ភ្នំពេញៈ ​ធនាគារពិភពលោក ​(World Bank) នៅ​ថ្ងៃទី​ ១១ ខែឧសភា បានអនុម័ត​គម្រោង​គាំទ្រ​ដល់​ការកែលម្អ​ការ​គ្រប់​គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិ​កនៅ​កម្ពុជា ដែលមាន​តម្លៃ​ទឹកប្រាក់ ៦០​ លាន​ដុល្លារ​អា​មេ​រិ​ក​ខណៈ​សំណល់​រឹង និង​ប្លា​​ស្ទិ​ក បាន​កើន​បរិមាណ​ច្រើនសន្ធឹក​សន្ធាប់​។​


​គម្រោង​នេះ​ក៏បាន​បន្ថែម​នូវ​ទឹកប្រាក់ ​៣ ​លាន​ដុល្លារ​អាមេរិក​ទៀត​ជា​សហ​ហិរញ្ញ​ប្ប​ទាន​ពី​មូលនិធិ PROBLUE Trust Fund​។

World Bank បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នា​ថ្ងៃទី ​១១ ខែឧសភា​ថា ការរីកចម្រើន​នៃ​សេដ្ឋកិច្ច នគរូបនីយកម្ម និង​ទេសចរណ៍​ក្នុងអំឡុងពេល ប៉ុន្មាន​ឆ្នាំនេះ បាន​បណ្តាលឱ្យ​សំណល់​រឹង និង​សំណល់​ប្លា​ស្ទិ​ក កើន​បរិមាណ​ច្រើនសន្ធឹក​សន្ធាប់​ដែរ​នៅ​កម្ពុជា​។ ទន្ទឹមគ្នានេះ សេវា​ប្រមូល​សំរាម​នៅ​ស្ថិតក្នុង​អត្រា​ទាប​នៅឡើយ​រីឯ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ទ្រទ្រង់​ដល់​ប្រព្រឹត្តិ​កម្ម​និង​ចាក់ចោល​កាកសំណល់ ក៏​នៅ​ខ្វះខាត​។


​សេចក្តីប្រកាស​ព័ត៌មានបន្តថា ការ​បោះចោល​សំរាម និង​សំណល់​ប្លា​ស្ទិ​ក​នៅតាម​ដងផ្លូវ ផ្លូវទឹក ការ​រាយប៉ាយ​សំរាម​តាមផ្លូវ និង​ការដុត​សំរាម​នៅតែមាន​ជា​ហូរហែ​នៅឡើយ​។ កិច្ច​ខិត​ខំ​ក្នុងការ​គ្រប់គ្រង​សំណល់​នេះ​ក៏​នៅមានកម្រិត​ដែរ ដោយសារ​កង្វះ​បទ​ប្បញ្ញត្តិ និង​គោ​លន​យោ​បាយ​សម្រាប់​យកទៅអនុវត្ត​តាម​។

WB បាន​ដកស្រង់​សម្តី​លោ​ក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្សព្វ​​ផ្សាយ​ក្នុង​សេចក្តីប្រកាស​ព័​ត៌​មាន​នេះ​ថា​៖ «​រាជរដ្ឋាភិបាល កម្ពុជា​បានកំណត់​យក​ការកែ​លម្អ​ការគ្រប់គ្រង​សំរាម​សំណល់​រឹង និង​សំណល់​ប្លា​ស្ទិ​ក​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើងជា​កិច្ច​ការ​ដែលមាន​អាទិភាព​ខ្ពស់​នៅ ក្នុង​របៀបវារៈ​របស់​ថ្នាក់ជាតិដូច​មានចែង​ក្នុង​គោ​លន​យោ​បាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ២០២០-២០៣០»​។


WB បាន​ដកស្រង់​សម្តី​លោក ស ខេង ថា ការគាំទ្រ​ដល់​ការអនុវត្ត​អនុក្រឹត្យ​ស្តីពី ការគ្រប់គ្រង​សំរាម សំណល់​រឹង ទីប្រជុំជន ដើម្បី​បង្កើន​ប្រសិទ្ធ​​ភាព តម្លាភាព និង​គណនេយ្យ​ភាព​នៃ​ការគ្រប់គ្រង​សេវា​ប្រមូល​សំរាម និង​ការពារ​សុខភាព​សា​ធា​រណៈ​បរិស្ថាន និង​ទេសភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា គឺជា​កិច្ច​ការ​អាទិភាព​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​។​

​គម្រោង​កែលម្អ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​គាំទ្រ​ដល់​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​ពង្រឹងសមត្ថភាព​រប​ស់​ស្ថាប័ន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម ជាតិ​ក្នុងការ​គ្រប់គ្រង​សំរាម សំ​ណ​ល់ និង​សំណល់​ប្លា​ស្ទិ​ក​ជំរុញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ក្នុងការ​ប្រមូល​សំរាម​ឱ្យ​ខិតខំ​កែលម្អ​សេវា​របស់ខ្លួន​និង​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​បង់​ថ្លៃ​សេវា​មួយ​មានដំណើរ​ការល្អ​ជាង​មុន សម្រាប់​ទ្រទ្រង់​ដល់​ប្រតិបត្តិ​ការប្រមូល​សំរាម​មួយ​ដែលមាន​ចីរភាព​ផ្នែក​បរិស្ថាន​ហិរញ្ញវត្ថុ និង​សង្គម​ថែមទៀត​។

​គម្រោង​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​បញ្ចូល​នូវ​ការកំណត់​លក្ខណ​សម្បត្តិ​ចាំបាច់​សម្រាប់​ការចូល​រួម​របស់​ទីក្រុង និង​ទីប្រជុំជន​នានា​នៅក្នុង​គម្រោង និង​សម្រាប់​ធានា​ឱ្យបាន​ថា បណ្តា​ទីក្រុង​ដែល​ចូលរួម​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​នៃ​ការវិនិយោគ​របស់ខ្លួន​ឱ្យបាន​ទៀងទាត់​។​

​លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម (Maryam Salim)​ តំណាង WB ប្រចាំ​កម្ពុជា ថ្លែងថា ការកែ​​លម្អ​ការងារ​គ្រប់គ្រង​សំរាម​សំ​ណ​ល់​រឹង និង​សំណល់​ប្លា​ស្ទិ​ក គឺជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​កម្ពុជា រួមទាំង​តាមរយៈ​វិស័យ​ទេសចរណ៍​របស់ខ្លួន​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​បញ្ហា​សំរាម​ប្លា​ស្ទិ​ក​ក្នុង​ផ្ទៃ​សមុទ្រ​គ្មាន​ស្គាល់​ព្រំដែន​ទេ ដូច្នេះ​គម្រោង​នេះ​ក៏​នឹង​ជួយ​ដល់​ថ្នាក់ជាតិ​នៅក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​ក្នុង​ដែនសមុទ្រ​របស់ខ្លួន​ផងដែរ​»​។

​លោកស្រី បន្តថា​៖ «​លើសពីនេះ គម្រោង​នេះ​នឹង​ជួយ​ពង្រីក​សេវា​ប្រមូល​សំរាម​ឱ្យ​គ្រប​ដណ្តប់​តាម​ខ្នង​ផ្ទះ​កាន់តែច្រើន​និង​កាន់តែ​ទៀងទាត់​ហើយ​កាលណា​សមត្ថភាព​របស់​ទីលាន​ទុកដាក់​សំរាម​ការកែច្នៃ​សំរាម​និង​ការយក​សំរាម​ធ្វើ​កំ​ប៉ុ​សត្រូវ​បាន​កែលម្អ​ឱ្យ​កាន់តែ​ប្រសើរឡើង​វា​មុខជា​នឹង​នាំមក​នូវ​ផល​វិជ្ជមាន​ដល់​សុខភាព​សា​ធារ​ណៈ​បរិស្ថាន និង​ទេសចរណ៍ ជាមិនខាន​»​។ គម្រោង​នេះ​នឹង​អនុវត្ត​រួមគ្នា​ដោយ​ក្រសួង​មហា​​ផ្ទៃ​ក្រសួងបរិស្ថាន និង​ក្រសួង​សាធារណការ​៕