ភ្នំពេញៈ បន្ទាប់ពី​បានចូលរួម​ក្នុងកម្មវិធី​ស្រូវ​ត្រយ៉ង​រួច​មក សមាជិក​ស្រូវ​ត្រយ៉ង​ចំនួន ៨២៧ នាក់ បានបញ្ឈប់​ការដុត​សំណល់​កញ្រ្ចាំង​ស្រូវ​នៅក្នុង​ស្រែ​របស់​ពួកគេ ដែលជា​ការរួមចំណែក​ក្នុងការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ។ នេះបើយោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំ​ខែមេសា​របស់ USAID មរតក​បៃតង​ដែលបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី១១ ខែឧសភា។


គម្រោងនេះ​បានលើក​ឡើង​ថា ការដុត​សំណល់​កញ្រ្ចាំង​ស្រូវ​បន្ទាប់ពី​ច្រូត​កាត់​រួច គឺជា​ការអនុវត្ត​ជាទូទៅ​សម្រាប់​កសិករ នៅទូទាំង​ប្រទេស​កម្ពុជា ដែលវា​បានរួមចំណែក​ដល់ការបំពុល​បរិយាកាស និង​ការបម្រែបម្រួល​អាកាសធាតុ​ក្នុង​ទម្រង់​នៃការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ នៅតាម​តំបន់​គោលដៅ​របស់ USAID មរតក​បៃតង ការអនុវត្ត​នេះ​ក៏អាច​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះព្រៃ​នៅ​ក្នុង និងជុំវិញ​តំបន់​ការពារ​ធម្មជាតិ ដែលបំផ្លាញ​ព្រៃ​ឈើ សម្លាប់​សត្វព្រៃ និងអាច​បំភាយ​ ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាងច្រើន​ទៅក្នុង​បរិយាកាស​ទៀតផង។

ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​បែប​នេះ​កុំឱ្យ​កើត​មាន​ឡើង អង្គការ​សន្សំ​ម្លប់ព្រៃ ដែលជា ដៃគូ​របស់ USAID មរតក​បៃតង បានរៀបចំ​សកម្មភាព​លើក​កម្ពស់​ការយល់ដឹង​ជាច្រើន អំពី​ផលប៉ះពាល់ និងផលវិបាក​ដែលបណ្ដាល​មកពី​ការដុត​សំណល់​កញ្រ្ចាំង​នេះ។ ជាការលើក​ទឹកចិត្ត​បន្ថែម កម្មវិធី​ស្រូវ​ត្រយ៉ង​ក៏បាន​តម្រូវ​ឱ្យ​កសិករ​ទាំងអស់​បញ្ឈប់​ការដុត សំណល់​កញ្រ្ចាំង​របស់​ពួកគេ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដែល​ផ្ដល់​បុព្វលាភ​លើស​ពី​ ៥០ % សម្រាប់​អង្ករ​សរីរាង្គ និងមានការ​ចូលរួម​ក្នុងការ​អភិរក្ស។


កសិករ​ក៏ត្រូវបាន​លើកទឹក​ចិត្ត ឱ្យប្រើ​បច្ចេកទេស​ផ្សេងទៀត ដើម្បី​ប្រើប្រាស់​សំណល់​កញ្រ្ចាំង​នៅក្នុង​ស្រែ​របស់​ពួកគេ​ឱ្យ មានប្រយោជន៍​វិញ​ដែល​រួមមាន ការភ្ជួរ​ដីស្រែ​ត្រលប់​ដើម្បី​កប់សំណល់​កញ្រ្ចាំង​ដែលអាច​ធ្វើឱ្យ​ដី​ស្រែ​របស់​ពួកគេ​មានគុណភាព​ប្រសើរឡើង​ផងដែរ។

ក្រុម​ការងារ​អង្គការ​សន្សំ​ម្លប់ព្រៃ​ក៏ធ្វើការ​ត្រួតពិនិត្យ​ក្រោយការ​ប្រមូល​ផល ជាផ្នែក​មួយ នៃប្រព័ន្ធ​ត្រួត​ពិនិត្យ (Internal Control System) របស់​កម្មវិធី​ស្រូវ​ត្រយ៉ង ពី​ខែមករា ដល់​ខែកុម្ភៈ ជារៀងរាល់​ឆ្នាំ ដើម្បី​ពិនិត្យ​មើលវាល​ស្រែ​របស់​កសិករ​ស្រូវ​ត្រយ៉ង និង ដើម្បី​ធានា​ថា​កសិករ​ទាំងអស់​អនុវត្ត​តាម​គោលការណ៍​របស់​កម្មវិធី​បាន​យ៉ាង​ត្រឹមត្រូវ។ នេះបើយោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំ​ខែ​ដដែល​នេះ៕