ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិកាន់តែពេញលេញចាប់ពីពេលនេះតទៅ ដើម្បីរួមគ្នាពង្រឹងប្រសិទ្ធភាពក្នុងការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងៗ ពិសេសនោះអាចកាត់បន្ថយបានទាំងថវិកា និងពេលវេលាផងដែរ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងពីការរំពឹងទុកនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិដល់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀត ដែលធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី៩ និង១០ ខែឧសភា ដោយមានការចូលរួមពីសិក្ខាកាមប្រមាណ ១៥០នាក់។
លោកស្រីឱ វណ្ណឌីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញនិងលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ធ្វើទំនើបកម្មឌីជីថល ស្របតាមផែនការយុទ្ធសាស្រ្ត និងគោលនយោយបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ហេតុនេះ ក្រសួងសុខាភិបាល បានចាប់ផ្តើមចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិចាប់តាំងពីឆ្នាំ២០១៩ និងបានកែសម្រួលលើប្រព័ន្ធនេះជាបន្តបន្ទាប់។ នេះបើយោងតាមក្រសួងសុខាភិបាល។
លោកស្រីឱ វណ្ណឌីន បានថ្លែងថា៖«វគ្គបណ្តុះបណ្តាលនេះ ពិតជាផ្ដល់សារៈសំខាន់ខ្លាំងក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តការងារពាក់ព័ន្ធការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងៗទៀតតាមប្រព័ន្ធបញ្ជរតែមួយជាតិនេះឱ្យបានកាន់តែពេញលេញល្អប្រសើរឡើង»។
លោកស្រីបានបន្ថែមថាការស្នើសុំនាំចូលនាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ អាចផ្តល់សេវាជូនបានឆាប់រហ័ស បង្កលក្ខណៈងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស (HardCopy) ដែលអាចកាត់បន្ថយបានទាំងថវិកា និងពេលវេលាផងដែរ។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានធ្វើការណែនាំដល់ម្ចាស់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាង ដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវចូលរួមអនុវត្តឱ្យបានពេញលេញ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការនាំចូល នាំចេញឱសថធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។
ក្រសួងបានបញ្ជាក់ថា៖«ប្រព័ន្ធបញ្ជរតែមួយជាតិមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀតក្នុងទម្រង់អេឡិចត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល»។
ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា លោកទ្បី សុភាព បានគាំទ្រ និងស្វាគមន៍ចំពោះការណែនាំរបស់ក្រសួង។ លោកបានចាត់ទុកថា វានឹងធ្វើឱ្យមានភាពងាយស្រួលក្នុងគ្រប់គ្រងឱសថ គ្រឿងសម្អាង និងការផលិត និងមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ព្រោះបានត្រួតពិនិត្យត្រឹមត្រូវ ពីមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល។
នាដើមខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងប្រព័ន្ធបញ្ជរតែមួយជាតិបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកទី៣ ដើម្បីពិនិត្យអំពី «វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និងការប្រកាសចាប់ផ្តើមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣»ផងដែរ៕