ភ្នំពេញៈ​អនុប្រ​ធាន​ទី​១ អាជ្ញា​ធរ​មីន លោក​ទេសរដ្ឋ​មន្ត្រី លី ​ធុជ បាន​លើក​ឡើង​ថា ចក្រ​ភព​អង់​គ្លេស​ជា​ដៃគូ​ដែល​ស្ថិត​ស្ថេរ​ជា​មួយ​គ្នា ហើយ​កម្ពុជា​នៅតែ​ដឹងគុ​ណ​ចំពោះ​ការគាំទ្រ​របស់​ចក្រ​ភព​អង់​គ្លេសដែ​ល​បាន​ផ្តល់​ជំនួយ​មក​កម្ពុជា​ ដើម្បី​ជួយ​ដល់​វិស័យ​ជា​ច្រើន​ក្នុង​រ​យៈ​ពេល​ជាច្រើ​ន​ឆ្នាំ​កន្ល​ងមក​។​


​លោក​ លី ធុជ បាន​លើកឡើ​ង​ដូចនេះ​ក្នុងនា​ម​រាជរដ្ឋាភិ​បាល​កម្ពុជា​ដែល​បាន​ចូល​រួម​ជា​ភ្ញៀវកិត្តិ​យស​ក្នុង​ឱកាស​នៃ​ការ​អប​អរ​សាទរ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើ​ន​ព្រះជន្ម​និង​ព្រះ​រាជ​ពិធី​គ្រង​រាជ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ​Charles III នៃ​ចក្រភព​អង់​គ្លេសនិ​ង​អៀរ​ឡង់​ខាង​ជើង​កាលពី​ល្ងាច​ថ្ងៃទី​១០ ​ខែឧសភា ​ឆ្នាំ​២០២៣​។​

​លោក​បាន​លើក​ឡើង​នា​ឱកាស​នោះ​ថា៖«​ក្នុង​នាម​រាជ​រដ្ឋាភិ​បាលនិង​ប្រជាជ​ន​កម្ពុជា​ ខ្ញុំ​សូម​ថ្វាយ​ព្រះ​ពរ​យ៉ាង​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​ព្រះ​មហា​ក្សត្រ​ CharlesIII និង​ថ្វាយ​ព្រះព​រ​ចំពោះ​រាជ្យ​សម្បត្តិ​ដ៏​រុងរឿង ដែល​នឹង​ផ្តល់​ជូន​ប្រជា​ជន​នៃ​ចក្រភ​ព​អង់​គ្លេសនិង​អៀរ​ឡង់​ខាង​ជើងកាន់​តែមាន​សុភ​មង្គលនិង​វិបុលភា​ព​»​។​


​អនុប្រធាន​ទី​១ ​អាជ្ញាធ​រ​មីន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ថ្ងៃ​ដ៏​វិសេស​នេះ ​មិន​ត្រឹ​មតែ​ប្រារព្ធ​ពិធី​ឡើង​គ្រង​រាជ្យ​របស់​ព្រះ​មហា​ក្សត្រ​Charles III ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ភាព​ជា​ដៃគូ​ដែល​ស្ថិត​ស្ថេរ​រវាង​កម្ពុជា ​និង​ចក្រ​ភព​អង់​គ្លេស​។

​លោក​លី ​ធុជ បាន​សង្កត់​ធ្ងន់​ថា៖ «​កម្ពុជានៅតែ​ដឹង​គុណ​ចំពោះ​ការ​គាំទ្រ​របស់​ចក្រ​ភព​អង់​គ្លេសដែល​បាន​ផ្តល់​ជំនួយ​មក​កម្ពុ​ជា​ក្នុង​រ​យៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក ​ហើយ​កម្ពុជា​ទន្ទឹងរ​ង់ចាំ​បន្តធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ចក្រ​ភព​អង់​គ្លេសសម្រាប់​ឆ្នាំ​ខាង​មុខៗ​ទៀតដើម្បី​ទំនាក់​ទំនង​មិត្ត​ភាពនិង​កិច្ច​សហ​ប្រតិ​បត្តិការ​ជិត​ស្និទ្ធរវាង​ប្រទេស​ទាំង២ ​និង​ដើម្បី​សេចក្តីសុខ​ សេចក្តីច​ម្រើននៃ​ប្រជាជាតិ​ទាំង​២​»​។​


​សូម​រំឭក​ផង​ដែរ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ប្រទេស​កម្ពុជា និង​ចក្រភ​ព​អ​ង់គ្លេសបាន​អភិវឌ្ឍ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​គ្រប់​ជ្រុង​ជ្រោយ ​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រជា​ជន​ទាំង២​។​

​ក្នុង​នោះ​ដែរ ស្ថាន​ទូត​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា ​បាន​ជួយ​ក្នុងការ​សម្របស​ម្រួល​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជំរុញ​កិច្ច​សន្ទនា​រវាង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​នៃ​ប្រទេស​កម្ពុជា​និង​ចក្រ​ភព​អង់​គ្លេស​លើ​វិស័យ​ផ្សេងៗ​ដូច​ជា​ ពាណិជ្ជ​កម្ម កិ​ច្ចការ​បរទេស បរិស្ថា​ន និង​វិស័យ​ការ​ពា​រជាតិ ជាដើម​។ នេះ​ជាការ​ថ្លែង​បន្ថែម​ពី​លោក ​លី ធុជ​។​

​លោក​បាន​បន្ត​ថា៖«​យើង​ក៏​សូម​អរ​គុណ​ដល់​ចក្រភ​ព​អង់គ្លេ​ស​ចំពោះ​ការគាំទ្រ​និង​ជំនួយ​ដ៏​មាន​តម្លៃ​សម្រាប់​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជា​ច្រើន ​រួមទាំង​ការអប់​រំ សកម្ម​ភាព​បោសស​ម្អាត​មីន​ ពាណិជ្ជក​ម្ម សុខ​ភាព ប​រិស្ថាន​ ក៏ដូចជា​ការ​ប្រគល់​នូវ​មរតក​របស់​កម្ពុ​ជាម​ក​វិញ​កាលពី​ខែកុ​ម្ភៈ ឆ្នាំ​២០២៣​ ក្នុង​នោះ​គ្រឿង​អលង្ការ​មាស និង​លោហៈ​ដ៏​មាន​តម្លៃ​សរុប​ចំនួន​៧៧ដុំ​»​។​

​សូម​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ២០២៣ ព្រះ​អង្គម្ចាស់​ឆា​លស៍ ទី​៣ (Charles III) បាន​ឡើង​គ្រង​រាជសម្បត្តិ​នៅក្នុង​ពិធី​រាជា​ភិសេក​ធំ​បំផុត​របស់​ចក្រភព​អង់​គ្លេស​សម្រាប់​រយៈ​ពេល​៧​ទស​វត្សរ៍ និង​ជាកា​រ​បង្ហាញ​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​មាន​អាយុ​កាល​ជាង​១ ០០០​ឆ្នាំ​។​

​ព្រះ​អ​ង្គម្ចាស់ ឆា​លស៍ (Charles) បច្ចុប្បន្ន​មាន​ព្រះ​ជន្ម៧៣​វស្សាជា​ព្រះរាជ​បុត្រ​ច្បងបាន​ឡើង​សោយ​រាជ្យ​បន្ត​ជា​ព្រះ​មហា​ក្សត្រ​ចក្រ​ភព​អង់​គ្លេសប​ន្ទាប់ពី​ព្រះ​មាតាគឺ​ព្រះមហា​ក្សត្រី​អេ​លីហ្សា​ប៊ែ​តទី​២ (Elizabeth II) សោយ​ទិវង្គត​កាល​ពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​ព្រះ​ជន្ម​៩៦​ព្រះ​វស្សា​៕