កំពង់ស្ពឺៈ ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ហ៊ុន ម៉ា​នី បាន​ចុះទៅ​ពិនិត្យ​ព្យា​បាល​ប្រជា​ជន​នៅ​ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ ដោយ​ឥត​គិត​ថ្លៃ ព្រមទាំង​អប់រំ​បណ្ដុះ​បណ្ដាល​វគ្គ​សង្គ្រោះ​បឋម​ និង​ផ្សព្វ​ផ្សាយ​យុទ្ធនា​ការ​ចាក់​វ៉ា​ក់សាំង​កូ​វីដ​ ១៩ ​និង​វិធាន​ការ​សុខាភិ​បាល​ផង​ដែរ​។


​ការ​ចុះ​ពិនិត្យ​ព្យា​បាល​ដល់​ប្រជា​ជន​នេះ ធ្វើឡើង​ដោយ​មាន​ការ​សហកា​រ​ជាមួ​យ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ មន្ទីរ​សុខាភិ​បាល​ខេត្ត និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​។​

​លោក​លេង ផា​លី ប្រធាន​ប្រតិ​បត្តិ​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ហ៊ុន ម៉ា​នី និង​ជា​រដ្ឋ​លេខាធិ​ការ​ក្រសួង​ផែន​ការ​បាន​ឱ្យដឹ​ង​ថា នា​ថ្ងៃទី​៧ ​ខែឧសភា​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចំនួន​៥២២នាក់ ​បាន​ចុះ​ទៅពិនិត្យ​ព្យា​បាល​ប្រជាជន​ចំនួន​ ៧ ៨៧៩​នាក់ នៅ​ក្នុង​វត្ត​ទួល​ស្គរ ភូមិ​ថ្នល់​ដាច់ ឃុំ​ព្រះ​ខែ ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ​។


​លោក​លេង ផា​លី បាន​សរសេរ​លើហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា ជាមួយ​គ្នា​នោះ​ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ព្យាបា​ល​ជំងឺ​កុមារ​ចំនួន​៦៨​នាក់ ជំងឺ​ស្ដ្រី៨៥​​នាក់ ជំងឺ​ផ្លូវចិ​ត្ត១២៦​នាក់​ ជំងឺ​ឫស​ដូង​បាត​២១៨​នាក់ ជំងឺ​សន្លាក់​ឆ្អឹ​ង៣៤៧នាក់​ ជំងឺ​ផ្លូវដង្ហើម៨២៨​នាក់ ជំងឺ​ទឹក​នោមផ្អែម​ និង​លើស​ឈាម​ចំនួន​២៤៨​នាក់​។

​ក្រុម​គ្រូពេទ្យ​ក៏បាន​ពិនិត្យ​អេកូ​សាស្ត្រ​ដល់​ស្ដ្រី​ចំនួន​៧៤​នាក់ វាស់​និង​ពិគ្រោះ​ជំងឺ​បេះដូង​ចំនួន​៦៧​នាក់​ ពិនិត្យ​ព្យា​បាល​ត្រចៀក ច្រមុះ បំពង់​ក​ ដល់​ប្រជា​ជន ២៩៩​នាក់ វះ​កាត់​តូច​១៩​នាក់ វិភាគឈាម​៣៤៨​​នាក់ ជំងឺ​ទូទៅ​៣៦៤៩​នា​ក់ ពិនិត្យ​ព្យា​បាល​ផ្នែក​ប្រព័ន្ធ​ប្រសាទ​និង​បំបាត់​ការ​ឈឺ​ចុកចាប់​៤៥០​នាក់ បណ្ដុះ​បណ្ដាល​វគ្គ​សង្គ្រោះ​បឋម​២៣០​នាក់ ពិនិត្យ​ជំងឺ​ភ្នែក​៤៧២​នាក់ និង​ពិនិត្យ​សុខ​ភាព​មាត់​ធ្មេញ​ដល់​ប្រជា​ជន​ចំនួន​៣៥១​នាក់​។​


​ក្រៅពី​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ដល់​ប្រជា​ជន ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ហ៊ុន ម៉ា​នី ក៏បាន​ចែក​ឱសថ​ដល់​ប្រជា​ជន​ផង​ដែរ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក លេង ផា​លី​។​

​លោក​លេង ផា​លី បាន​បញ្ជាក់​ថា​៖«​ការចុះពិ​និត្យ​និង​ព្យាបា​ល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ និង​យុទ្ធនា​​ការចាក់​វ៉ាក់​សាំង​បង្ការ​កូ​វីដ​១៩ក្នុ​ង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ជាមួយ​រាជរដ្ឋាភិ​បាល​ជា​ស្មារតី​មនុស្ស​ធម៌​សុទ្ធ​សាធ​ដែល​ស្តែង​ចេញ​ពីសេចក្តី​ស្រឡាញ់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុងនាម​ជា​ឈាម​ជ័រ​ខ្មែរ​ដូច​គ្នា ខ្មែ​រ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួប​រួម​គ្នា​តែ​មួយ​អនា​គត​តែ​មួយ​»​។​

​លោក​បន្ត​ថា៖«​ពោលគឺ​ការព្យា​បាល​មិន​ប្រកាន់​បក្ខ​ពួក សាសនា ឬ​និន្នាការ​នយោ​បាយ​ណា​មួយ​ឡើយ ​សំដៅ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ និង​បង្កើន​ភាព​សុ​ខដុមរ​មនា​ក្នុង​សហគមន៍ ​តាម​រយៈ​ការ​ផ្ដល់​សេវា​សុខ​ភាព​សាធា​រណៈ​ដោយ​ឥត​គិត​ថ្លៃ​»​។​

​ទាក់ទ​ង​នឹង​ការ​ចុះពិនិត្យ​និង​ព្យាបា​ល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​នេះ​ លោក ​វ៉ី សំណាង អភិ​បាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​នៅ​ថ្ងៃទី​៨ ខែឧសភា ថា នេះ​ជា​សកម្ម​ភាព​ដ៏​ប្រសើរ​មួយ​ដែល​មាន​ក្រុមគ្រូពេ​ទ្យ​ស្ម័គ្រចិត្ត​ចុះទៅ​ព្យា​បាល​ជំងឺ​ជូន​ប្រជាជន ពីព្រោះ​ពួកគេ​​នៅ​ទីនោះ​ពេលខ្លះ​ហាក់​ដូច​មិនសូវ​យក​ចិត្ត​ដាក់​ទុក​ដាក់​លើ​ការ​ពិនិត្យ​សុខ​ភាព​ផ្ទាល់​ខ្លួន​ទេ ​ទោះ​បីជា​សេវា​ឥត​គិត​ថ្លៃ​ក៏ដោយ​។​

​លោក​ថ្លែ​ងថា​៖ «​នៅ​ពេលដែ​ល​មានការ​ទៅ​ព្យា​បាល​បន្ថែម​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ដូច​នេះ ខ្ញុំ​ថា​នេះ​ជា​សេវា​បន្ថែម​មួយ​ទៀត​ដែល​ជា​ការគិត​គូរ​ពី​សុខ​ភាព​សាធារ​ណៈ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​លើ​អ្វីដែល​រដ្ឋ​យើង​មាន​ស្រាប់​»​។​

​សូម​ជម្រាប​ដែរ​ថា បើតាម​លោក លេ​ង ផា​លី ក្នុង​រយៈ​ពេល​១១​ឆ្នាំ (២​ធ្នូ​ ឆ្នាំ​២០១២ ​ដល់​៧​ ឧសភា ​ឆ្នាំ​២០២៣)ក្រោ​ម​ការដឹក​នាំ​ដោយ​ផ្ទាល់​និង​ការ​ចង្អុល​បង្ហាញ​ជា​ប្រចាំ​របស់​លោក ហ៊ុន​ ម៉ា​នី​ ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ហ៊ុន​ ម៉ា​នី ​បាន​ចូល​រួម​អប់រំ​ផ្សព្វ​ផ្សាយ​ចាក់​វ៉ាក់​សាំង​បង្កា​កូ​វីដ​១៩​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ សង្គ្រោះ​បឋម​ យក​សំណាក​រកវីរុស​កូ​វីដ​១៩​ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ក្នុង​២៥​រាជ​ធានី​-ខេត្ត​បាន​ចំនួន​ ១​ ០១១​លើក​។​

​លោក​បន្ត​ថា ព្យា​បាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​១១​ ៧០៨​ ៥២៤​នាក់​ ដោយ​គិត​ត្រឹម​ថ្ងៃទី​៧​ ខែឧសភា​ ឆ្នាំ​២០២៣​ បាន​ចំនួន​២​ភាគ​៣​នៃ​ប្រជា​ជន​សរុប​ទូទាំង​ប្រទេស​ដែល​មាន​ចំនួន​ជាង​១៧​លាន​នាក់ ​ដែល​ទទួល​បាន​កា​រពិនិត្យ​ព្យា​បាល​ និង​ចែក​ថ្នាំ​ជូន​ដោយ​ឥតគិ​តថ្លៃ​ពី​ក្រុម​ការងារគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នេះ​។​

​ជា​មួយគ្នា​នេះដែ​រ ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ហ៊ុន​ ម៉ា​នី ​ចំនួន​៤ ៦០១​នាក់​បាននិង​កំពុង​ចុះ​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ប្រទេស​ដោយ​ឥតគិតថ្លៃ​​និង​ឥត​គិត​ថវិកា​បេសកក​ម្ម​។​បើ​គិត​សេវា​ជា​មធ្យម​ប្រជា​ពលរដ្ឋ​ក្នុង​ម្នាក់​ចំណាយ​អស់​៥០​ដុល្លារ​សរុប​ត្រូវ​ចំណាយ​ទាំង​អស់​ប្រហែល​ជាង​៥៨៥​លាន​ដុល្លារ​អាមេ​រិក​៕