ភ្នំពេញៈ ​លោក​ នេត្រ ​ភក្ត្រា រដ្ឋ​លេខាធិ​ការ​ក្រសួង​បរិស្ថាន​ថ្លែងថា ​យុទ្ធនា​ការ​អន្ទាក់​សូន្យ​ពី ​១​ ដំណាក់​កាល​ទៅ​ ១​ ដំណាក់​កាល​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់ ​និង​បង្ហាញ​ការ​ចូល​រួម​គាំទ្រ​ពី​អង្គការ​ដៃគូ​ដែល​ធ្វើការ​ងារ​លើ​ផ្នែក​អភិរក្ស​បង្កើត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា ក្នុង​ការ​ផ្តល់សុ​វត្ថិភាព​ដល់​សត្វ​ព្រៃ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ​។​


​លោក​ នេត្រ ភក្ត្រា ថ្លែង​បែប​នេះ​ក្នុង​សន្និ​សីទ​សារព័​ត៌មាន​ស្តីពី​យុទ្ធនា​ការ​អន្ទាក់​សូន្យ​ក្នុង​ខេត្ត​កំព​ង់ស្ពឺ ដែល​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ​ថ្ងៃទី​៨​ ខែ​ឧសភា​​។

​លោក​បាន​ឱ្យដឹង​ថា យុទ្ធ​នាការ​អន្ទាក់​សូន្យ​នឹងធ្វើ​នៅ​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃទី៩​ ខែឧសភា​ ដើម្បី​ចូលរួម​កាត់​បន្ថយ​អន្ទាក់ ​និង​លុប​បំបាត់​ឱ្យ​បាន​ទាំង​ស្រុង​នូវ​អន្ទាក់​នៅក្នុង​តំបន់កា​រពារ​ធម្មជាតិ​ និង​ផ្តល់​សុវត្ថិ​ភាព​ទៅ​ដល់​សត្វព្រៃ​។ លោក​បន្ត​ថា គេ​មិន​ដឹង​ថា មាន​ចំនួន​អន្ទាក់​ច្រើន​ប៉ុន​ណាទេ​​ដែល​ត្រូវ​បាន​ដាក់​នៅក្នុង​ព្រៃ​ក្នុង​១​ឆ្នាំៗ​ ប៉ុន្តែ​ជាក់​ស្តែង​មាន​អន្ទាក់​តែ​ប្រមាណ​២០​ភាគ​រយ​ប៉ុណ្ណោះ​ដែល​មន្ត្រី​បរិ​ស្ថាន​ខិតខំ​ដោះ​បាន​។


​លោក​បញ្ជាក់​ថា ខេត្ត​កំពង់ស្ពឺ ​ពោធិ៍​សាត់ កោះ​កុង ​គឺស្ថិត​នៅក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ ​និង​ជា​តំបន់​ដែល​ត្រូវបាន​ដឹង​ថា ដោះ​អន្ទាក់​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ចំណោម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ ដែល​មាន​តំបន់​ការពា​រធម្មជាតិ​។ លោក​ថ្លែងថា​៖«​អន្ទាក់​ដែល​បាន​ដាក់​នោះ​គឺ​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ជីវចម្រុះ​ជាច្រើន ​ជាពិសេស​ប្រភេទ​សត្វ​ក្រចក​ចំ​ពាម ​ដែល​ដើរ​រកស៊ី​នៅលើ​ដី ហើយ​អន្ទាក់​នេះ​គឺ​បាន​ធ្វើ​ឱ្យ​សត្វ​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​គឺ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង​ជា​មួយ​នឹង​សហ​គមន៍​ និង​អង្គ​ការ​ដៃគូ​បាន​សហ​ការគ្នា​ក្នុងការ​ដោះ​អន្ទាក់​ជា​ច្រើន​រយ​ពាន់​អន្ទាក់​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​»​។

​បើតាម​លោក​នេត្រ ​ភក្ត្រា ទិសដៅ​ដែល​ក្រសួង​បរិស្ថាន​ឆ្ពោះ​ទៅ​ខេត្ត​កំពង់ស្ពឺ​ ដោយ​សារ​ខេត្ត​នេះ​ជា​ខេត្ត​១ ភ្ជាប់​ជា​មួយ​នឹង​ជួរ​ភ្នំ​ក្រវាញ​និង​ជា​តំបន់​ដែល​សម្បូ​រទៅ​ដោយ​សត្វព្រៃ​។ជាមួយ​គ្នា​នោះ​​ខេត្ត​នេះ​ក៏ដូចជា​ខេត្ត​តំបន់​កា​រពារ​ផ្សេងៗ​ទៀត​ដែល​មាន​ការលក់​សាច់​សត្វ​ព្រៃ​នៅ​តាម​ភោជ​នីយ​ដ្ឋាន ​និង​ភូមិ​ស្រុក ។ លោក​បន្ត​ថា ​តាមរ​យៈ​យុទ្ធនា​ការ​នេះ​ ក្រសួង​បរិស្ថាន​ខិតខំ​ដើម្បី​ផ្លាស់​ប្តូរ​ឥរិយា​បថ​របស់​ប្រជា​ពលរដ្ឋ​ដែល​ទី​១ អ្នក​នៅ​ជុំវិញ​តំបន់​ការ​ពារធម្ម​ជាតិ ​និង​ធ្លាប់តែ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការដាក់​អន្ទាក់​ ឱ្យ​បញ្ឈប់​សកម្ម​ភាព​នោះ​។


​លោក​បន្ថែម​ថា ​ចំណុច​ទី​២​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ចូលចិត្ត​បរិភោគ​សាច់​សត្វ​ព្រៃ និង​គិត​ថា សត្វព្រៃ​ជា​ឱសថ ​ជា​ថ្នាំ​ប៉ូវ​កម្លាំង ប្តូរ​ការ​គិត ​និង​យល់​ថា នោះ​មិន​ដូច​អ្វីដែល​ពួក​គាត់​គិត​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​សាច់​សត្វ​ព្រៃ​ធ្វើឱ្យ​គាត់​អាច​រង​គ្រោះថ្នា​ក់​ដល់​ជីវិត នៅ​ពេល​សត្វ​មាន​ជំងឺ​និង​មិន​បាន​ព្យា​បាល​ត្រឹ​មត្រូវ​តាម​វេជ្ជ​សាស្ត្រ​។ បើតាម​លោក​នេត្រ​ ភក្ត្រា មាន​ភោជ​នីយ​ដ្ឋាន​ជាង​ ៧០ កន្លែង​នៅ​ខេត្ត​ចំនួន ​៧ រួម​មាន រតន​គិរី មណ្ឌល​គិរី ស្ទឹង​ត្រែង ​ក្រចេះ ​ព្រះវិ​ហារ ពោធិ៍​សាត់ និង​កំពង់​ធំ ដែល​បាន​ប្តេជ្ញា​មិន​លក់​មុខ​ម្ហូប​ធ្វើ​ពី​សត្វ​ព្រៃ​។ ដោយ​ឡែក​នៅ​ខេត្ត​កំពង់​ស្ពឺ​មាន​ភោជនីយ​ដ្ឋាន​៧​កន្លែង​ទៀត​​ទើប​បាន​ប្រកាស​មិន​លក់​ម្ហ​ប​ធ្វើ​ពី​សត្វព្រៃ​។

​លោក​ ឱម​ ម៉ាក់​ធា​រី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ បានឱ្យ​ដឹងថា ​ខេត្ត​កំពង់ស្ពឺ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៧៩​នាក់​ ដែល​ការពារ​អភិរក្ស​តំបន់​ការពា​រធម្មជាតិ​នៅ​ស្រុក​ចំនួន​៣​គឺស្រុក​ថ្ពង ឱរ៉ា​ល់ និង​ស្រុក​ភ្នំស្រួច​។ នៅក្នុង​ឆ្នាំ២០២២ ​កន្លង​ទៅ ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ខេត្តកំ​ពង់​ស្ពឺបាន​ចុះ​ល្បាត​ចំនួន​២៥៦​លើក​ ក្នុង​នោះ​បាន​ដោះ​អន្ទាក់​បាន​ចំនួន​៨០០ ​រឹបអូស​រណា​រយន្ត ​៣៦គ្រឿង ​បញ្ជូន​សំណុំរឿ​ង​ទៅ​តុលា​ការ​ចំនួន​ ១៥ក​រណី​។​

​លោក ​សេង ​ទៀក នាយក​អង្គការ WWF កម្ពុជា ថ្លែង​ថា ក្នុង​យុទ្ធ​នាកា​រ​អន្ទាក់​សូន្យ​ដំណាក់​កា​ល​ទី​២ នេះ​ ក្រសួង​បរិស្ថាន ​និង​អង្គការ​ដៃគូ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ ​QR កូដ១ ដើម្បី​លើកទឹ​កចិត្ត​ឱ្យ​សាធា​រណ​ជន​​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ចូលរួម​ប្តេជ្ញា​ចិត្ត​មិន​បរិភោគ​​សាច់សត្វ​ព្រៃ ។ លោក​បញ្ជាក់ថា ​QR កូដ​ថ្មី​នេះ​បានដា​ក់​ឱ្យប្រើ​ប្រាស់៣​​ខែ​មកហើ​យ ​ដែល​ក្នុង​រយៈ​ពេល​នេះ​មាន​អ្នក​ចូល​រួម​ប្តេជ្ញា​ឈប់​បរិ​ភោគ​សាច់​សត្វ​ព្រៃ​ជាង​៤​ពាន់​នាក់​ហើយ​។

​លោក​ថ្លែង​ថា​៖«​ឆ្លៀ​ត​ក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ទាំង​អស់​គ្នា​កុំ​ប៉ះពាល់​សាច់សត្វ​ព្រៃ​ ហើយ​យើង​ទាំង​អស់​គ្នា​គួរតែ​រក្សា​សត្វ​ព្រៃ​ឱ្យ​រស់​នៅ​ក្នុង​ព្រៃ​បាន​សុខ ដើម្បី​វិស័យ​ទេសចរ​ណ៍ក្នុង​ប្រទេស​របស់​យើង​»៕