ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ​ឌិ​ត ទីណា និង​ថ្នាក់ដឹកនាំ​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ឆែក នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​ ១១ ខែឧសភា​នេះ​។


​ក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​បានលើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២ ដែល​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ជំនួញ​កសិកម្ម ដោយបាន​ស្នើ​ភាគី​ឆែក​ធ្វើការ​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​ខ្មែរ ដូចជា​ផលិតផល​វារីវប្បកម្ម និង​ផលិតផល​ផ្សេងទៀត​ដែលមាន​សក្តានុពល ទៅកាន់​ទីផ្សារ​ប្រទេស​ឆែក​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។​

​សម្រាប់​ការអភិវឌ្ឍ​ធនធាន លោក​រដ្ឋមន្ដ្រី​បានស្នើ​ឱ្យមាន​ការបញ្ជូន​គ្រូ​បណ្តុះបណ្តាល​មក​កម្ពុជា​ផ្ទាល់ ឬ​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍ វគ្គ​បណ្តុះបណ្តាល​ខ្លី ដើម្បី​ផ្តល់​និង​ពង្រឹងសមត្ថភាព​និង​ជំនាញ​ពិតប្រាកដ ក្នុងការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​។


​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា ក្រសួង​កំពុង​ត្រូវការ​ដៃគូ​វិនិយោគ​បន្ថែមទៀត​ក្នុងការ​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព​ស្បៀង​សកលលោក​។ ជា​គោលនយោបាយ ក្រសួង​ផ្តោត​អាទិភាព​លើ​ផលិតផល​កសិកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ និង​ជំរុញ​ការផលិត​ផលិតផល​ដែលមាន​គុណភាព និង​តម្លៃបន្ថែម​ខ្ពស់ មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​គិតគូរ​ដល់​និរន្តរភាព​បរិស្ថាន Eco-Friendly៕​