ភ្នំពេញៈ កម្ពុជា​ស្នើ​វៀត​ណាម​ឱ្យ​ជួយ​សម្រួល​ដល់​ការ​អូស​ចរ​ន្តអគ្គិ​សនី​ក្រោម​បាត​សមុទ្រ​ ដើម្បី​កម្ពុជា​អាច​លក់​ថាម​ពល​អគ្គិ​សនី​ឱ្យ​សិង្ហ​បុរី​បាន ស្រប​តាម​កិច្ចព្រម​ព្រៀង​លក់ និង​នាំចេ​ញ​ថាមព​ល​អគ្គិស​នី​កកើត​ឡើង​វិញ ១​ ពាន់​មេហ្គា​វ៉ា​ត់ រវាង​ក្រុម​ហ៊ុន​កម្ពុជា​និង​សិង្ហ​បុរី​កាលពី​ខែមី​នា កន្លង​ទៅ​។​


​ការស្នើ​នេះ​ធ្វើ​ឡើង​តាម​រយៈ ជំនួប​ពិភាក្សា​ទ្វេ​ភាគី​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន និង​លោក​ផាម​ មិញ​ជិ​ញ (Pham Minh Chinh) នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម នៅ​រសៀល​ថ្ងៃទី​៩ ​ខែឧសភា ឆ្នាំ​២០២៣ ​នៅ​ទីក្រុង​ឡា​ប៊ូ​ន​បា​ចូ ប្រទេស​ឥណ្ឌូនេស៊ី​ អំឡុង​ថ្នាក់ដឹក​នាំ​នៃ​ប្រទេស​ទាំង​២ ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ា​ន​លើក​ទី​៤២ ដែល​ឥណ្ឌូ​នេស៊ី​ជា​ប្រធាន​អា​ស៊ាន​ឆ្នាំ​២០២៣​នេះ​។​

​យោង​តាម​ប្រភព​ពី​គេហ​ទំព័រ​ផ្លូវការ​របស់​លោក​ហ៊ុន ​សែន បាន​ប្រាប់​មេដឹកនាំ​​វៀត​ណាម​​ពី​បំណង​ដែល ​កម្ពុជា​ចង់​ទិញ​យក​ថាមព​ល​អគ្គិ​សនី​ពី​ប្រទេស​ឡាវ ​ចេញ​មក​កម្ពុជា ​ហើយ​បន្ត​លក់​ឱ្យ​ទៅ​ប្រទេស​សិង្ហ​បុរី ដែល​ត្រូវការ​កិច្ច​សហ​ការ​ពី​ប្រទេស​វៀត​ណាម​ ព្រោះ​ខ្សែ​ចរន្ត​អូស​អគ្គិ​សនី​ត្រូវ​ឆ្លង​កាត់​ភូមិ​សាស្ត្រ​ទឹកដី​វៀត​ណា​ម​។​


​លោក​ហ៊ុន ​សែន ​បញ្ជាក់​ថា​៖ «​ដើម្បី​ទទួល​បាន​កិច្ចកា​រងារ​ជោ​គជ័យ​ក្នុងការ​អូស​ខ្សែ​បញ្ជូន​ក្រោម​បាត​សមុទ្រ​នោះ ក៏​ត្រូវ​ការ​ភូមិ​សា​ស្ត្រ​ទឹកដី​របស់​វៀត​ណាម​ខាង​ត្បូង​តំបន់​កា​ម៉ៅ ប​ន្ត​ឆ្ពោះទៅ​ប្រទេស​ម៉ាឡេស៊ី​ និង​បន្ត​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​»​។​

​ប្រមុខ​​រដ្ឋាភិបា​ល​កម្ពុ​ជា​បាន​ស្នើ​នាយ​ករដ្ឋមន្ត្រី​វៀត​ណាម​ឱ្យ​ជួយ​សម្រ​បស​ម្រួល​ដល់​កិច្ចការ​អូស​ចរ​ន្តអគ្គិ​សនី​ក្រោម​បាត​សមុទ្រ​ឆ្លង​កាត់​ទឹកដី​វៀតណា​ម​នេះ ខ​ណៈក​ម្ពុជា​​បានរៀ​បចំ​ឯកសារ​ពាក់​ព័ន្ធ​នានា​ទៅកា​ន់​ស្ថា​ប័ន​វៀត​ណាម​រួចរា​ល់​ហើយ​ដែរ​។​


​ជាការ​ឆ្លើយ​តប លោក​ផាម មិ​ញ​ជិ​ញ ប​ញ្ជាក់ថា​ លោក​បានទ​ទួល​ព័ត៌មា​ន​នេះហើយ ​ហើយ​លោក​នឹង​បញ្ជូន​ព័ត៌​មាន​នេះ​ទៅ​ដល់​ក្រុម​ការ​ងារ​ជំនាញ​ដើម្បី​ត្រួត​ពិនិត្យ​លើ​កិច្ច​ការ​នេះ​។

​ក្រៅពី​នេះ លោក​ផាម​ មិញ​ជិ​ញ ក៏បាន​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណា​ម​ខាង​មុខ​ផង​ដែរ​។

​គួរ​បញ្ជាក់​ថា​ កាលពី​ពាក់ក​ណ្តាល​ខែមីនា​កន្លង​ទៅ ​ក្រុមហ៊ុ​ន Royal​ Group Power Co.,Ltd របស់​លោក​គិត ម៉េង​ បាន​ចុះហ​ត្ថលេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​លក់ និង​នាំចេញ​ថាម​ពល​អគ្គិសនី​កកើត​ឡើង​វិញ​ដល់​ក្រុម​ហ៊ុន​សិង្ហ​បុរី Kappel Energy Pte Ltd ដែល​ធ្វើ​ឡើង​តាម​រយៈ​បណ្ដាញ​ខ្សែកា​ប​ក្រោម​បាតស​មុទ្រ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សិង្ហ​បុរី​។​

​លោក​ស៊ុយ​សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ និង​ថាម​ពល ដែល​មាន​វត្តមាន​ក្នុង​ពិធី​នោះ​បាន​លើក​ឡើងថា​ កិច្ចស​ហប្រតិប​ត្តិការ​ទិញ​លក់​ថាម​ពល​អគ្គិ​ស​នី​រវាង​ក្រុម​ហ៊ុន​ទាំង​២ជា​ផ្នែក​មួយ ​ក្រោម​ក្រប​ខ័ណ្ឌ​នៃ​អនុស្សរ​ណៈ​យោគ​យល់ «​ស្ដីពី​កិច្ច​សហ​ប្រតិ​បត្តិការ​ថា​ម​ពល​កម្ពុជា​-​សិង្ហ​បុរី​»ដែលជា​​គម្រោង​គាំទ្រ​ដល់​ការធ្វើ​ពាណិជ្ជ​កម្ម​ថាម​ពល​និង​សមា​ហរ​ណកម្ម​លើ​វិស័យ​ថាម​ពល​អគ្គិ​សនី ស្រប​តាម​ផែន​ការ​មេ​ត​ភ្ជាប់​សហ​គមន៍​អាស៊ាន​ឆ្នាំ​២០២៥​។​

​ពាក់ព័ន្ធ​​នឹង​បញ្ហា​នេះ ​លោក​គី​ សិរី​វឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុ​ជា បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែ​ឧសភា​ថា កិច្ច​សហ​ប្រតិ​បត្តិកា​រ​ផ្នែក​ទិញ​-​លក់​ថាម​ពល​អគ្គិ​សនី​រវាង​សិង្ហ​បុរី​និង​កម្ពុជា​នេះមា​ន​លក្ខណ​ពិសេស​មួយ​ដែល​ជួយ​បង្កើន​ចំណូល​ថវិកា​ជាតិ ​ពិសេស​សម្រាប់​ចំណូល​រដ្ឋ​ ហើយ​អាច​ជួយ​ឱ្យ​កម្ពុជា​បន្ស៊ាំ​ខ្លួន​ទៅនឹ​ង​ការប​ង្កើន​ការប្រើ​ប្រាស់​ថាមព​ល​កកើត​ឡើង​វិញ​ដែល​ជា​និន្នាកា​រ​សកល​​។​

​លោក​បាន​បញ្ជាក់ថា​​៖ «​បើ​យើង​លក់​ថាមព​ល​នេះ​បានជា​ថាមពល​​ស្អាត​​(clean energy) កេរ្តិ៍​ឈ្មោះ​កម្ពុជា​នៅក្នុង​អង្គការ​សហ​ប្រជាជា​តិ​កាន់​តែ​ល្អ​គឺ​ការបង្កើ​ត​ថាមពល​ស្អាត ហើយ​កម្ពុជា​ក៏​ទទួល​បាន​ផលប្រ​យោជន៍​​ជាច្រើ​ន​ពី​នោះដែរ​ គឺ​ក្រៅពី​​លក់​ឱ្យ​សិង្ហ​បុរី យើង​ក៏​នៅស​ល់​ចំណែក​ប្រើប្រាស់​ដែរ​»​។​

​លោក​សង្កត់ធ្ងន់​ថា ​កិច្ច​វិនិយោ​គ​នេះ​អាច​ទទួល​បាន​ផលប្រ​យោជន៍​ធំធេង​ដល់​ភាគី​ទាំង​សង​ខាង​ ដោយ​ខាង​កម្ពុជា​ខ្លួនឯ​ង​ពិបាក​មានល​ទ្ធភា​ព​យក​ថវិកា​ខ្លួន​ទៅ​សាងស​ង់​រោងចក្រ​អគ្គិសនី​ដ៏​ធំ​បែប​នេះ ហើយ​ចំណែក​សិង្ហ​បុរី​ក៏​គ្មាន​ទឹកដី​និង​ដែនស​មុទ្រ​ធំធេ​ង និង​ទីធ្លា​ដី​សម្រាប់​បម្រើ​ដល់​ហេដ្ឋារ​ច​នាសម្ព័ន្ធ​រោងចក្រ​អគ្គិសនី​សូ​ឡា​លើ​លម្ហ​សមុទ្រ​ដូច​គ្នានេះ​ដែរ​។​

​សម្រាប់​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យស​ភាក​ម្ពុជា​វិញ វិញ​ក៏បាន​ឱ្យដឹង​ដែរ​ថា ​កិច្ច​ព្រម​ព្រៀង​ថាម​ពល​អគ្គិ​សនី​រវាង​កម្ពុជា​និង​សិង្ហ​បុរី​នេះ​បាន​បង្ហាញ​ពី​ចំណង​កិច្ចស​ហប្រ​តិ​បត្តិការ​ល្អ​ចំពោះ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ា​ន ពីលើ​ទិដ្ឋភាព​ប្រយោជន៍​សេដ្ឋកិ​ច្ច​ដែល​កម្ពុជា​ទិញ​ថាមព​ល​ពី​ឡាវ​ ហើយ​ប​ន្ត​លក់​​ឱ្យ​សិង្ហ​បុរី ហើយ​ត្រូវមា​ន​កិច្ចស​ហកា​រ​ជាមួយ​វៀត​ណាម និង​ម៉ាឡេស៊ី​​។​

​សូ​មជ​ម្រា​បថា ​តា​មរយៈ​គម្រោង​លក់​ថាមពល​អគ្គិសនី​ដល់​សិង្ហ​បុរី​នេះកម្ពុជា​នឹងធ្វើ​ការ​នាំចេ​ញ​ថាម​ពល​អគ្គិសនី​កកើត​ឡើង​​វិញ​ចំនួន១​ពាន់​មេ​ហ្គា​វ៉ា​ត់ តាមរ​យៈ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ក្រោម​បាត​ស​មុទ្រ ​ទៅកាន់​សិង្ហ​បុរី ដែល​នេះ​ជា​ជំហាន​ដំបូង ក្រុ​មហ៊ុន​វិនិ​យោគ​ទាំង​២ Royal Group Power Co.,Ltd និង Kappel Energy Pte Ltd នឹងធ្វើ​​ការសិ​ក្សា​លើ​ការត​ភ្ជាប់​បណ្ដាញ​​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ដែល​បាន​ចាប់​ផ្តើម​ពី​ខែមីនា​ ដល់​ដំណាច់​ឆ្នាំ​២០២៣ ​ដែល​ទទួល​បាន​ការឯ​កភា​ព​ពី​រដ្ឋាភិ​បាល​នៃ​ប្រទេស​​ទាំង​២៕