ភ្នំពេញៈ កូន​ពូជ​សុនខ​អ្នក​ប្រយុទ្ធប្រឆាំង​ជាមួយ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ពី​សង្គ្រាម​សម្បុក​ថ្មី​ចំនួន ១០ ក្បាល​ទើបតែ​បានកើត​នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​ឧសភា ឆ្នាំ ២០២៣ នេះ​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)។


CMAC បានឱ្យដឹងថា កូន​ពូជ​សុនខ​អ្នក​ប្រយុទ្ធប្រឆាំង​ជាមួយ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ពី​សង្គ្រាម​ដែល​ទើប​កើត​ថ្មី​ទាំងនោះ​រួមមាន​ញី ៣ ក្បាល និង​ឈ្មោល ៧ ក្បាល​។ មេ​របស់​ពួកវា​ឈ្មោះ Lory ហើយ​បា​របស់​វា​ឈ្មោះថា Khav ដែល​មេបា​នេះ​គឺជា​ពូជ​សុនខ មីឡាន័រ (Malinois) ដែលជា​ពូជ​ជំនាន់ទី ៣។

CMAC បាន​បន្ថែមថា កូន​សុនខ​ទាំងអស់នោះ​នឹងត្រូវ​បង្វឹក​ដោយ​អ្នកជំនាញ ហើយ​ត្រូវការ​ចំណាយ​ពេល​ហ្វឹកហ្វឺន​តាំងពី​កើតមក​រហូតដល់​អាយុ​បាន​ជាង ១ ឆ្នាំ​ទើប​អាច​មាន​លទ្ធភាព​ក្នុងការ​ប្រតិបត្តិការ​នៅ​ទីវាល​បាន។​


​លោក​ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក CMAC ក៏បាន​ប្រកាស​អបអរសាទរ​សុនខ​សម្បុក​ថ្មី​នេះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ផងដែរ។

​លោក​បាន​សរស​រថា​៖ «​អបអរសាទរ​មួយ​សម្បុក​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​ឧសភា ឆ្នាំ ២០២៣​។ កូន​ពូជ​សុនខ​អ្នក​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ១០ ក្បាល​។ កូន​សុនខ​សម្បុក​មុនៗ​បាន​ធំធាត់​ល្អ​គួរកត់​សម្គាល់​ដែរ»។​


​កាលពី​ខែមេសា​កន្លងមក កូន​សុនខ​ថ្មី​ចំនួន​មួយ​សម្បុក​មាន ១៣ ក្បាល​ក៏បាន​កើត​ផងដែរ៕​