរ ដែលអាចទស្សនាផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិចនៅលើផ្ទៃបឹង។នេះបើតាមលោក នេត្រ ភក្ត្រា៕