ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​សិក្ខាសាលា​តម្រង់ទិស​ស្តីពី «​យន្តការ​អនុវត្ត​កម្មវិធី​សាលា​គំរូ​»​ ទៅដល់​គណៈ​គ្រប់គ្រង​វិទ្យាល័យ​ធនធាន​ចំនួន​ ៥០ ក្នុង​ ២៥​ រាជធានី​-​ខេត្ត​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ការបង្រៀន​សិស្ស​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។​


​យោងតាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹងថា តាមរយៈ​ការវិនិយោគ​របស់​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​ទី​២ (USESDP-II) ក្រសួង​បានរៀបចំ​សិក្ខាសាលា​តម្រង់ទិស​ស្តីពីយន្តការ​អនុវត្ត​កម្មវិធី​សាលា​គំរូ ជូន​គណៈ​គ្រប់គ្រង​មកពី​វិទ្យាល័យ​ធនធាន​សរុប​ចំនួន ​៥០​។​

​ពិធី​បើក​សិក្ខាសាលា​នេះ ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​គរុ​កោ​សល្យ​ភូមិភាគ​ខេត្តកំពង់ចាម ក្រោម​អធិបតីភាព លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​នាយក​គម្រោង USESDP-II ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​ថ្នាក់ជាតិ មន្ត្រី​អនុវត្ត​គម្រោង លោកនាយក លោកស្រី​នាយិកា​នៃ​វិទ្យាល័យ​ធនធាន​គោលដៅ​ទាំង ​៥០ និង​ទីប្រឹក្សា​គម្រោង​រួម​មាន​អង្គការ VSO និង​អង្គការ KAPE ផងដែរ​។​


​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ៖ «​សិក្ខាសាលា​នេះ គឺជា​ការបោះ​ជំហាន​ទៅមុខទៀត​នូវ​ការធ្វើ​ឱ្យ​ប្រសើរឡើង​នៃ​ការអនុវត្ត​នៅ​កម្រិត​សាលារៀនដោយ​អ្នក​ចុះជួយ​គាំទ្រ​សាលារៀន អ្នកអនុវត្ត​ផ្ទាល់​នៅ​សាលារៀន និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀតបាន​ចេះ​ទ្រឹស្តី ការអនុវត្ត​ផ្ទាល់ និង​ការគាំទ្រ​បច្ចេកទេស​អនុវត្ត​កម្មវិធី​សាលារៀន​គំរូ (SBM)»​។​

​ជាមួយគ្នានេះ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ចាម លោក លី ម៉េង​សាន បាន​ឱ្យដឹង​នៅ​ថ្ងៃទី​៨ ខែឧសភា ថា សាលាគំរូ​ជា​សាលា​មួយ​ដែលមាន​បរិស្ថាន​ស្អាត​ ដែលនៅក្នុង​នោះ ក៏មាន​វិទ្យាល័យ​ចំនួន៥០ ក្នុង​បណ្ដា​២៥​រាជធានី​-​ខេត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ។​


​លោក​បាន​បន្តថា វិទ្យាល័យ​ទាំងនេះមាន​អគារ​ធនធាន ដែលជា​កន្លែង​ពិសោធ ខណៈ​ក្រសួង​អប់រំកំពុង​ជំរុញ​ឱ្យ​វិទ្យាល័យ​ដែលមាន​អគារ​ធនធាន​នេះ ក្លាយជា​សាលារៀន​ជំនាន់​ថ្មី ឬ​ជា​សាលារៀន​គំរូ​នៅក្នុង​ខេត្ត​នីមួយៗ​។

​បើតាម​លោក លី ម៉េង​សាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​ទី​២(USESDP-II)ដែល​បាន​វិនិយោគ​មកលើ​វិទ្យាល័យ​ដែលមាន​អគារ​ធនធាន ដើម្បី​ធ្វើយ៉ាងណា​ត្រូវ​បង្រៀន​សិស្ស​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព សម្រាប់​ជា​គំរូ​ក្នុង​ខេត្ត​នីមួយៗ​។​

​លោក​លើកឡើងថា ចំពោះ​ខេត្តកំពង់ចាម វិទ្យាល័យដែលមាន​អគារ​ធនធាន គឺមាន​ចំនួន​សរុប​ទាំងអស់ ៨​វិទ្យាល័យដែល​តម្រូវ​ឱ្យ​វិទ្យាល័យ​ទាំងនោះត្រូវធ្វើ​យ៉ាងណា​ប្រែ​ក្លាយទៅជា​វិទ្យាល័យ​មួយដែល​បង្រៀន​សិស្ស​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព ខណៈដែល​មានការ​រៀប​ចំ​សិក្ខាសាលា​តម្រង់ទិសស្ដីពី​យន្តការ​អនុវត្ត​កម្មវិធី​សាលា​គំរូជូន​ដល់​គណៈ​គ្រប់គ្រង​មកពី​វិទ្យាល័យ​ដែលមាន​អគារ​ធនធាន​នេះ​។​

​លោក លី ម៉េង​សាន បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ការអនុវត្ត​កម្មវិធី​សាលា​គំរូ​ខេត្តកំពង់ចាម យើង​បានចាប់ផ្តើម​នៅ​វិទ្យាល័យ​ព្រះសីហនុ​យើង​ហ្នឹងដែល​ធ្វើយ៉ាងណា​ដើម្បី​ឱ្យ​នាយក​ហ្នឹងគាត់​រឹងមាំសហការ​ជាមួយ​នាយករង ហើយ​យើង​ក៏​រៀបចំ​ឱ្យ​មាន​បន្ទប់ពិសោធន៍ និង​រួមទាំង​បន្ទប់​បង្រៀន​តាម​មុខវិជ្ជា​ផងដែរ​»​។

​ជុំវិញ​រឿងនេះ លោកយង់ ពៅ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែង​ថា វា​ពិត​ជាមាន​ចាំបាច់​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើត​​សាលារៀន​គំរូ​ទាំងនេះដើម្បី​ជាការ​កែទម្រង់​នៅក្នុង​មធ្យមសិក្សា ពីព្រោះ​កន្លងមក​មធ្យមសិក្សា គឺជា​គ្រឹះ​សំខាន់​ណាស់​សម្រាប់​វិស័យ​អប់រំ​។​

​លោក​ថា៖«​ហេតុដូច្នេះ​កម្ពុជាគឺ​ត្រូវមាន​កំណែទម្រង់​ប្រាកដនិយម​មួយ ដែលមាន​លក្ខណៈ​ជា​របស់​ខ្លួនឯង ហើយ​ទំនើបទាន់សម័យ ខណៈដែល​សកលលោក​កំពុង​ដំណើរ​ការវិវឌ្ឍ​ន៍​ផងដែរ​»​។

​លោក យង់ ពៅ បាន​បន្តថា ក្រសួង​អប់រំ ក៏ត្រូវ​តែ​ចាំ​បាច់បង្កើត​ការអប់រំ​ថ្មីៗ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​បរិបទ​សកលលោក ហើយក៏​ដើម្បី​យុវជន និង​ក្មេង អាច​ដើរ​ឱ្យ​ទាន់​បរិបទ​សម័យ​បច្ចេកវិទ្យា​ផងដែរ​។

​លោកបញ្ជាក់ថា​៖ «​យើង​ក៏​គាំទ្រ​នូវ​ការអនុវត្ត​របស់​ក្រសួង​អប់រំដែល​ផ្ដោតទៅលើ​ទ្រឹស្ដីនិង​ការអនុវត្ត​ជាក់ស្ដែង​នៅ​កម្រិត​ចំណេះ​ទូទៅ​នៃ​សាលា​គំរូ​នេះ ជាពិសេស​ក្រសួង​ត្រូវតែ​ជំរុញ​បន្ថែម​ក្នុង​ការធ្វើ​កិច្ចការងារ​ទាំងនេះ​ឱ្យ​មាន​ភាពទូលំទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ថ្ងៃ​អនាគត​»​។​

​សូមបញ្ជាក់​ផងដែរ​ថា អគារ​ធនធានត្រូវបាន​ក្រសួង​អប់រំ​កសាង​នៅទូទាំងប្រទេស​​ដើម្បី​ផ្សារភ្ជាប់​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទាំង៤ គឺ គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា​ និង​ផែនដីវិទ្យា ទៅនឹង​ការអនុវត្ត​ពិសោធន៍​ជាក់ស្តែង ព្រោះ​អគារ​នេះមាន​បន្ទប់ពិសោធន៍ និង​ឧបករណ៍​ពិសោធន៍​គ្រប់គ្រាន់​សម្រាប់​មុខវិជ្ជា​ទាំង​៤​ផងដែរ​៕