ព្រះ​សីហនុ: លោក​ ហ៊ុន ​ម៉ាណែត ​ប្រធាន​គណៈ​កម្មាធិការ​អាហា​រូ​បករណ៍​សិស្ស-​និស្សិត​ក្រីក្រ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ភរិយា ​បាន​ចាត់​ទុក​ការវិនិ​យោគ​លើ​វិស័យ​អប់រំ ​គឺ​ជាការ​ចូល​រួម​ចំណែក​ក្នុង​កា​របណ្តុះចំណេះដឹង សម​ត្ថ​ភាព គុណ​ធម៌​ និង​សីល​ធម៌​ ជាគុណ​វុឌ្ឍិផ្នែក​ខាង​ក្នុង​របស់​មនុស្ស​ដែល​ជាទ្រព្យ​ធន​ដ៏​មាន​សារៈសំខាន់ចាំ​បាច់បំផុតស​ម្រាប់ប្រទេ​សជា​តិ​នី​មួយៗ​។


ការ​ចាត់​ទុក​របស់​លោក​ហ៊ុន​ម៉ា​ណែត​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រជូននិស្សិតជយលាភី នៃសាខា​សា​កល​វិទ្យាល័យ​គ្រប់​គ្រង​និង​សេដ្ឋ​កិច្ច​(UME)​ចំនួន​៥២៥​អង្គ/នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​នាថ្ងៃ​ទី​៧​ខែឧ​សភា​ ឆ្នាំ​២០២៣​បន្ទាប់​ ពី​ពួកគេ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​និង​ការ​ជម្នះ​រា​ល់ការ​លំបាក​នានា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​លោក​ហ៊ុន​ម៉ាណែត​កោត​សរសើរ​ដល់​សាកល​វិទ្យាល័យ​UME ដែលបានវិនិយោគលើវិស័យ អប់​រំក្នុង​រយៈ​កាល​២៥​ឆ្នាំ​កន្លង​មក​នេះ​ដោយ​បាន​អភិវឌ្ឍ​ខ្លួន​ឈាន​ឡើង​ជា​បន្ត​បន្ទាប់​រហូត​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត​ចំនួន​៦ ​នៅ​ទូ ទាំង​ប្រទេស​។ នេះគឺ​ជាការ​ចូល​រួម​ចំណែក​មិន​អាច​ខ្វះ​បាន​ជាមួយ​នឹង​រាជរដ្ឋា​ភិបាល​ដើម្បីរួ​មគ្នា​សម្រេចទិសដៅ​នៃការអភិ​វឌ្ឍ​វិស័យ​អប់រំ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃការ​អភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច​ក៏ដូច​ជាការ​រីក​ចម្រើន​លើគ្រប់​វិស័យ​នៅ​កម្ពុជា​។


​លោក​ថ្លែង​ថា៖​«​សូម​សិស្ស-​និស្សិត​កម្ពុជា​គ្រប់​រូប​ត្រូវ​ខិត​ខំយក​ចិត្ត​ទុក​ដាក់​សិក្សា​រៀន​សូត្រ​ទាំ​ងលើជំនាញរឹង និងជំនាញទន់ ឱ្យមាន​គុណ​វុឌ្ឍិពិត​ប្រាកដ​ច្បាស់​លាស់​ដើម្បី​ក្លាយ​ខ្លួន​ជា​មូលធ​នមនុស្ស​របស់​កម្ពុជា​ ដែល​នឹង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង និង​លើក​កម្ពស់​សមត្ថភាព​ប្រ​កួ​តប្រជែង​របស់​ជាតិ​យើង​ក្នុង​ចរន្តសកល​ភាវូបនី​យកម្ម​ និង​ការ​ចាប់​យក​នូវសក្តា​នុពល​ថ្មីៗ​បម្រើឱ្យ​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ទៅ​មុខ»។

​លោក​ហេង​វ៉ាន់​ដា​ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ បាន​ប្រាប់​ឱ្យដឹង​នៅថ្ងៃទី៨ ខែឧសភា​ថា ​ការ​លើក​ឡើង​របស់​លោក​ហ៊ុន​ ម៉ាណែត ​ពិត​ជាត្រឹម​ត្រូវ ​និង​មាន​សារៈ​សំខាន់​បំផុត​ ព្រោះ​បើ​ប្រទេស​មួយមិន​មា​នការវិនិយោគលើ​ការ​អប​រំនេះ​ទេ នឹង​ធ្វើឱ្យ​សង្គម​សម្បូរ​ទៅ​ដោយ​បញ្ហា និង​អនាធិប​តេយ្យ​មិន​ខាន​ឡើយ។ ដូច្នេះ​ហើយ​បាន​ជា​រាជរដ្ឋា​ភិបាល ​បាន​ចំ​ណាយ​ដើម​ទុន​រាប់​រយ​លាន​ដុល្លារ ​វិនិ​យោ​គលើវិ​ស័យ​អប់​រំ​នេះ។


លោក​បាន​ថ្លែង​ថា៖​«បើ​និយាយ​ពាក្យ​អប់​រំនេះ​ គឺ​មាន​ភាព​ទូលំ​ទូលាយ​ដោយ​ក្តោបទៅលើច​រិយា​​ធម៌ គុណធម៌ សីលធម៌ និង​សុជីវ​ធម៌​ជា​ដើម។ ក្នុង​ន័យ​នេះ ​និស្សិត​ដែល​ទទួល​បាន​អប់​រំក​ម្រិ​តបរិញ្ញា​បត្រ អនុ​បណ្ឌិត ​ឬ​បណ្ឌិតជា​ដើម ​ពីសាលា​រៀន ហើយ​ចេញ​ទៅរ​កកា​រងារ​ធ្វើ​នានា​នឹង​ជួ​យជំ​រុញ​ឱ្យមា​ន​កំណើន​សេដ្ឋ​កិច្ច និង​ការវិ​និយោគ​ផ្សេងៗ​»។

លោក​ហេង ​វ៉ាន់​ដា បាន​សង្កត់​ធ្ងន់​បន្ថែម​ថា តាម​រយៈ​ចំណេះដឹង​របស់​ពួក​គេ​ដែល​ទទួល​បាន​ការអប់​រំពី​សាលា នឹង​ជួយជំរុញ​កំ​ណើន​នៃការ​អភិវឌ្ឍ​ប្រទេស​ជាតិ​បាន​លឿន៕