​ភ្នំពេញៈ លោក ​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​​នីតិសម្បទា​ជំរុញ​ដល់​តួអង្គ​អ្នក​អនុវត្តន៍​កម្មវិធី​ជំនួយ​សង្គម​ឱ្យ​អប់រំ​ណែនាំ​ផ្សព្វ​ផ្សាយ​ដល់​ពលរដ្ឋ​ដែល​ទទួលបាន​សេវា​ជំនួយ​សង្គម​ឱ្យប្រើ​ប្រាស់​ថវិកា​ដែល​ទទួលបាន​ឱ្យមាន​ប្រសិទ្ធភាព បើ​មិន​ដូច្នោះ​ទេ ទោះជា​រដ្ឋ​ផ្តល់ជំនួយ​ច្រើន​ប៉ុនណា ក៏​មិនអាច​ចេញ​ផុតពី​បន្ទាត់​ក្រីក្រ​បានដែរ ខណៈ​ជិត​៤​ឆ្នាំ​មកនេះ​រដ្ឋាភិបាល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ប្រមាណ​ជាង ១ ០០០​ លាន​ដុល្លារ​។


​លោក ​វង សូត្រ បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​នៃ​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ប្រចាំឆ្នាំ​ ២០២២ និង​ទិសដៅ ឆ្នាំ ២០២៣ ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​នៅ​ព្រឹក​ថ្ងៃទី​ ១០ ខែឧសភា​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​អាយុ​ច្រើន​ដែរ​ហើយ ប៉ុន្តែ​អត់​ដែល​ឃើញ​របប​ណា រាជរដ្ឋាភិបាល​បើក​លុយ​អ្នកក្រ អ៊ីចឹង​ទេ ធ្លាប់​ដឹង​តែ​គេ​បើក​លុយ​ឱ្យ​អ្នករាជការ អ្នកធ្វើ​ការឱ្យ​រដ្ឋ តែ​នេះ​មិនមែន​ទេ​ណា មនុស្ស​ ៤-៥​ លាន​លាន​នាក់​ជាង​ ១ លាន​គ្រួសារ អ្នក​ទាំងនោះ​មាន​ធ្វើការ​រដ្ឋ​ឯណា​ផ្ទុយទៅវិញ​រង​ផលប៉ះពាល់​ទាំង​អស់​គ្នា​ទេ តែ​រដ្ឋ​បេះ​ពី​មាត់​បេះ​ពី​ក​លុយកាក់​ដែល​ខំ​បាន​សន្សំ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​»​។


​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ជួយឧបត្ថម្ភ​ដល់​ប្រ​ជា​ពលរដ្ឋ​ក្រីក្រ ងាយ​រង​ហានិភ័យ និង​ងាយ​រងគ្រោះ ដែល​ជំនួយ​នោះ​មិន​មែន​សុទ្ធតែ​ផ្តល់ជូន​ជា​រៀងរហូត​នោះ​ទេ​។ លោក​ថា ការផ្តល់​ជំនួយ​នេះ គោល​​បំណង​សំខាន់​ទី១ ដើម្បី​ពលរដ្ឋ​អាច​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ដែល​ពួកគាត់​កំពុង​ជួប​ការលំបាក ទី​២ បង្កលក្ខណៈ​ឱ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ដើមទុន ដើម្បី​អភិវឌ្ឍ​ខ្លួន​រៀបចំ​ដំណើរ​ឱ្យបាន​ចាក​​ចេញពី​ភាពក្រីក្រ​។

​លោក​ ឈួ​រ សុ​បញ្ញា រដ្ឋលេខាធិការ និង​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ថ្លែងឱ្យដឹងថា ក្នុង​កម្មវិធី​ជំនួយ​សង្គម​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​រួមមាន ទី​១ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២​ ឆ្នាំ​បាន​អនុវត្ត​ចាប់ពី​ខែមិថុនា ឆ្នាំ ​២០១៩ មកទល់​បច្ចុប្បន្ន មាន​រយៈពេល ៣ ​ឆ្នាំ ៩ ​ខែ មាន​អ្នកទទួលផល​សរុប​ចំនួន​ ៣១៤ ០៣២ ​នាក់ បាន​ផ្តល់ប្រាក់​ឧបត្ថម្ភ ២៣,៩៧​ លាន​ដុល្លារ ដែល​កម្ម​វិធី​នេះ​នៅ​កំពុង​អនុវត្ត​បន្ត​។


​ទី​២ ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​កូ​វីដ​ ១៩ ដែល​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមិថុនា ឆ្នាំ ២០២០ ​គិត​មកទល់​បច្ចុប្បន្ន មាន​រយៈ​ពេល​ ២​ ឆ្នាំ ៩​ ខែ ដែលមាន​គ្រួសារ​ទទួល​ផល​ជា​មធ្យម​មាន​ចំនួន​ជាង​ ៧៥​ ម៉ឺន​គ្រួសារ មាន​សមាជិក​គិត​ជា​មធ្យម​ ៣​ លាន​នាក់ ដែល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​សរុប​ជាង ១ ០០០​ លាន​ដុល្លារ ហើយ​កម្មវិធី​នេះ​ក៏​កំពុង​បន្ត​អនុវត្ត​នៅ​ជុំ​ទី ​១៤ ​លើក​ទី​ ១ ​ផងដែរ​។​

​ចំណែក ទី​៣ កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ទឹកជំនន់​ដែល​កម្មវិធី​នេះ​ឧបត្ថម្ភ​ជូន​រយៈពេល​៣​លើក ស្មើនឹង​ ៣ ​ខែ​ជាប់​គ្នា ដែល​លើក​ទី​១ នៅ​ថ្ងៃទី ​១០ ខែធ្នូ ឆ្នាំ ​២០២២ លើក​ទី​២ នៅ​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២៣ និង​លើក​ទី៣ ថ្ងៃទី​ ១០ ​ខែកុម្ភៈ ឆ្នាំ​ ២០២៣ ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​រាជ​ធានី​-​ខេត្ត​ ១៦ នៅក្នុង​ភូមិសាស្ត្រ​រងគ្រោះ​ទឹកជំនន់​។

​ពលរដ្ឋ​ដែល​ទទួលផល​សរុប​មាន​ ៩៩ ១៦៩ ​គ្រួសារ មាន​សមាជិក​ជា​អ្នក​ទទួលផល​ចំនួន​ ៣៧២ ៨៥៩​ នាក់ និង​បានផ្តល់​ប្រាក់ឧបត្ថម្ភ​សរុប​ប្រមាណ ១១,៧០​ លាន​ដុល្លារ​ដែល​កម្មវិធី​នេះ​បាន​ចប់​តាំងពី​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំនេះ​។​

​ទី​៤​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ពេល​មាន​សម្ពាធ​អតិផរណា ដែល​កម្មវិធី​នេះ​រៀបចំ​ជា​ ៣​ ដំណាក់កាល ទី​១ បាន​ចាប់​បើក​ផ្តល់​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ ​២០២២ និង​ទី​២ ចាប់ផ្តើម​ការបើក​ផ្តល់ ថ្ងៃទី ​១០ ខែមេសា ឆ្នាំ​ ២០២៣ ដែល​ពលរដ្ឋ​សរុប​គិត​ទាំង​ ២ ​លើក​រហូត​មកទល់ពេលនេះ​មាន​ ៤៩៥ ៣១៤ ​គ្រួសារ មាន​សមាជិក​អ្នកទទួលផល​ ៣,៣៤​ លាន​នាក់ ដោយបាន​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ចំនួន​ ២៦,៣៦​ លាន​ដុល្លារ ហើយ​កម្មវិធី​នេះ​នឹង​បន្ត​ដំណាក់កាល​ទី​៣ ​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​ ១០ ខែកក្កដា ឆ្នាំ ​២០២៣​។

​ទី​៥​គម្រោង​គាំទ្រ​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ​ប្រកបដោយ​បរិ​យា​ប័ន្ន​ដែល​មកទល់ពេលនេះ​គម្រោង​បាន​គាំទ្រ និង​ជំរុញ​សមាជិកគ្រួសារ​ក្រីក្រ​ដែលជា​អ្នកទទួលផល​អនុវត្ត​កម្មវិធី​ឱ្យទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩​ យ៉ាងហោចណាស់​ ១​ ដូ​សមាន​ ២,៩៦​ លាន​នាក់​ស្មើនឹង ​៨៦​ ភាគរយ​ធៀប​នឹង​គ្រួសារ​ដែលមាន​បណ្ណសម​ធម៌ ក្នុងនោះ​មាន​ជនពិការ​ ១៣៥ ០៥៣ ​នាក់ ស្មើនឹង ៧៣ ​ភាគរយ​នៃ​ជន​មាន​ពិការភាព​ដែល​បានកំណត់​អត្តសញ្ញាណ​កម្ម​។

​លោកស្រី អឺ​ណា រី​បា ប្រធាន​ផ្នែក​គោ​លន​យោ​យ​បាយ​សង្គម គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ដើម្បី​កុមារ​នៃ​អង្គការ UNICEF ​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា កម្មវិធី​នៃ​ការផ្ទេរ​សាច់​ប្រាក់​បាន​ជួយ​រួមចំណែក​ក្នុងការ​បង្កើន​ចំនួន​អ្នក​ដែល​បានទទួល​ការគាំទ្រ ក្នុងនោះ​រួមមាន ប្រជាជន​កម្ពុជា​ទូទៅ​ក៏ដូចជា ក្រុម​ជន​ងាយ​រងគ្រោះ និង​កុមារ​កម្ពុជា​ផងដែរ​។

​លោកស្រី​បាន​ថ្លែងថា​៖ «​យើង​បាន​ប៉ាន់ប្រមាណ​ឃើញថា​ប្រជាជន​កម្ពុជា​ប្រហែលជា​ ៤ ​លាន​នាក់ រួមទាំង​កុមារ ស្ត្រី​មាន​ផ្ទៃពោះ និង​ជន​ចាស់ជរា​ផងដែរ គឺ​បានទទួល​ការគាំទ្រ​អំពី​កញ្ចប់​គាំពារ​សង្គម​របស់​យើង ហើយ​យើង​ឃើញថា នេះ​ជាការ​វិនិយោគ​ដ៏​ធំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជួយ​លើ​វិស័យ​សង្គម​ក្នុង​ការជួយ​ការពារ​អ្នកក្រីក្រ និង​ក្រុម​ងាយ​​រងគ្រោះ​»៕